ព័ត៌មានជាតិ

បើកការដ្ឋានស្ថាបនា ផ្លូវក្រាលកៅស៊ូ១ខ្សែប្រវែង ២៧.៣៤ គីឡូម៉ែត្រ ក្នុងស្រុកកងមាស

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ ប្រភេទ DBST ប្រវែង ២៧.៣៤ គីឡូម៉ែត្រ ភ្ជាប់គ្នា ៣ឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។ 

លោកអភិបាលខេត្ត បានថ្លែងថា សមិទ្ធផលដ៏ថ្លៃថ្លានេះ គឺបានមកពីការខិតខំប្រឹងប្រែង ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសគឺក្រុមការងារចុះជួយស្រុក ។ ហើយផ្លូវដែលត្រូវស្ថាបនានេះ មានប្រវែង ២៧.៣៤ គីឡូម៉ែត្រ ស្ថិតក្នុងឃុំព្រែកកុយ ឃុំរាយប៉ាយ និងឃុំសូគង ក្នុងស្រុកកងមាស ដែលគម្រោងនេះអាចសាងសង់រួចរាល់ ក្នុងរយៈពេល ១៥ ខែ ។ 

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមដងផ្លូវ ប្រសិនបើមានការប៉ះពាល់សូមយោគយល់ ចូលរួម សហការជាមួយនឹងអាជ្ញាធរ និងក្រុមវិស្វកម្ម ដើម្បីទទួលបានផ្លូវស្អាត ប្រកបដោយគុណភាព ប្រើប្រាស់បានយូរអង្វែង ។

លោកអភិបាលខេត្ត បានយកឱកាសនោះ ក្រើនរំលឹកដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនអោយបានល្អ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ចាប់ពីខ្លួនយើងម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល ៣ការពារ ៣កុំ ដើម្បីជៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវនេះ ។

To Top