ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមាន លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធាន និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA) ជាអនុប្រធាន ព្រមទាំង មានសមាជិកមួយចំនួនទៀត។
តាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ មានភារកិច្ច ដូចជា ៖ ផ្តល់ប្រឹក្សាយោបល់ និងតម្រង់ទិសការងារ ដល់ការសិក្សាវាយតម្លៃទាក់ទងការចាក់វ៉ាក់សាំងកូវីដ-១៩ ,ផ្តល់ប្រឹក្សាយោបល់លើពិធីសារសិក្សា និងវាយតម្លៃ ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ,ពិនិត្យផ្តល់ប្រឹក្សា និងអនុម័តលើរបាយការណ៍នៃការសិក្សា និងវាយតម្លៃ។
ជាងនេះទៅទៀត ក្រុមការងា ក៏ត្រូវបង្កើតពិធីសារសិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ រួមមាន រៀបចំវិធីសាស្ត្រឧបករណ៍ប្រមូល-វិភាគទិន្នន័យសិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ,ដឹកនាំ និងសម្របសម្រួលការងារសិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ,វិភាគ និងរៀបចំរបាយការណ៍សិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ,អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធានក្រុមប្រឹក្សានាយក៕




