ព័ត៌មានជាតិ

កម្ពុជា អរគុណរដ្ឋាភិបាលជប៉ុន ផ្ដល់វ៉ាក់សាំង១ លានដូស

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាលជប៉ុន ប្រកាសផ្ដល់វ៉ាក់សាំង Astra Zeneca ប្រមាណ១លានដូស ដល់ប្រទេសកម្ពុជា។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ ជំនួយវ៉ាក់សាំង Astra Zeneca ប្រមាណ១លានដូស ដល់កម្ពុជា ។ ជំនួយនេះធ្វើឡើង ស្របតាមចំណង មិត្តភាពរវាង ជប៉ុន-កម្ពុជា និងដោយផ្អែកលើស្ថាន ភាពកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

ជាការឆ្លើយតប លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១៣ កក្កដា ថា ការផ្ដល់ជំនួយវ៉ាក់សាំងមកដល់កម្ពុជា គឺជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោកស្រី មានប្រសាសន៍ថា «យើងរីករាយ និងអបអសាទរ ហើយក៏ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះប្រទេសជប៉ុន ដែលបានចូលរួមចំណែក ជាមួយនឹងរាជដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់វ៉ាក់សាំង ជូនបងប្អូន ប្រជាពលរដ្ឋយើង»។

ជាងនេះទៅទៀត លោកស្រី ឱ វណ្ណឌីន ក៏បានចាត់ទុកការ ផ្ដល់ជំនួយវ៉ាក់សាំង ប្រមាណ១លានដូស មកដល់កម្ពុជា គឺជាចំណុចមួយបង្ហាញ ឲ្យឃើញពីកិច្ចសហប្រតិបត្តិការ ល្អរវាងកម្ពុជា-ជប៉ុន។

តាមរយៈសេចក្ដី ប្រកាសព័ត៌មានដដែល លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា វ៉ាក់សាំង ដែលត្រូវ បានផ្ដល់អាជ្ញា បណ្ណផលិត ក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូន មកដល់រាជធានីភ្នំពេញ ក្នុងពេល ដ៏ឆាប់ខាងមុខនេះ នៅពេលដែល ការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់ ។ លោក សង្ឃឹមថា ជំនួយនេះនឹងជួយគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ក៏ដូចជា កាត់បន្ថយការព្រួយបារម្មណ៍ មួយចំនួន របស់ប្រជាជនកម្ពុជា៕

ដោយ ៖ អេង ប៊ូឆេង

To Top