ព័ត៌មានជាតិ

ចិន បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសចិន បន្តខិតខំបង្កើនកម្លាំង កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយភាគី ប្រទេសកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ស្ថានទូតចិន ប្រចាំកម្ពុជា។

ក្នុងពិធីប្រគល់ និងទទួលសម្ភារទប់ស្កាត់ជំងឺវីរុសកូវីដ-១៩ ដែលជាអំណោយរបស់មូលនិធិ GX Foundation ហុងកុង ប្រទេសចិន ជូនចំពោះក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ លោក Wang Wentian បានថ្លែងថា «ភាគីចិនមានអារម្មណ៍ដូចគ្នា ចំពោះបច្ចុប្បន្នភាពនៃជំងឺវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បន្តខិតខំបង្កើនកម្លាំង កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺវីរុសជាមួយ ភាគីកម្ពុជា»។

លោក បន្ដថា រហូតមកដល់ពេលនេះភាគីចិន បានផ្តល់វ៉ាក់សាំងកូវីដជូនដល់ភាគីកម្ពុជា ចំនួន១១.៧លានដូស នឹងបន្តផ្តល់ជាវ៉ាក់សាំង បរិក្ខារវេជ្ជសាស្រ្ត និងសម្ភារគាំទ្រជាច្រើនទៀតជូនដល់កម្ពុជា ទៅតាមលទ្ធភាពដែលអាចធ្វើ បាន។ ក្រោមការដឹកនាំលោក Leung Chun-ying ប្រធានមូលនិធិ GX Foundation បានចូលរួមជួយដល់ប្រទេស កម្ពុជាយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មួយនេះ មិនត្រឹមតែរួមចំណែកថ្មីសម្រាប់ចំណងមិត្តភាពរវាង ចិននិង កម្ពុជាតែប៉ុណ្ណោះទេ ក៏ជាការអនុវត្តដ៏សំខាន់ ក្នុងការកសាងសហគមន៍សុខភាពសម្រាប់មនុស្សជាតិ ផងដែរ។

ដោយឡែក លោក Leung Chun-ying បានលើកឡើងថា ដើម្បីជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មូលនិធិ GX Foundation បានចាប់ផ្តើមពីដំណើរចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ បានចាត់ចែងកិច្ចការ ពិសេសនានា ប្រមូលសម្ភារទប់ស្កាត់ជំងឺវីរុសកូវីដ ដែលមានទម្ងន់ សរុប២០តោន ប្រគល់ជូនភាគីកម្ពុជាយ៉ាងឆាប់រហ័ស និងទាន់ពេលបំផុត ក្នុងនោះក៏មានម៉ាស៊ីនអុកស៊ីសែនចំនួន៣០០គ្រឿងផងដែរ។

លោក ជឿជាក់ថា ទាំងនេះនឹងជួយដល់កម្ពុជាបង្កើនសមត្ថភាព ក្នុងការតបទល់លើជំងឺកូវីដ-១៩ មួយនេះ ប្រកបដោយប្រសិទ្ធភាព។ មូលនិធិ GX Foundation ហុងកុង នឹងបន្តចូលរួមជាកម្លាំង ក្នុងការជំរុញចំណងមិត្តភាពរវាង ប្រជាជនទាំងពីរ យកចិត្តទុកដាក់និងគាំទ្រដល់វិស័យសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ឆ្លៀតឱកាសនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលចិន និងគ្រប់មជ្ឈដ្ឋាននៃសង្គមដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ផ្តល់ជាជំនួយក្នុងការប្រយុទ្ធប្រឆាំងជំងឺជំងឺនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ រួមបញ្ចូលទាំងការចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រមកកាន់ប្រទេសកម្ពុជា និងជំនួយសាងសង់មន្ទីរពិសោធន៍តេស្តរកជំងឺវីរុសកូវីដ-១៩ ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុជាដើម។

លោក សង្កត់ធ្ងន់ថា កម្ពុជានឹងប្រើសម្ភារទប់ស្កាត់ជំងឺវីរុសដែលជាអំណោយដ៏ថ្លៃថ្លារបស់មូលនិធិឲ្យបានល្អ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការទប់ទល់លើជំងឺវីរុស។

តបតាមសំណើររបស់ក្រសួងសុខាភិបាលកម្ពុជា មូលនិធិ GX Foundation ហុងកុង ប្រទេសចិន បានធ្វើការប្រមូលពីបណ្ដាភាគី និងបានប្រគល់សម្ភារៈទប់ស្កាត់ជាច្រើនជូនដល់ភាគីកម្ពុជា ក្នុងនោះ រួមមាន ម៉ាស៊ីនអុកស៊ីសែន៣០០គ្រឿង ,ម៉ាសវេជ្ជសាស្រ្ត១លានបន្ទះ ,អាវវេជ្ជសាស្រ្ត៣ម៉ឺនសម្រាប់ ,ស្រោមដៃវេជ្ជសាស្រ្ត១៦ម៉ឺន ,វែនតាការពារ១ម៉ឺន ,របាំងការពារ១ម៉ឺនជាដើម ដែលមានទឹកប្រាក់សរុបប្រហែល៥០ម៉ឺនដុល្លារអាមេរិក៕

To Top