ព័ត៌មានជាតិ

លោក ជូង ជូងី សុំសិទ្ធិធ្វើនយោបាយឡើងវិញ (Video)

ភ្នំពេញ ៖ លោក ជូង ជូងី ដែលគេដឹងថា ជាមេធាវីការពារក្តីឲ្យលោក សម រង្ស៊ីនិងអតីតក្រុមមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ ហើយក៏ជាអតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតបក្សប្រឆាំងនេះ បានប្រកាសសុំសិទ្ធិធ្វើនយោបាយឡើងវិញ ។

លិខិតស្នើសុំធ្វើនយោបាយឡើងវិញ ដោយមានស្នាមមេដៃលោក ជូង ជូងីត្រូវបានដាក់ជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែលោកទើបបានយកមកផ្សាយជាសាធារណៈក្នុងផេកហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ១៥ កក្កដា ។

លោក ជូង ជូងី ស្ថិតក្នុងបញ្ជីឈ្មោះថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូល សម្រេចហាមឃាត់ មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ។

លិខិតរបស់លោក ជូង ជូងី បានឲ្យដឹងទៀតថា “ខ្ញុំបាទមានបំណងចង់ចូលរួមសកម្មភាពនយោបាយ ដើម្បីបំរើប្រជាពលរដ្ឋ ដូចនេះ សូមសម្តេចក្រឡាហោម មេត្តាពិនិត្យតាមនីតិវិធី និងផ្តល់នីតិសម្បទាធ្វើនយោបាយដល់ខ្ញុំបាទឡើងវិញ ដោយសេចក្តីអនុគ្រោះ” ។

សូមបញ្ជាក់ថា លោក ជូង ជូងីជាមនុស្សទី២៥ហើយដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ខណៈអ្នកផ្សេងដែលបានទទួលសិទ្ធិឲ្យធ្វើនយោបាយវិញនោះ ក៏បានចេញទៅបង្កើតគណបក្សគ្រប់គ្នាដែរ ។ គិតមកដល់ពេលនេះ អតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិបានបង្កើតបក្សចំនួន៥ហើយរួមមាន ៖ ១-គណបក្សឆន្ទៈខ្មែរ (មានលោក គង់ មូនីកា និងលោកគង់ គាំជាឪពុក-កូន)។ ២-គណបក្សខ្មែរអភរិក្ស (លោក រៀល ខេមរិន្ទ) ៣-គណបក្សខ្មែរស្រឡាញ់ជាតិ (លោកជីវ កត្តា) ៤-គណបក្សកំណែទម្រង់កម្ពុជា (លោក ប៉ុល ហំម និងអ៊ូ ច័ន្ទរ័ត្ន ) និង៥-គណបក្សបេះដូងជាតិ (ប្រភពអះអាងថាលោក ថាច់ សេដ្ឋា) ៕

To Top