ភ្នំពេញ ៖ លោក ឥន្ទ សុផល អ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែរបានលើកជាសំណួរថា តើមានកូនខ្មែរប៉ុន្មាន (%) យល់ដឹងពីប្រាសាទអង្គរ? កូនខ្មែរខ្លះមិនទាន់បាត់វង្វេងថា តើក្សត្រអង្គណាសាងសង់ប្រាសាទអង្គរ និងក្សត្រអង្គណាសាងសង់ប្រាសាទបាយ័នផង?។

ជាបន្តសូមទស្សនជន អាននូវខ្លឹមសារដែលលោក ឥន្ទ សុផល ស្រាវជ្រាវពីប្រវត្តិប្រាសាទខ្មែរ ជាពិសេសប្រាសាទអង្គរ ក្រោយមានការសង្ស័យថា ភាគីថៃបានចម្លងប្រាសាទយកតាមរចនាបថអង្គររបស់ខ្មែរ ៖

១.ខ្ញុំសូមកោតសរសើរចំពោះស្មារតីស្រឡាញ់ប្រាសាទបុរាណខ្មែរ ប៉ុន្តែត្រូវយល់ថាស្រឡាញ់វត្ថុអ្វីមួយ ត្រូវស្គាល់ពីគុណតម្លៃរបស់វត្ថុនោះ! ស្គាល់គុណ គឺគុណអ្នកសាងសង់ អ្នកធ្វើ! ស្គាល់តម្លៃគឺតម្លៃសម្រាប់ជាតិ!

២.នៅក្នុងសង្គមខ្មែរ ច្រើនកើតជម្ងឺតួឯក ក្សត្រដែលមានស្នាព្រះហស្តសាងសង់ប្រាសាទមានច្រើនអង្គណាស់ ប៉ុន្តែត្រូវបានលើកតែព្រះបាទជ័យវរ្ម័នទី៧មួយអង្គគត់! ប្រាសាទអង្គរល្បីល្បាញពេញពិភពលោក ដែលជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២ ប៉ុន្តែព្រះអង្គមិនត្រូវបានសង្គមខ្មែរលើកតម្កើងនោះទេ! ចុះបើលើកតម្កើងគ្រប់ព្រះមហាក្សត្រដែលបានបន្សល់ទុកស្នាព្រះហស្តទៅវាយ៉ាងម៉េច?
៣.ដោយសារយើងមិនស្គាល់ពីគុណតម្លៃប្រាសាទរបស់យើង ទើបធ្វើឱ្យយើងភ័យស្លន់ស្លោរ! តើប្រាសាទអង្គរមានលក្ខណៈអច្ឆរិយបែបណា? កុំថាឡើយមានគេសង់ដូច រហូតមកដល់ពេលនេះ មានអ្នកវិទ្យាសាស្ត្រ និងស្ថាបត្យករអន្តរជាតិល្បីៗជាច្រើនបានមកសិក្សាស្រាវជ្រាវ នៅពុំទាន់ដឹងថាតើបុព្វបុរសខ្មែរអាចកសាងប្រាសាទអង្គរបានដោយរបៀបណានោះទេ!

