ភ្នំពេញ ៖ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រកាសដាក់ឱ្យដំណើរកា រ នូវបណ្តាញធុរកិច្ចនៃ ចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា (SBN Cambodia) ដែលប្រមូលចងក្រងអាជីវកម្ម ក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភឱ្យ កាន់តែប្រសើរឡើង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ កម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹងថា បណ្តាញធុរកិច្ចនេះត្រូវបានបង្កើតឡើងដោយ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) ដោយមានការគាំទ្រពី កម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីជំរុញកិច្ចសហការ និងការគាំទ្រគ្នាទៅវិញ ទៅមក រវាងវិស័យឯកជន សមាគមធុរកិច្ច រដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែក ក្នុងការជំរុញឱ្យមានរបបអាហារសុខភាព និងការអនុវត្តទម្លាប់សុខភាព ប្រកបដោយនិរន្តរភាព។
លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា «យើងមានមោទនភាពចំពោះវឌ្ឍនភាពក្នុងអំឡុងទសវត្សកន្លងមកនេះ ក្នុងការកែលម្អស្ថានភាពអាហារូបត្ថម្ភ ជាពិសេសសម្រាប់កុមារ។ ទោះយ៉ាងណាក៏ដោយ នៅមានកិច្ចការជាច្រើនទៀតដែលយើងត្រូវធ្វើ ដើម្បីលុបបំបាត់បញ្ហាអាហារូបត្ថម្ភ»។
លោក បន្ដថា អាជីវកម្មក្នុងស្រុក គឺជាតួអង្គដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់គុណភាពអាហារ សម្រាប់ប្រជាជនកម្ពុជា។
លោក សង្ឃឹមថា ការបើកឱ្យដំណើរការនូវ បណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជានេះ រួមជាមួយនឹងការគាំទ្រជាបន្តបន្ទាប់របស់យើងទៅលើវិស័យឯកជន នឹងសរបញ្ជាក់ឱ្យឃើញច្បាស់នូវសារៈសំខាន់និងតម្លៃនៃតួនាទី របស់អាជីវកម្មក្នុងស្រុក។
លោក បន្ថែមថា ការបង្កើតបណ្ដាញធុរកិច្ច SBN នៅកម្ពុជា គឺជាព្រឹត្តិការណ៍ជាតិដ៏សំខាន់ ក្នុងការគាំទ្រដល់ចលនា បង្កើនអាហារូបត្ថម្ភសកល ដែលមានគោលដៅលុបបំបាត់ បញ្ហាអាហារូបត្ថម្ភទូទាំងពិភពលោកត្រឹមឆ្នាំ២០៣០។ ចលនានេះទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការ កែលម្អអាហារូបត្ថម្ភ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព។
ដោយឡែក លោកស្រី ក្លែរ កូណាន់ តំណាងរបស់កម្មវិធីស្បៀងអាហារពិភពលោក ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «យើងខ្ញុំសូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលបានបង្កើតនូវបណ្តាញធុរកិច្ចនេះ និងទន្ទឹងការសហការជាមួយ សមាជិកស្ថាបនិកទាំងចាស់ទាំងថ្មីនាពេលអនាគត។ ពួកយើងជឿជាក់ថា ការកែលម្អសមាសធាតុអាហារូបត្ថម្ភ ផលិតផលអាហារគឺជាជម្រើសឈ្នះឈ្នះ សម្រាប់អតិថិជនផង និងសម្រាប់អាជីវកម្ម ពីព្រោះអាជីវកម្មណាដែលផ្តល់នូវអាហារូបត្ថម្ភល្អ នឹងនាំឱ្យអាជីវកម្មនោះ មានលក្ខណៈពិសេសប្លែកពីអាជីវកម្មដទៃ ដូច្នេះនាំឱ្យមានកំណើន នៃការលក់និងប្រាក់ចំណេញ»៕