ឆមាសទី១ កម្ពុជា នាំចេញអង្ករ ទៅទីផ្សារអន្តរជាតិ ជាង២៨ម៉ឺនតោន គិតជាទឹកប្រាក់ជាង ២០០លានដុល្លារ
ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារគោលដៅទាំង៤៩ប្រទេសនៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនួន ២៨០.៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧ លានដុល្លារ ។ ការនាំចេញក្នុងឆមាសទី១នេះ បានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ តែមានបរិមាណប្រហាក់ប្រហែលគ្នា ទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ២០១៨ និង ២០១៩ ។
បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចំពោះទឹកប្រាក់នៃការនាំចេញក៏បានធ្លាក់ចុះចំនួន ២៣.៧១% ផងដែរ ដែលឆ្នាំ២០២០ ក្នុងឆមាសទី១ ទទួលបានទឹកប្រាក់ ២៦៥.៦៦លានដុល្លារ មកត្រឹម ២០២.៦៧លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១នេះ ។ ការធ្លាក់ចុះទាំងបរិមាណ និងតម្លៃ គឺដោយសារបញ្ហាប្រឈមលើការដឹកជញ្ជូន កង្វះសំបកកុងតឺន័រ ជាពិសេសសម្រាប់ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ធ្វើឲ្យតម្រូវការ និងតម្លៃលក់ចេញនៅត្រឹមកំពង់ផែ របស់អង្ករក្រអូបកម្ពុជាធ្លាក់ចុះយ៉ាងគំហុកពីតំលៃមធ្យមប្រមាណ៩០០ដុល្លារ មកត្រឹមតម្លៃប្រហាក់ប្រហែល ៧៣០ដុល្លារក្នុងមួយតោនតែប៉ុណ្ណោះ ។
សម្រាប់ទីផ្សារបាននាំអង្ករចេញក្នុងឆមាសទី១ មានប្រទេសនាំមុខចំនួន៥ រួមមាន ៖ ១). ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន ៥១.០៩% ស្មើនឹង ១៤៣ ២៩៣ តោន ២). ប្រទេសបារាំង ១០.៥០% ស្មើ ២៩ ៤៣៤ តោន ៣). ប្រទេសហ្កាប៊ុង ៧.៩៣% ស្មើនឹង ២២ ២២៨តោន ៤). ប្រទេសម៉ាឡេស៊ី ៦.៧៩% ស្មើនឹង ១៩ ០៣០តោន និងទី៥). ប្រទេសហូឡង់ ៣.៥៤% ស្មើ ៩ ៩២១ តោន។
ដោយឡែកចំពោះ ប្រភេទអង្ករនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២១នេះដែរ ឃើញថា អង្ករក្រអូបប្រណីតមាន៣៧.៣៥% អង្ករក្រអូបធម្មតាមាន២៨.៥៦% អង្ករសគ្រាប់វែងមាន២៦% អង្ករចំហុយមាន២% អង្ករសរីរាង្គមាន២% អង្ករបាក់ ៣% អង្ករដំណើប ១.២២ %។
សម្រាប់ខែមិថុនា ឆ្នាំ២០២១នេះ អង្ករសរុបដែលកម្ពុជានាំចេញមានចំនួន៤៧ ៤១៩ តោន ដែលមានការកើនឡើង១៤.១% បើធៀបនឹងខែមិថុនា ឆ្នាំមុន គិតជាទឹកប្រាក់ ៣៣.៦៩លានដុល្លារ ដែលក្នុងនោះ ទីផ្សារប្រទេសចិន និងតំបន់ស្វយ័តមានចំនួន ២២ ៤៥៩ តោន គិតជាទឹកប្រាក់១៥.១៨លានដុល្លារ ដែលតួលេខនាំចេញទៅចិននេះមានកំនើន ១០២% បើធៀបទៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលមានបរិមាណត្រឹម ១១ ១២៤ តោន៕
នាយករដ្ឋមន្រ្តីកម្ពុជា ៖ ជាករណីពិសេស ក្នុងការអនុញ្ញាតឲ្យជនជាតិចិន មានសិទ្ធិចិញ្ចឹមតោឡើងវិញ
ភ្នំពេញ ៖ ឆ្លើយតបចំពោះខមិនរបស់ប្រជាពលរដ្ឋម្នាក់ ដែលបានលើកជាសំណួរថា តើពលរដ្ឋមានសិទ្ធិចិញ្ចឹមសត្វព្រៃ? សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែង ក្នុងករណីអនុញ្ញាតឲ្យបុរសជនជាតិចិន ចិញ្ចឹមសត្វរបស់ខ្លួនឡើងវិញនោះ គឺជាពិសេសដែលត្រូវលើកលែង និងយោគយល់ ។
ក្នុងអត្ថន័យរបស់សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ជាករណីពិសេសនោះ គឺត្រង់បុរសជនជាតិចិន រូបនេះ បានចិញ្ចឹមសត្វតោនេះ តាំងពីតូចមកម្ល៉េះ ដូច្នេះមានការត្រូវយោគយល់ ។
តាមរយៈខមិនតបទៅពលរដ្ឋម្នាក់នោះ សម្តេចតេជោបានបញ្ជាក់ថា “នេះជាករណីពិសេសដែលសត្វតោមួយនេះ គាត់(បុរសជនជាតិចិន)ចិញ្ចឹមតាំងពីតូចដែលយើងត្រូវយោគយល់” ។
