ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ ប្រាប់ពីវិធីប្រើប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម សម្រាប់បញ្ជាទិញ​ ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩

ភ្នំពេញ ៖ ដើម្បីពន្លឿន និងសម្រួលដល់ការចែកចាយ ឧបករណ៍តេស្តរហ័សអង់​ទីហ្សែនកូវីដ-១៩ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការបញ្ជាទិញឧបករណ៍នេះ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា ដើម្បីដាក់សំណើបញ្ជាទិញ លោក-អ្នក ត្រូវអនុវត្តតាមជំហ៊ាន ដូចជា ៖ សូមចូលទៅកាន់តំណភ្ជាប់ mptc.gov.kh/rt ហើយចុចលើពាក្យ «ដាក់បញ្ជាទិញ» ពេលនោះទូរសព្ទដៃរបស់ លោក-អ្នក នឹងបើកកម្មវិធីតេឡេក្រាមដោយស្វ័យប្រវត្តិ ។

ជាងនេះទៅទៀត សូមចុចលើប៊ូតុង «Start» នៅខាងក្រោម រួចចុចម្តងទៀតលើប៊ូតុង ដែលបង្ហាញថា «ចុចទីនេះ ដើម្បីបញ្ជូនលេខទូរសព្ទរបស់អ្នក» បន្ទាប់មក លោក-អ្នក នឹងឃើញផ្ទាំងមួយសួរថា Share Your Phone Number? ពេលឃើញដូចនេះ សូមចុច OK លោក-អ្នក ត្រូវបំពេញព័ត៌មាន ៤ប្រភេទ គឺ ឈ្មោះអ្នកទិញ ឈ្មោះស្ថាប័ន ចំនួនបុគ្គលិក ចំនួនឧបករណ៍តេស្តរហ័ស គិតជាឯកតា។ សូមបញ្ជាក់ថា ការបញ្ចូលចំនួនបុគ្គលិក និងចំនួនឧបករណ៍តេស្តមិនត្រូវសរសេរជាលេខខ្មែរ ឬមានអក្សរផ្សេង មកជាមួយនោះទេ។

ក្រសួង បន្ដថា បន្ទាប់ពីអនុវត្តជំហាន ខាងលើរួច លោក-អ្នក នឹងទទួលបានសារដែលបញ្ជាក់អំពីព័ត៌មាន ដែលអ្នកបានបំពេញខាងលើ។ ដូចនេះ សូមពិនិត្យមើលឡើងវិញ ក្នុងករណីដែលព័ត៌មានបញ្ជាទិញរបស់អ្នកត្រឹមត្រូវ ត្រូវ ចុចលើពាក្យ «ត្រឹមត្រូវ» លោក-អ្នក នឹងទទួលបានសារបញ្ជាក់ អំពីការទទួលបានសំណើបញ្ជាទិញ ដោយសំណើនេះ នឹងត្រូវអនុម័ត ជាមុនអំពីចំនួនដែលអាចផ្តល់ជូន ទើបអាចបង់ប្រាក់បាន។

ក្រសួង ក៏បានបញ្ជាក់ថា សូមរង់ចាំការអនុម័ត តាមលំដាប់អាទិភាព ក្រោយការអនុម័ត លោក-អ្នក នឹងទទួលបានសារបញ្ជាក់ អំពីចំនួនឧបករណ៍ ដែលអាចផ្តល់ជូន និងនីតិវិធីដើម្បីទូទាត់ប្រាក់ ព្រមទាំង តេឡេក្រាមរបស់មន្ត្រី ទទួលបន្ទុកលើសំណើរបស់អ្នក នៅពេលទូទាត់ប្រាក់ រួចរាល់ លោក-អ្នក នឹងទទួលបានសារបញ្ជាក់អំពីការបង់ប្រាក់ ។

លោក-អ្នក នឹងទទួលបានសារកំណត់អំពីកាលបរិច្ឆេទ មកទទួលឧបករណ៍ នៅមណ្ឌលផ្តល់សេវាសាធារណៈ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ អ្នកបញ្ជាទិញមុននឹងទទួល បានឧបករណ៍មុន៕

To Top