ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរថា តើកីឡាប្រដាល់កម្ពុជាឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់កម្ពុជា ទុកឱកាសឱ្យអាជ្ញាកណ្តាលលេីកពេលការប្រកួត។
ថ្មីៗនេះមានការប្រកួតប្រដាល់ខ្មែររវាង កីឡាករ ម៉ឺន មេឃា និង ឃីម បូរ៉ា ដោយការប្រកួតខុសប្រក្រតី ដោយ អាជ្ញាកណ្ដាលប្រកាសលេីកពេលប្រកួត។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ដោយអត់ទ្រាំមិនបាន ខ្ញុំសូមចេញមកនិយាយ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា»។
សម្ដេចតេជោ បន្ដថា តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ ឬត្រូវបង្កើតក្បាច់គុណថ្មី ដោយកំណត់លក្ខណ្ឌប្រកួតថ្មី ដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផល និងលើកពេលទៅប្រកួតនៅពេលក្រោយ។
សម្ដេចតេជោ មានប្រសាសន៍ថា «តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយ សម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់បើទាត់ ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយដេញចេញ ឬពិន័យបាល់១១ម៉ែត្រភ្លាមៗ ដោយមិនទុកពេលឱ្យតវ៉ានោះទេ»។
សម្ដេចតេជោ បញ្ជាក់ថា សម្ដេច មិនបន្ទោសកីឡាករទេព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ សម្ដេច ថា «អ្វីដែលខ្ញុំសុំ គឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន»៕