សម្ដេចតេជោ ក្រោយពីជួបពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរួចមក កាលពីល្ងាចថ្ងៃ៤ កក្កដា បានសម្រេចអនុញ្ញាតឲ្យម្ចាស់តោ យកតោទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌឲ្យម្ចាស់ត្រូវធ្វើទ្រុងឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង»។
ចំពោះករណីផាកដែលបានកំណត់ឲ្យជនជាតិចិនបង់ចំនួន៣ម៉ឺនដុល្លារនោះ សម្តេចតេជោក៏បានឲ្យសង់ត្រឡប់ទៅវិញផងដែរ។ សម្តេចតេជោថ្លែងថា “បើសិនមានផាកពិន័យត្រូវជូនត្រឡប់ទៅវិញ”។
បុរសឈ្មោះ Qi Xiao ជាម្ចាស់តោវិញបានថ្លែងថា អំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ។ លោកថា សម្តេចតេជោបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។
លោកបន្តថា “ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយាខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ និងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយ និងគាំទ្រដល់“ហ៊ីម៉ា” របស់យើងខ្ញុំផងដែរ ។ធ្វើឲ្យខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរឲ្យកម្ពុជា និងចិនជាមិត្តដែកថែបជារៀងរហូត”។
សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរចម្រុះរាជធានីភ្នំពេញដែលមានព្រះរាជអាជ្ញារងសហការជាមួយអង្គការ Wildlife Alliance បានរឹបអូសសត្វតោចិញ្ចឹមមួយក្បាលនៅក្នុងផ្ទះវីឡា មួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ។
សត្វតោនោះ ត្រូវបានដឹងថា ជាសត្វតោឈ្មោលមានអាយុ១៨ខែ និងទម្ងន់៧០គីឡូក្រាម ហើយ ក្រោយការដកហូត ក្រុមជួយសង្គ្រោះបានបញ្ជូនសត្វតោនេះ ទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ប៉ុន្តែតោនោះ មិនស៊ីអាហារអស់រយៈពេលជាច្រើនថ្ងៃ ដោយសារឃើញស្ថានភាពបែបនេះ សម្តេចតេជោក៏បានអនុញ្ញាតឲ្យម្ចាស់យកមកចិញ្ចឹមវិញ ៕
អគ្គនាយកស៊ីម៉ាក់ ៖ ប្រហែល ១ភាគ៤ នៃកូនគ្រាប់បែកចង្កោម ទម្លាក់មកលើកម្ពុជា មិនទាន់ផ្ទុះ
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងថា កូនគ្រាប់បែកចង្កោម ពី២៦លាន ទៅ៣០លាន ដែលត្រូវបានប្រើប្រាស់ លើទឹកដីកម្ពុជា គឺនៅប្រមាណជា១ភាគ៤ នៃតួលេខនេះ មិនទាន់ផ្ទុះនោះទេ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ កកក្កដានេះ លោក ហេង រតនា បានមានប្រសាសន៍ថា គ្រាប់បែកចង្កោម ជាសំណល់ យុទ្ធភណ្ឌ័ពីសង្គ្រាមមួយប្រភេទ នៅកម្ពុជា បរិមាណកូនគ្រាប់បែកចង្កោមតិច ឬច្រើនដែលទម្លាក់នៅទីតាំងនីមួយៗ ទៅតាមប្រភេទមេគ្រាប់បែក ដែលដឹកតាមប្រភេទ យន្តហោះទម្លាក់គ្រាប់បែកនានា ដោយអាចមានចំនួនពីជាង ៤០០កូនគ្រាប់បែកចង្កោមទៅជិត ៧០០គ្រាប់ក្នុងគ្រាប់បែកធំមួយ ។
លោកថា ប្រសិទ្ធភាពផ្ទុះ នៃកូនគ្រាប់បែកចង្កោម មួយគ្រាប់អាចកំទេច សត្រូវនៅលើដី ទំហំផ្ទៃក្រឡា ២០មx២០ម ឬ ១២០ ម x២៤០ម ដោយអាស្រ័យលើកំពស់ទម្លាក់ និងកំរិតស្ថានភាពផ្ទុះរបស់ កូនគ្រាប់បែកចង្កោមនិមួយៗ ។
អគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា «នៅចំពោះមុខ នេះបើយោងតាមឯកសារ នានាយើងដឹងថា ចំនួនតួរលេខ នៃកូនគ្រាប់បែក ចង្កោមនេះពី ២៦លានទៅ៣០លាន ត្រូវបានប្រើប្រាស់លើទឹកដី នៃព្រះរាជាណា ចក្រដ៍តូចមួយនេះ។ បើយោងតាមបទពិសោធន៍ របស់យើង អាចវាយតំលៃបានថា ប្រហែលមួយភាគបួន នៃកូនគ្រាប់បែកចង្កោមទាំងនេះ ទម្លាក់មក មិនទាន់ផ្ទុះនោះទេ បើផ្អែកតាមការកំណត់ពី រោងចក្រ ផលិតគ្រាប់បែកនេះ គឺកំរិតកំហុសមិនផ្ទុះមានចំនួនប្រមាណ ៥%» ។
