ព័ត៌មានជាតិ

រដ្ឋមន្ដ្រីការបរទេសខ្មែរ-ឥណ្ឌា នឹងដឹកនាំកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស មេគង្គ-គង្គាលើកទី១១ (Video)

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជានឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដើម្បីដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-គង្គា លើកទី១១ (11th MGC FMM) នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។

រដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសមេគង្គ ផ្សេងទៀតនឹងចូលរួមផងដែរ រួមមាន ៖ ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបទេសខ្មែរ នាថ្ងៃ១៩ កក្កដា បានឲ្យដឹងថា រដ្ឋមន្រ្តីទាំងអស់រំពឹងថា នឹងផ្លាស់ប្តូរយោបល់គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម ។

កិច្ចប្រជុំ 11th MGC FMM តាមប្រព័ន្ធវីដេអូនេះ បញ្ជាក់ពីសមិទ្ធផលថ្មីបន្ថែមទៀតក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ក្នុងរយៈពេល ២១ឆ្នាំកន្លងមក សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់មេគង្គ និងប្រទេសឥណ្ឌា ស្របពេលជាមួយការពង្រឹងកិច្ច សហប្រតិបត្តិការរវាងឥណ្ឌា និងប្រទេសមេគង្គ តាមរយៈទំនាក់ទំនងវប្បធម៌ និងរវាងប្រជាជន និង ប្រជាជន។

ជាមួយគ្នានោះដែរ ដើម្បីអបអរខួបទី២០ នៃកិច្ចសហប្រតិបត្តិការនេះ កិច្ចប្រជុំនឹងមានការបើកសម្ពោធឲ្យដំណើរការនូវគេហទំព័រ MGC ថ្មីស្រឡាងមួយ និងការចាក់បង្ហាញឯកសារវីដេអូ ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសង្គមវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសមាជិក ៕

To Top