ភ្នំពេញ៖ ក្រុមហ៊ុនរបស់ឥណ្ឌាមួយ បានប្រើប្រាស់រូបប្រាសាទអង្គរវត្តខ្មែរ ដាក់តាំងលើផលិតផល អង្កររបស់ខ្លួន ដោយពុំមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ។
ក្រោយប្រើប្រាស់រូបប្រាសាទអង្គរ របស់ខ្មែរ ដោយគ្មានការអនុញ្ញាតនេះ ក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មកម្ពុជា បានរួមគ្នាពិនិត្យរកប្រភព។ បន្ទាប់មកឃើញថា ពិតជាមានផលិតផល អង្ករបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុងចរាចរលក់ តាមប្រព័ន្ធអនឡាញមែន ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១២ កក្កដា ។
ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India មានទីតាំងនៅ រដ្ឋ Maharashtra នៃប្រទេសឥណ្ឌា ។
ផ្អែកលើលទ្ធផល សហការស្រាវជ្រាវនេះ ក្រសួងការបរទេស បានសម្រេចឲ្យស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់តវ៉ា ទៅភាគីឥណ្ឌា ឲ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ការ ប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្ត លើសំបកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនេះប្រាសចាកនឹងច្បាប់ ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញា ទីក្រុងប៉ារីស ស្ដីពីកិច្ចការពារកម្មសិទ្ធិ ឧស្សាហកម្មថែមទៀតផង ។
ជាលទ្ធផលក្រុមហ៊ុនឥណ្ឌានេះ បានបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្ត លើសំបកវេចខ្ចប់របស់ខ្លួន តាមការតវ៉ារបស់ក្រសួងការបរទេស និងស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌាហើយ ។ សូមបញ្ជាក់ថា ថ្មីៗនេះ ក៏មានការសង្ស័យថា ភាគីថៃ បានសាងសង់ប្រាសាទចម្លង ឬយករចនាបថ របស់ប្រាសាទអង្គរខ្មែរផងដែរ ប៉ុន្តែនៅពេលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្រាវជ្រាវនិងសួរនាំ ទៅអាជ្ញាធរថៃ ក៏ខាងថៃ អះអាងថា មិនចម្លង ឬយករចនាបថ តាមប្រាសាទអង្គរខ្មែរឡើយ៕