លោក ហេង រតនា បន្ថែមថា ការកំណត់កំរិតកំហុសមិនផ្ទុះ នៃកូនគ្រាប់បែក ចង្កោម របស់អ្នកផលិត និងអ្នកប្រើមិនដូចគ្នាទេ ហើយអ្នកវេទនា គឺអ្នកទទួលរងការទម្លាក់លើ បើវាផ្ទុះគ្រោះថ្នាក់ស្លាប់/ របួសពេលទម្លាក់ តែប្រសិនបើកូន គ្រាប់បែកចង្កោម មិនទាន់ផ្ទុះទេនោះ វាស្ថិតនៅរាយប៉ាយ អាចបន្តបង្កផ្ទុះគ្រោះថ្នាក់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅពេលណាមួយ ដែលមានការប៉ះទង្គិចវា ៕
កម្ពុជា មិនខ្វះអុកស៊ីសែន សម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ឡើយ
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មិនទាន់ខ្វះអុកស៊ីសែន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ឡើយ គឺមានគ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺ។
លោកស្រីរដ្ឋលេខាធិការ លើកឡើងបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋ មួយចំនួននិយាយថា ដោយសារ ខ្វះអុកស៊ីសែន សម្រាប់ព្យាបាល អ្នកកើតជំងឺកូវីដ-១៩ ទើបក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កម្ពុជា មានអ្នកស្លាប់ដោយជំងឺកូវីដកើន ឡើងជាបន្តបន្ទាប់។ ៣ថ្ងៃមកនេះ កម្ពុជាមានអ្នកស្លាប់ ដោយកូវីដ-១៩ជិត១០០នាក់ ខណៈអ្នកស្លាប់ទាំងអស់មាន ចំនួន៧៤៨នាក់គិតមកត្រឹមថ្ងៃ៥ កក្កដា ។
ក្នុងពិធីទទួលវ៉ាក់សាំង១លានដូស នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា «យើងអត់ទាន់មានការខ្វះអុកស៊ីសែនទេ ចឹងរាជរដ្ឋាភិបាល និងអនុគណៈកម្មាធិការទាំងអស់ ជាពិសេស អ្នកពាក់ព័ន្ធទាំងអស់ កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដទូទាំងប្រទេស ទាំងរាជធានីភ្នំពេញ ទាំងបណ្ដាខេត្ត យើងមិនទាន់មានការខ្វះខាត អុកស៊ីសែនទេ»។
លោកស្រីបន្ដថា អ្នកពាក់ព័ន្ធទាំងអស់ កំពុងតែរួបរួមគ្នាទប់ស្កាត់ការឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាពិសេស ក៏បន្ដទប់ស្កាត់ការ នាំចូលជំងឺកូវីដ-១៩ ពីប្រទេសជិតខាង។
ឆ្លៀតឱកាសនោះ លោកស្រីរដ្ឋលេខាធិការ ក៏បានលើកឡើងថា កម្ពុជាមិនខ្វះវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ដែរ ហើយវ៉ាក់សាំងនឹងមកដល់កម្ពុជា ជាបន្ដបន្ទាប់នាពេលខាងមុខនេះ សម្រាប់ចាក់ប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ។ ដោយឡែក ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះវិញ ក៏កំពុងដាក់ដំណើរ ដោយមានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបន្ថែមថា រហូតដល់ពេលនេះ មិនទាន់ដកក្របខណ្ឌ ចំពោះគ្រូពេទ្យស្ម័គ្រចិត្តណាមួយឡើយ ប៉ុន្ដែពួកគាត់ ត្រូវអនុវត្តការងារទៅតាមគោលការណ៍ ។ លោកស្រីថា នាពេលកន្លងមក គ្រូពេទ្យទាំងអស់ បានអនុវត្តការងារ របស់ខ្លួនយ៉ាងត្រឹមត្រូវបំផុត។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៥,១៨៧នាក់ និងអ្នកជាសះស្បើយ ចំនួន ៤៧,៣៨៦នាក់ ៕
សម្ដេចតេជោ ៖ ជំនួយរបស់ចិនជួយពង្រឹង ឯករាជ្យខាងនយោបាយ និងកាត់បន្ថយ ភាពក្រីក្រ នៅកម្ពុជា
ភ្នំពេញ ៖ នៅចំពោះមុខថ្នាក់ដឹកនាំ នៃគណបក្សនយោបាយ និងស្ថាប័ននានាជុំវិញពិភពលោក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ជំនួយរបស់ចិន បានជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងឯករាជ្យខាងនយោបាយ ជាពិសេសនោះ កាត់បន្ថយភាពក្រីក្រ នៅប្រទេសកម្ពុជា ផងដែរ។
ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ នៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយ លើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ» នាយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះ គណបក្សកុម្មុយនិស្តចិន និងប្រជាជនចិន ដែលបានជួយកម្ពុជា ជារៀងរហូតមក។
