ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ កំលាំងជំនាញសុីម៉ាក់ បានបញ្ចប់ការបោសសំអាត គ្រាប់បែកដៃមួយរណ្តៅ មានចំនួន៤២៥គ្រាប់ ប្រកបដោយសុវត្ថិភាព នៅខេត្តសៀមរាប ។

លោកបញ្ជាក់ថា «គ្រាប់បែកដៃនេះជាប្រភេទN36 ផលិតនៅប្រទេសអង់គ្លេស ហេីយអាចជាសំណល់ ពីសង្គ្រាមលោកលេីកទីII »។

លោក ហេង រតនា បានអរគុណកំលាំងនគរបាលខេត្តសៀមរាប និងអារជ្ញាធរមូលដ្ឋាន ដែលបានសហការយ៉ាងជិតសិទ្ធ ជាមួយកំលាំងជំនាញសុីម៉ាក់ ដេីម្បីដោះស្រាយបញ្ហា គ្រាប់បែកដៃ ជាសំណល់សង្គ្រាមនេះ ប្រកបដោយជោគជ័យ។ សូមអំពាវនាវចំពោះម្ចាស់ការដ្ឋានផ្លូវថ្នល់ ប្រពន្ធ័លូទឹក និងការជីកកយដីទាំងឡាយ ត្រូវយកចិត្តទុក លេីគោលការណ៍សុវត្ថិភាពជាចំបង ! ដេីម្បីធានាសុវត្ថិភាពជាចំបងនេះ ត្រូវតែមានការត្រួតពិនិត្យសុវត្ថិភាពជាមុន ! ៕






