ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ អមដំណើរដោយលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យមើលទីតាំងមួយចំនួនក្នុងខេត្ត ដើម្បីរៀបចំ ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩កម្រិតធ្ងន់ សម្រាប់ពលករដែលវិលត្រឡប់ មកពីប្រទេសថៃ។



ការចុះពិនិត្យរៀបចំ មណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាល ជំងឺ កូវីដ-១៩ កម្រិតធ្ងន់ សម្រាប់ប្រជាពលរដ្ឋ ដែលជាពលករ វិលត្រឡប់ មកពីប្រទេសថៃ នាពេលនេះ គឺដោយសារមួយរយៈកន្លងមកនេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរកឃើញពលករ ដែលមកពីប្រទេសថៃមានផ្ទុកជំងឺកូវីដ-១៩ ជាច្រើននាក់ គួរឲ្យព្រួយបារម្ភ ម្យ៉ាងទៀតទីតាំងមួយចំនួន ក៏មានការពេញ ផងដែរ។



លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញធរខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែលមួយរយៈនេះ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការគ្រប់គ្រងមើលថែ ពលករដែលវិលត្រឡប់ មកពីប្រទេសថៃ បានយ៉ាងល្អ។


សូមបញ្ជាក់ថា នៅខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញជំងឺកូវីដ-១៩ ចំនួន២.២២២នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេស ចំនួន២.០៦០នាក់ ករណីឆ្លង ក្នុងសហគមន៍ ចំនួន១៦២នាក់ បានព្យាបាល ជាសះស្បើយ ចំនួន៤៨៩នាក់ និងកំពុងសម្រាកព្យាបាល ចំនួន១.៧២៩នាក់ និងស្លាប់ចំនួន ៤នាក់ ផងដែរ៕