សម្ដេចតេជោ មានប្រសាសន៍ថា «ជំនួយរបស់ចិនមកដល់កម្ពុជា មិនគ្រាន់តែជួយទៅដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ក៏ប៉ុន្ដែបានជួយដល់កម្ពុជា បានពង្រឹងនូវ ឯករាជ្យភាពខាងនយោបាយទៀតផង»។
សម្ដេចតេជោ បញ្ជាក់ទៀតថា ច្បាស់ណាស់ប្រទេសតូចតាច និងប្រទេសក្រីក្រ ត្រូវការចាំបាច់នូវ ឯករាជ្យ និងអធិបត្យភា ព ជៀសវាងនូវការបង្គាប់បញ្ជា និងការជ្រៀតជ្រែងពីខាងក្រៅ។ សម្ដេចថា ក្នុងន័យនេះ ជំនួយរបស់ចិន បានជួយដល់ការ ពង្រឹងនូវឯករាជ្យ ខាងនយោបាយ ដើរទន្ទឹម នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក្រ៕
ព្រះមហាក្សត្រខ្មែរ ៖ ចំណងមិត្តភាពកម្ពុជា-អាមេរិក នឹងត្រូវបានពង្រឹង បន្ថែមទៀត
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានបង្ហាញទឹកព្រះទ័យ សង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃទំនាក់ទំនងរវាងកម្ពុជា-អាមេរិកនឹងត្រូវបានពង្រឹង បន្ថែមទៀត ។
នេះបើយោងតាមព្រះរាជសារ របស់ព្រះមហាក្សត្រ ផ្ញើអបអរសាទរ ជូនចំពោះលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក នាថ្ងៃឯករាជ្យ របស់អាមេរិក ខួបលើកទី២៤៥ឆ្នាំ ។
ព្រះរាជសារ របស់ព្រះមហាក្សត្រចុះថ្ងៃ១ កក្កដា បានបង្ហាញបានឲ្យដឹងថា ក្រៅពីការសម្តែងទឹកព្រះទ័យ អបអរសាទរហើយនោះ ព្រះមហាក្សត្រខ្មែរ ក៏បានបង្ហាញទឹកព្រះទ័យសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអាមេរិក ត្រូវបានពង្រឹងបន្ថែមទៀត។
ព្រះមហាក្សត្រគូសបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានជាយូរមកហើយ រវាងប្រទេសយើងទាំងពីរ នឹងត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីជាប្រយោជន៍ ដល់ប្រជាជនយើងទាំងពីរ» ។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានជូនពរ លោក ចូ បៃដិន មានសុខភាពល្អ និងសន្តិភាពនៅក្នុងចិត្ត និងភាពរុងរឿងបន្តមានដល់សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ថ្ងៃ៤ កក្កដា គឺជាថ្ងៃដ៏សែនរីករាយ របស់ប្រជាជាតិអាមេរិក ដណ្តើមបានឯករាជ្យរំដោះខ្លួន ចេញពីអាណានិគមអង់គ្លេស បានទាំងស្រុង កាលពីឆ្នាំ១៧៧៦ ។ ប្រជាជាតិអាមេរិក ទាំងក្នុងប្រទេស និងនៅតំបន់នានា លើពិភពលោក តែងតែប្រារព្ធថ្ងៃ ដែលពួកគេដណ្តើម បាននូវ សិទ្ធិសេរីភាពមកវិញ ។ នៅឆ្នាំ២០២១នេះ អាមេរិកទោះបីស្ថិតក្នុងពេល នៃការរាតត្បាតជំងឺកូវីដ១៩ យ៉ាងណាក្តី តែរដ្ឋាភិបាលអាមេរិកនៅតែប្រារព្ធពិធីនេះឡើងយ៉ាងឱឡារិក ។
គួររំលឹកដែរថា ថ្មីៗនេះ កម្ពុជា-អាមេរិកហាក់មានភាពល្អក់កករជាមួយគ្នា ក្រោយភាគីអាមេរិក បញ្ឈប់ឲ្យនិស្សិតយោធាកម្ពុជា៦រូប បញ្ចប់ការសិក្សាមុនការកំណត់ ។ និស្សិតខ្មែរទាំង៦រូបនេះ គឺកំពុងសិក្សានៅបណ្ឌិតសភា យោធាជើងគោក West Point ចំនួន២រូប បណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប ។
បន្ទាប់ពីការបញ្ឈប់នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញមករ៉ាប់រងបង់ថ្លៃសិក្សា ឲ្យពួកគេដើម្បីឲ្យបញ្ចប់ការសិក្សា ដោយជោគជ័យ ។ បើតាមគម្រោង ពួកគេទាំង៦នាក់នេះ មានអ្នកខ្លះនឹង បញ្ចប់ការសិក្សា នៅឆ្នាំ២០២២ ឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ចំពោះការបង់ថ្លៃ ដើម្បីឲ្យបញ្ចប់ការ សិក្សាចប់ដើមចប់ចុងនេះ ប្រហែលជាង១លានដុល្លារ ៕
ក្រសួងវប្បធម៌៖ ថៃមិនបានលួចចម្លង ឬសាងសង់ប្រាសាទ តាមរចនាបថអង្គរ របស់ខ្មែរឡើយ