៣.១.បើយោងតាមក្រុមអភិរក្សបារាំងក្នុងទសវត្សរ៍១៩៦០បានបង្ហាញថា៖
“ប្រាសាទអង្គររាងបួនជ្រុងទ្រវែង មានបណ្តោយប្រវែង១.៥០០ម៉ែត្រ និងទទឹងប្រវែង១.៣០០ម៉ែត្រ រួមទាំងស្រះបោក្ខរណី មានទទឹងប្រវែង៨០០ម៉ែត្រ ដូច្នេះមានផ្ទៃដីសរុបចំនួន២០០ហិកតារ”។
៣.២.“ស្ថាបត្យករនិងអ្នកសាងសង់ប្រាសាទនេះ អាចសម្រេចបាននូវស្នាដៃសំណង់ក្នុងលក្ខណៈមួយគួរឱ្យស្ញប់ស្ញែងយ៉ាងខ្លាំង ព្រោះកម្រិតនៃភាពត្រឹមត្រូវ ក្នុងការកសាងមានកម្រិតខ្ពស់អស្ចារ្យណាស់ ដោយកំហុសក្នុងការសាងសង់ជញ្ជាំង ដែលមានបណ្តោយយ៉ាងវែង ហើយមានភាពល្អៀងពីបន្ទាត់កំណត់ទុកមិនដល់០,១%ផង ហើយនេះក៏ដោយសារប្រាសាទកសាងឡើងជិតពាន់ឆ្នាំមកហើយ”។
៤.អ្នកជំនាញប្រាសាទបុរាណឥណ្ឌាបានលើកឡើងថា៖ “បើតាមការគណនាទំហំ និងកម្ពស់ប្រាសាទអង្គរ គឺប្រើថ្មប្រមាណ៥២លានតោន ប៉ុន្តែគេយកតែ២០%នៃថ្មសរុបមកគណនា គឺ១០លានតោន សម្រាប់ការសាងសង់ដែលមានរយៈពេល៣៧ឆ្នាំ។ ប្រសិនបើធ្វើការក្នុងមួយថ្ងៃ១២ម៉ោង x ៣៧ឆ្នាំ គឺស្មើ១៦២.០៦០ម៉ោង ហើយយកថ្ម១០.០០០.០០០តោន/១៦២.០៦០ម៉ោង គឺស្មើ៦០តោនក្នុង១ម៉ោង ដូច្នេះស្មើនឹង១នាទី គឺ១តោនថ្ម គិតចាប់ដាប់ថ្មរហូតសាងសង់និងឆ្លាក់រួច”។ ចុះនៅសល់ថ្ម៤២លានតោនទៀត តើបុព្វបុរសខ្មែរ ធ្វើបានដោយរបៀបណា?

៥.សាកលវិទ្យាល័យ East Lansing នៅរដ្ឋ Michigan សហរដ្ឋអាមេរិក បានសិក្សាទៅលើចម្លាក់អប្សរា បញ្ចូលទៅក្នុងប្រព័ន្ធ Computer បានចេញរូបមន្តគួរឱ្យភ្ញាក់ផ្អើលណាស់ថា បុព្វបុរសខ្មែរបានគណនា គិតគូរតាមវិទ្យាសាស្ត្រយ៉ាងល្អិនល្អន់មុននឹងឆ្លាក់រូបអប្សរានីមួយៗ
៦.សាកលវិទ្យាល័យស៊ីដនីរបស់អូស្ត្រាលី បានប្រើឧបករណ៍បច្ចេកទេសទំនើបៗ ដើម្បីសិក្សាពីការសាងសង់អង្គរ នៅតែមិនទាន់អាចសន្និដ្ឋានបានថា តើបុព្វរសខ្មែរសាងសង់អង្គរបានដោយរបៀបណា? អ្វីៗស្ថិតនៅក្នុងការសន្និដ្ឋានប៉ុណ្ណោះ។

៧.ប្រាសាទអង្គរត្រូវបានកសាងតាមលក្ខណៈបច្ចេកទេស គណិតសាស្ត្រ, វិទ្យាសាស្ត្រ និងតារាសាស្ត្រដ៏ត្រឹមត្រូវបំផុត សូម្បីតែអ្នកវិទ្យាសាស្ត្រក៏មានការកោស្ញប់ស្ញែងខ្លាំងណាស់ដែរ។
កូនខ្មែររៀនស្គាល់ពីគុណតម្លៃរបស់ប្រាសាទបុរាណខ្មែរ រួមគ្នាការពារនិងថែក្សារ ព្រោះជាសម្បត្តិមហាសាលលើលោក៕


