ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នឹងបើក សាច់ប្រាក់ឧបត្ថម្ភ ដំណាក់កាលទី២ ជូនប្រជាពលរដ្ឋ រងគ្រោះ ដោយសារកូវីដ១៩ ចាប់ពី ថ្ងៃ ១៣ កក្កដា តទៅ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាប់ផ្តើមបើកផ្តល់ សាច់ប្រាក់ឧបត្ថម្ភ ក្នុងដំណាក់កាលទី២ ក្រោម “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១” សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលត្រូវបានកំណត់អត្តសញ្ញាណ ក្រោមការណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រុមប្រឹក្សាជាតិគាំពារសង្គម មានកិត្តិយស សូមជូនដំណឹងដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅ ដែលត្រូវបានកំណត់អត្តសញ្ញាណ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនឹងចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ក្នុងដំណាក់កាលទី២ ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅ ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ នៅទូទាំងប្រទេស ដែលទទួលបានការសម្ភាស និងការបញ្ជាក់ពីអាជ្ញាធរ ក្នុងដំណាក់កាលទី២ អញ្ជើញទៅបើកសាច់ប្រាក់នៅបញ្ជរវីងណាមួយដែលនៅជិតផ្ទះ ឬប្រើប្រាស់អ៊ែប (App) របស់ធនាគារវីង ក្នុងទូរសព្ទ និងសូមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្រោយការបិទខ្ទប់នេះ គូសរំលេចឱ្យឃើញជាថ្មីម្តងទៀត នូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ក្នុងការជួយកាត់បន្ថយការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដោយមិនឱ្យពលរដ្ឋស្លាប់ដោយអត់បាយ និងដោយគ្មានការយកចិត្តទុកដាក់នោះទេ។
សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបានប្រាក់ឧបត្ថម្ភនេះ សូមទំនាក់ទំនង ឃុំ សង្កាត់ ដែលនៅជិតផ្ទះបងប្អូន ឬក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈទូរសព្ទលេខ ០១៥ ២១៩ ៨៨៨ ៕

To Top