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បកស្រាយបំភ្លឺថា ការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ មិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្ម ដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទមួយចំនួនទៀត របស់កម្ពុជាឡើយ ។
ប៉ុន្មានថ្ងៃមកនេះ នៅតាមប្រព័ន្ធហ្វេសប៊ុក មានការបញ្ចេញមតិជុំវិញ នឹងការសាងសង់ប្រាសាទថ្មមួយ នៅខេត្តបុរីរម្យ ក្នុងប្រទេសថៃថា បានលួចចម្លង ឬសាងសង់តាមប្រាសាទអង្គរវត្តខ្មែរ។
ការបញ្ជាក់របស់ក្រសួងថា ថៃមិនបានលួចចម្លង ពីប្រាសាទអង្គរវត្តខ្មែរនេះ ដោយសារភាគីថៃអះអាងថា សាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្ម ប្រាសាទមួយចំនួន ដែលមានក្នុងតំបន់នោះស្រាប់។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌នាថ្ងៃ៧ កក្កដា បានបកស្រាយបញ្ជាក់ថា ក្រសួងបានទំនាក់ទំនង និងសហការយ៉ាង ជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំថៃ ដើម្បីស្រាវជ្រាវប្រមូល ព័ត៌មានបន្ថែម។
តាមលទ្ធផលបង្ហាញពីទូតថៃបង្ហាញថា សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោម សំណង់ប្រាសាទថ្មដទៃៗទៀត មានភាពចម្រុះគ្នា ជាទីប្រតិស្ឋាន នៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងឡាយ ឃុំបានស៊ិង ស្រុក ណាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ។ សំណង់នេះធ្វើពីថ្មភក់ នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដកពីខាងក្នុង។
ក្រសួងបន្តថា «តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាង សង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យ កម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយ នៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ ដោយខ្លួនឯង និងរចនាទៅ តាមស្ថាបត្យកម្មប្រាសាទមួយចំនួន ដែលមានក្នុងតំបន់នោះ»។
ក្រសួងថា តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទ ក៏ស្វាគមន៍ក្នុងការទទួលស្នើឲ្យមន្ត្រីជំនាញផ្នែក ស្ថាបត្យកម្មកម្ពុជាចុះពិនិត្យ ដោយផ្ទាល់បាន ក្នុងករណីមានមន្ទិលសង្ស័យ។
ក្រសួងឲ្យដឹងទៀតថា នឹងធ្វើការហើយតាមដាន ការងារនេះជាបន្ត ដោយយកចិត្តទុកដាក់ ៕
ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ធ្វើឲ្យសៀម យួន បញ្ចប់ឥទ្ធិពល លើខ្មែរទាំងស្រុង
ភ្នំពេញ ៖ លោក សយ សុភាព សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) បានលើកពីវីរៈភាព របស់សម្តេច ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ជាមេដឹកនាំកំពូល ដែលបានធ្វើឲ្យ ប្រទេសសៀម និងយួន បញ្ចប់ ឥទ្ធិពលលើខ្មែរទាំងស្រុង កាលពីអតីតកាល ។
ដោយភ្ជាប់រូបភាព សម្តេចព្រះបរមរតនកោដ្ឋ និងសម្តេចតេជោចាប់ដៃគ្នា និងរូបផ្សេងទៀត នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន លោក សយ សុភាព បានបញ្ជាក់ថា “មេដឹកនាំកំពូលខ្មែរ ទាំងទ្វេនេះបានធ្វើឲ្យសៀម យួន បញ្ចប់ឥទ្ធិពលលើខ្មែរទាំងស្រុង បន្ទាប់ពីពួកគេដណ្តើម ត្រួតត្រាលើខ្មែរ ម្តងម្នាក់ ហើយយកដីខ្មែរ ម្តងម្នាក់ដែរ រាប់សតវត្សមកហើយ” ។
លោកថា ម្យ៉ាងទៀត បារាំង និងជប៉ុន ក៏បានរួមចំណែកយកដីខ្មែរ ឲ្យប្រទេសទាំង២នេះផងដែរ ពេលដែលពួកគេមក ដាក់អាណាព្យាបាល និងចូលឈ្លានពាន ពីសំណាក់ជប៉ុន នាសម័យសង្រ្គាមលោកលើកទី២ ។
