ភ្នំពេញ ៖ ក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋគ្រប់រូប ទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិក និងប្រើប្រាស់ក្រដាសប្រាក់រៀល ប្រកបដោយអនាម័យខ្ពស់។
តាមរយៈសេចក្ដីប្រកាស ព័ត៌មានរបស់ ធនគារជាតិនៃកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ប្រាក់រៀល ត្រូវបានបង្កើនតួនាទី ជាលំដាប់ក្នុងសេដ្ឋកិច្ច និងសង្គម ប្រកបដោយនិរន្តរភាព និងជំនឿទុកចិត្តដែលបម្រើផលប្រយោជន៍ ដល់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និងសេដ្ឋកិច្ចជាតិទាំងមូល។
ធនាគារជាតិបញ្ជាក់ថា «ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជា សូមលើកទឹកចិត្តឲ្យ សាធារណជនទាំងអស់ ប្រើប្រាស់ការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើប្រាស់ក្រដាសប្រាក់រៀល ប្រកបដោយអនាម័យខ្ពស់»។
ប្រភពដដែល បន្ដថា កន្លងមកដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់គុណ តម្លៃរបស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា ក៏បានផ្សព្វផ្សាយអំពីរបៀប នៃការទុកដាក់ និងប្រើប្រាស់ក្រដាសប្រាក់រៀល ឲ្យបានត្រឹមត្រូវ និងប្រកបដោយអនាម័យ តាមរយៈវីដេអូខ្លី និងឯកសារអប់រំផ្សេងៗផងដែរ។ សម្រាប់ក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចប្តូរថ្មី ដោយមិនគិតកម្រៃសេវា នៅគ្រប់បញ្ហារបេឡា របស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងតែស្នាក់ការកណ្តាល) នៅរៀងរាល់ម៉ោងធ្វើការ ៕