ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ណែនាំស្ថាប័នរដ្ឋ និងឯកជន ធ្វើតេស្ដរហ័ស ជាប្រចាំយ៉ាងតិច១ដង ចន្លោះ១-២សប្ដាហ៍ (Video)

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំស្ថាប័នរដ្ឋ និងឯកជន ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ទៅលើមន្រ្តី និងបុគ្គលិករបស់ខ្លួន ជាប្រចាំយ៉ាងតិច១ដង ក្នុងចន្លោះ ១ទៅ ២សប្ដាហ៍ ដើម្បីចូលរួមចំណែក ទប់ស្កាតការរីករាលកូវីដ-១៩ នៅកម្ពុជា។

យោងតាមគោលការណ៍ ណែនាំទូទៅ ស្ដីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្ដរហ័ស រកអង់ទីហ្សែនកូវីដ-១៩ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានពន្យល់ថា ដោយសារការធ្វើតេស្តរហ័ស ចំណាយរយៈពេលខ្លី និងប្រើប្រាស់ថវិកាតិច ឧបករណ៍តេស្តរហ័សនេះ នឹងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៅក្នុងសហគមន៍ និង ការរុករកករណីលាក់បាំង (ដូចជាករណីដែលមិនមានរោគសញ្ញា) ដើម្បីរក្សានិរន្តរភាពការងារ នៅតាមទីតាំងមួយចំនួន ។

រាជរដ្ឋាភិបាលបន្ដថា ការធ្វើតែស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរុករកវត្តមាន នៃអ្នកផ្ទុកមេរោគកូវីដ-១៩ នៅតាមទីតាំង ទាំងនោះ ។ ក្នុងន័យនេះ ដើម្បីពង្រឹងយន្តការកាត់ បន្ថយហានិភ័យ នៃវត្តមាន របស់អ្នកផ្ទុកមេរោគកូវីដ-១៩ នៅតាមទីតាំងខាងលើ គោលការណ៍ណែ នាំប្រតិបត្តិ សម្រាប់ការធ្វើតេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ នៅតាមស្ថាប័នរដ្ឋ ឬឯកជននានា ត្រូវមានការរៀបចំឡើងជាលម្អិត។

រាជរដ្ឋាភិបាល បញ្ជាក់ថា «រៀបចំផែនការធ្វើតេស្តរហ័ស តាមបែបជម្រើសដោយចៃដន្យ ដែលមានលក្ខណៈជាវដ្ត (Periodic) និងសមស្របនឹងហានិភ័យស្ថាប័ន ឬអង្គភាព និងប្រព្រឹត្តទៅជាប្រចាំលើបុគ្គលិក ចំនួនយ៉ាងតិច ៥-១០% នៃបុគ្គលិកក្នុងស្ថាប័ន ឬអង្គភាព (ដោយក្នុងសំណាកនីមួយៗត្រូវមានបុគ្គលិកដែលមានទីតាំងលំនៅដ្ឋានក្នុងតំបន់ខុសៗគ្នា) ។ ផែនការនេះគួរធានាថា បុគ្គលិកទាំងអស់ ដែលមានវត្តមានលើបរិវេណស្ថាប័ន ឬអង្គភាព ទទួលបានការ ធ្វើតែស្តរហ័សជាប្រចាំ (យ៉ាងតិច ១ ដង ក្នុងចន្លោះ ១ ទៅ ២ សប្តាហ៍)។ ស្ថាប័ន ឬអង្គភាពនីមួយៗ ត្រូវផ្សព្វផ្សាយឲ្យបានច្បាស់លាស់ និងទូលំទូលាយអំពីផែនការ នៃការធ្វើ តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ របស់ខ្លួន»។

រាជរដ្ឋាភិបាល បន្ថែមថា ត្រូវកំណត់បុគ្គលិក ដែលមានហានិភ័យខ្ពស់ ដូចជាបុគ្គលិក ដែលមានការប្រាស្រ័យទាក់ទង ជាមួយបុគ្គលិកផ្សេងទៀត ឬមនុស្សក្រៅស្ថាប័ន ឬអង្គភាពច្រើន រួចធ្វើតេស្តរហ័ស ឲ្យញឹកញាប់លើបុគ្គលិកទាំងនោះ ។ ប្រសិនបើមានករណីវិជ្ជមាន ឬមានការផ្ទុះនៃជំងឺកូវីដ-១៩ ត្រូវអនុវត្តតាមគោលការណ៍ ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តហ័សរកអង់ទីហ្សែនកូវីដ-១៩ សម្រាប់គ្រឹះស្ថាន សុខាភិបាលឯកជន, ស្ថាប័ន និងអង្គភាពរដ្ឋមិនមែន សុខាភិបាល, បណ្តាច្រកទ្វារចេញ- ចូលប្រទេស, ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត និង សម្រាប់បុគ្គលឯកជន របស់ក្រសួងសុខាភិបាល ៕

To Top