លោក សយ សុភាព បានលើកឡើងទៀតថា បើគ្មានមេដឹកនាំចិន ជួយការពារខ្មែរនៅក្នុងសន្និសីទ ហ្សឺណែវ ប្រទេសស្វីស នាឆ្នាំ១៩៥៤ទេ ម្លេះខ្មែរស្ថិតក្រោមសហព័ន្ធឥណ្ឌូចិន ក្រោមបក្សកុម្មុយនិស្តឥណ្ឌូចិន ដឹកនាំដោយយួនបាត់ទៅហើយ ។
លោកបន្តថា ក្នុងប្រវត្តិសាស្រ្ត និងភូមិសាស្ត្រនយោបាយចិន បានការពារកម្ពុជាឲ្យគេចផុតពីសៀម និង យួន៕
អាជ្ញាធរ រុះរើបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ ៩៥%
ភ្នំពេញ ៖ ពាក់ព័ន្ធនឹងការអនុវត្តវិធានការ រៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ចំពោះបែរត្រី ផ្ទះបណ្តែតទឹក និងសំណង់មិនរៀបរយ លើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតមកដល់ពេលនេះ អាជ្ញាធរអនុវត្តការងារ របស់ខ្លួនសម្រេចបាន ប្រមាណ៩៥ភាគរយហើយ ។ ការងារទាំងនេះ ត្រូវបានចាត់ទុកថា អនុវត្តយ៉ាងរលូន និងទទួលបានជោគជ័យ ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ លោក មាន ចាន់យ៉ាដា អភិបាលរង រាជធានីភ្នំពេញ បានលើកឡើងថា ខណ្ឌចំនួន៦មានផ្ទះបណ្ដែតទឹក បែរត្រី និងសំណង់មិនរៀបរយ នៅតាមដងទន្លេមានចំនួន១៤៧២ទីតាំង ចែកចេញជា៤ប្រភេទ ក្នុងនោះ មានប្រភេទជាបែរត្រី សំណង់មិនរៀបរយ ដាយត្រី និងទូកនេសាទ។
លោកថា ក្នុងចំណោម១ ៤៧២ទីតាំងមានប្រជាពលរដ្ឋ ស្ម័គ្រចិត្តរុះរើចេញ មកលើគោក ចំនួន១ ២៤២ទីតាំង ។
លោកបន្តថា “ចំពោះទីតាំងចល័ត យើងបានរៀបចំឲ្យពួកគាត់ ចិញ្ចឹមត្រីជាបណ្តោះអាសន្ន ចំនួន២ ទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១ នៅជាប់ព្រំប្រទល់ រវាងស្រុកពញាឮ និងខណ្ឌព្រែកព្នៅ មានចំនួន១៩៤កន្លែង ។ ទីតាំងទី២ នៅជាប់និង ស្រុកលើកដែក ចំនួន១៩កន្លែង ខណៈទីតាំង ដែលបាននិងកំពុងរុះរើ មានចំនួន១៧ទីតាំង ។ ការងារខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យចំនួន៩៥ ភាគរយ គិតមកដល់ពេលនេះ” ។
លោក មាន ចាន់យ៉ាដា ក៏បានបញ្ជាក់ផងដែរថា ការអនុវត្តនូវវិធានការជុំវិញ ការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែរត្រី ផ្ទះទឹកនិងសំណង់ មិនរៀបរយនៅលើផ្ទៃទឹក តាមដងទន្លេ នៅរាជធានីភ្នំពេញនេះ ទទួលបាន ជោគជ័យ ដោយសារមានវិធានការ ចំពោះមុខល្អប្រសើរ ដោយសហការ បានល្អជាមួយដៃគូពាក់ព័ន្ធ និងមានការគាំទ្រ ពីមហាជន យ៉ាងពេញទំហឹង ។
ក្នុងកិច្ចប្រជុំនេះដែរ លោកប៉ា សុជាតិវង្ស បានកោតសរសើរយ៉ាងខ្លាំង ចំពោះអាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ឃួង ស្រេង អនុវត្តរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទឹក បានយ៉ាងល្អប្រសើរ និងទទួលជោគជ័យ ។
គួរបញ្ជាក់ថា ការចុះទៅរុះរើ បែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកផ្ទះតូចៗ និងសំណង់ មិនរៀបរយលើផ្ទៃទន្លេ ដើម្បីបើកផ្លូវនាវាចរ និងកុំឲ្យប៉ះពាល់ដល់ ប្រព័ន្ធអេកូឡូហ្ស៊ី ពិសេសកុំបន្តការប្រើប្រាស់ចំណី សម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញ កាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យខូចខាត់យ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ ដល់សោភ័ណ្ឌភាព រាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកផងដែរ ៕
រាជរដ្ឋាភិបាល កំពុងគិតគូរចាក់វ៉ាក់សាំង ក្រោមអាយុ១៨ឆ្នាំ និងចាក់ដូសទី៣ ខណៈផែនការចាក់ ១០លាននាក់ នឹងបញ្ចប់ខែវិច្ឆិកា
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែគិតគូរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនក្រុមមនុស្សក្រោមអាយុ១៨ឆ្នាំ និងចាក់វ៉ាក់សាំងដូសទី៣ ខណៈរាជរដ្ឋាភិបាលក៏បានប្ដេជ្ញាបញ្ចប់ការចាក់វ៉ាក់សាំងគ្រប់គោលដៅ១០លាននាក់ នៅត្រឹមចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ។
ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ លោក ឱ វណ្ណឌីន បានឲ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ១០លាននាក់នឹងបិទបញ្ចប់ត្រឹមខែតុលា ឬវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីប្រជាពលរដ្ឋនាំគ្នាសម្រុកចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃ ។ ក្នុងការបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅភ្នំពេញនេះ បានចាក់ទៅលើពលរដ្ឋគ្រប់ការកំណត់ជាង ១,៧លាននាក់។
លោកស្រីថា តាមផែនការចាក់វ៉ាក់សាំងឲ្យបាន១០លាននាក់ គ្រោងបញ្ចប់ពាក់កណ្ដាល ឆ្នាំ២០២២ ខាងមុខ ប៉ុន្តែផែនការវ៉ាក់សាំងនេះបានរួចមុនការកំណត់រយៈពេល៨ខែ។ លោកស្រីបន្តថា ទោះបីប្រជាពលរដ្ឋចាក់វ៉ាក់សាំងរួចក៏ដោយ ក៏ត្រូវការពារខ្លួន ដោយអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ។
លោកស្រីបញ្ជាក់ថា «គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះដែលមានគណៈកម្មាធិការដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាត់កំពុងតែគិតដឹកនាំដើម្បីពិភាក្សាគ្នាបន្ដទៀត ក្នុងការគិតគូរទៅលើក្រុមមនុស្ស អាយុក្រោយ១៨ឆ្នាំចុះ ហើយទន្ទឹមនឹងនោះ យើងក៏គិតគូរ តើយើងគួរតែមានការចាក់នូវដូសទី៣ ឬយើងក៏ត្រូវការ ចាក់ដូសរំលឹកឡើងវិញ»។
លោកស្រីថា ព្រោះនៅប្រទេសខ្លះដែលមានលទ្ធភាពផលិតវ៉ាក់សាំងខ្លួនឯង ក៏បានគិតគូរដល់ការចាក់ដូសទី៣ដែរ។
បើតាមលោកស្រី ខេត្តចំនួន១៤ហើយ ដែលបានដាក់ដំណើការចាក់វ៉ាក់សាំង ហើយរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល បានដាក់គោលដៅថា ត្រឹមបំណាចខែនេះ នឹងដាក់ដំណើរការចាក់ឲ្យបានគ្រប់ខេត្ត។
ឆ្លើយតបទៅនឹងសំណួរថា តើនៅភ្នំពេញបានបញ្ចប់ការចាក់ឲ្យពលរដ្ឋគ្រប់ចំនួនហើយ តើអាចឈប់ពាក់ម៉ាស់បានទេ? លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ការចម្លងជំងឺនៅមាន ហើយមានសន្ទុះសកម្មក្នុងដំណាក់កាលនេះ ដូច្នេះបុគ្គលគ្រប់រូបត្រូវបន្តអនុវត្ត ៣ការពារ និង៣កុំ។ លោកស្រីថា ការអនុវត្តតាមវិធានការនេះនឹងកាត់បន្ថយអ្នកឆ្លង ប៉ុន្តែបច្ចុប្បន្នការអនុវត្តនៅតែខ្វះចន្លោះច្រើន។ នេះជាហានិភ័យដោយការមិនពាក់ម៉ាស់ ។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសចំនួន ៤,៧០១,២៥៥នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៤៧.០១% ហើយ៕
ព្រះមហាក្សត្រ ៖ យើងត្រូវរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានមានព្រះរាជបន្ទូលតាមព្រះវររាជបិតាឲ្យប្រជានុរាស្រ្តខ្មែរត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា ព្រោះព្រៃឈើគឺជាសរសៃឈាមក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ទិវានេះពិតជាមានអត្ថន័យ និងឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិដោយបានឆ្លុះ បញ្ចាំងពីភាពរឹងមាំនៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ក្រោមកិច្ចរួបរួមជាធ្លុងមួយបង្ហាញពីសក្ខីកម្មនៃសាមគ្គីភាព រវាងប្រជារាស្រ្តនិងមន្រ្តីរាជការទូទាំងប្រទេស ក្នុងការជម្រុញលើកទឹកចិត្តចូលរួមចលនាដាំដើមឈើដើម្បីផ្ដល់ជាសារប្រយោជន៍ធនធានទ្រទ្រង់វិស័យកសិកម្មបង្កើនសុខុមាលភាពគ្រួសារ និងជីវភាពសង្គម ព្រមទាំងកិច្ចគាំពារបរិស្ថាន ស្របតាមព្រះរាជតម្រិះ ព្រះបរមរតនកោដ្ឋ។
ព្រះមហាក្សត្របានលើកពីប្រវត្តិនៃពិធីបុណ្យ « រុក្ខទិវា » ថា គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា។ ចលនានេះ ចាប់មានតាំងពី « សម័យសង្គមរាស្រ្តនិយម» ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយសម្តេចតា។ ពិធីនេះបានចាប់កកើតតាំងពីទសវត្ស៣០ មកម៉្លេះ ដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៥២៕
មុត ចន្ថា ៖ ទ្រឹស្តីមនុស្សពីរនាក់ ជាមនុស្សតែមួយគួរឲ្យខ្ពើមរអើម
ភ្នំពេញ ៖ ជាមនុស្សស្មោះស្ម័គ្រម្នាក់ក្នុងចំណោមអ្នកស្មោះស្ម័គ្រផ្សេងទៀតលោក មុត ចន្ថា ដែលគេដឹងថា ជាអ្នកនៅគៀកលោក កឹម សុខា នោះបានសរសេរអត្ថបទវែងគួរសមបង្ហាញពីអត្តចរឹករបស់លោក កឹម សុខា និងលោក សម រង្ស៊ី ដែលកាលប៉ុន្មានឆ្នាំមុននោះ លោកទាំង២អះអាងរួមគ្នាថា ជាមនុស្សតែមួយនោះ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ លោក មុត ចន្ថាបានថ្លែងថា ទ្រឹស្តីមនុស្សពីរនាក់ជាមនុស្សតែមួយគួរឲ្យខ្ពើមរអើមណាស់។
ទោះបីជាក្នុងអត្ថបទសំណេររបស់លោក មុត ចន្ថា មិនបានបញ្ជាក់ចំឈ្មោះលោក កឹម សុខា និងលោក សម រង្ស៊ីក្តីក៏ដឹងថា លោកសំដៅដល់លោក សម រង្ស៊ីដែរ ព្រោះជារឿយៗក្រោយពីលោក កឹម សុខាជាប់ពន្ធនាគារដោយសារការចោទប្រកាន់ក្បត់ជាតិ លោក សម រង្ស៊ីដែលគេចខ្លួននៅក្រៅប្រទេសតែងតែនិយាយថា “កឹម សុខា-សម រង្ស៊ីជាមួយតែមួយ”។ ប៉ុន្តែរាល់សំដីលោក សម រង្ស៊ីអះអាងថា ជាមនុស្សតែមួយនោះ គឺផ្ទុយស្រឡះ ព្រោះលោក សម រង្ស៊ីជាញឹកញយបានធ្វើបទល្មើសច្បាប់ដើម្បីទាញទំលាក់លោក កឹម សុខា ចូលជាមួយក្នុងគោលបំណងមិនឲ្យមានសេរីភាពមានសិទ្ធិធ្វើនយោបាយ។
ក្នុងអត្ថបទសំណេរដោយភ្ជាប់រូបភាពលោក សម រង្ស៊ីក្នុងហ្វេសប៊ុកលោក មុត ចន្ថារៀបរាប់ថា មនុស្សពីរនាក់មិនអាចក្លាយជាមនុស្សតែមួយបានទេ ដោយសារកត្តាធម្មជាតិ។ មនុស្សពីរនាក់ ឬច្រើននាក់អាចយល់ព្រមលើគោលការណ៍រួម ប៉ុន្តែបើសិនជាមនុស្សម្នាក់មិនគោរពគោលការណ៍រួម គឺគេបានដើរចេញពីក្រុមរួចទៅហើយ។
លោកលើកជាឧទាហរណ៍ថា មនុស្សពីរនាក់ប្រកាសដាក់ខ្លួននៅក្រោមច្បាប់ ដោយមិនគិតថាច្បាប់ល្អ ឬអាក្រក់ ឬមានចេតនាបែបណាឡើយ ប៉ុន្តែក្រោយមកមនុស្សម្នាក់បានរំលោភច្បាប់ និងបានក្លាយជាជនល្មើសច្បាប់ ដូច្នេះមនុស្សទាំងពីរបានចែកខ័ណ្ឌគ្នាដាច់ស្រឡះ គឺម្នាក់ជាជនរគោរពច្បាប់ និងម្នាក់ទៀតជាជនល្មើសច្បាប់។ មិនអាចជាមនុស្សតែមួយ ឬមនុស្សមានគោលការណ៍រួមតែមួយទៀតឡើយ។
លោកថា មនុស្សម្នាក់ដើរចេញពីគោលការណ៍រួម ក្លាយខ្លួនជនល្មើសច្បាប់ ប៉ុន្តែនៅតែអះអាងជាដៃគូស្មោះត្រង់ ឬជាមនុស្សតែមួយ គឺគេមានចេតនាបំផ្លាញមនុស្សម្នាក់ទៀត (ដៃគូខ្លួន) តាមរយៈការអូសទាញឲ្យមកគាំទ្រនិងការពារអំពើល្មើសច្បាប់របស់គេ និងមានទោសជាមួយគេ ក្នុងឋានៈជាសហចារីក្នុងបទល្មើស។ មនុស្សបែបនេះត្រូវបានគេចាត់ទុកថា ប្រភេទមនុស្សទុច្ចរិត ឬមនុស្សបេះដូងខ្មៅ ឬដៃគូទុយ៌ស គោលការណ៍និត្យានុកូលភាព គឺអ្នកណាបំពានច្បាប់ អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់។
លោក មុត ចន្ថា បានសង្កត់ធ្ងន់ថា “ដូច្នេះ ទ្រឹស្តីមនុស្សពីរនាក់ជាមនុស្សតែមួយ គឺជាចេតនាទុច្ចរិតរបស់អ្នកចង់អូសទាញមនុស្សម្នាក់ទៀតឲ្យមកគាំទ្រនិងការពារសកម្មភាពល្មើសច្បាប់របស់អ្នក ដើម្បីឲ្យក្លាយជាសហចារីក្នុងបទល្មើសដែលអ្នកបានប្រព្រឹត្ត។ អ្នកមានចេតនាទុច្ចរិត គឺ នំអញមិនបានស៊ី អញជាន់ចោល ឬអញមិនបានចូលស្រុកធ្វើនយោបាយបាន អញបំផ្លាញឯងមិនឲ្យធ្វើដែរ ឬអញដេកផ្ទះ ឯងក៏ត្រូវដេកផ្ទះដូចអញដែរ ។ ដូច្នេះទ្រឹស្តីមនុស្សពីរនាក់ជាមនុស្សតែមួយ គួរឲ្យខ្ពើមរអើម ដោយសារតែអ្នកជាមនុស្សទុយ៌សដែលមានចិត្តជាទេវទត្ត”៕