ភ្នំពេញ ៖ កម្ពុជាគាំទ្រ សេចក្តីថ្លែងការណ៍រួមស្តីពី «និរន្តរភាព នៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ» (Sustainable Agriculture Productions and Food System) ព្រោះថា ស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍ វិស័យកសិកម្មកម្ពុជា ឆ្នាំ២០៣០ ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សា និងរៀបចំសេចក្តីថ្លែងការណ៍រួមស្តីពី និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក វេង សាខុន បានបញ្ជាក់ថា «កម្ពុជាសូមគាំទ្រលើសេចក្តីថ្លែងការណ៍រួមនេះ ទាំងស្រុង ព្រោះសេចក្តីថ្លែងការណ៍រួមនេះ ស្របទៅនឹងគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឆ្នាំ ២០៣០ ដែលបានដាក់ចេញនូវគោល នយោបាយ រួមមាន ៖ ទី១-ជំរុញផលិតកម្មកសិកម្ម ,ទី២-បង្កើនប្រសិទ្ធភាព និងមានភាពប្រកួតប្រជែង និងទី៣-ការបង្កើនផលិតកម្មកសិកម្ម ដោយគិតគូរដល់និរន្តរភាពបរិស្ថាន»។
នាឱកាសនោះ លោក Nogami Kotaro រដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន បានលើកឡើង ថា លោក នឹងថ្លែងសេចក្តី ថ្លែងការណ៍រួមស្តីពី «និរន្តរភាពផលិតកសិកម្ម និងប្រព័ន្ធស្បៀងអាហារ» នេះ នៅក្នុងកិច្ចប្រជុំត្រៀមមហាសន្និបាតកំពូលពិភពលោក (Pre-Summit on Food System) នាខែកញ្ញា ២០២១ ខាងមុខ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
សូមជម្រាបថា សេចក្តីថ្លែងការណ៍រួមស្តីពី «និរន្តរភាពនៃផលិតកម្មកសិកម្ម និង ប្រព័ន្ធស្បៀងអាហារ» មានគោលបំណង ទាក់ទាញចំណាប់ អារម្មណ៍ឲ្យប្រទេសទាំងអស់ ក្នុងសកលលោកងាក មកយកចិត្តទុកដាក់មក លើប្រទេសកសិកម្ម ជាពិសេស ប្រទេសក្នុង តំបន់ខ្យល់មូសុង ព្រោះថា ការប្រែប្រួលអាកាសធាតុ គឺ ជាកត្តាដ៏សំខាន់ដែលជះឥទ្ធិពលដល់និរន្តរភាព នៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀង អាហាររបស់ប្រទេស សមាជិកអាស៊ាន ។ ហេតុដូច្នេះ សេចក្តីថ្លែងការណ៍រួមនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមយ៉ាងសកម្ម ជាមួយប្រទេសសមាជិក ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាអន្តរជាតិ ក្នុងការជួយដល់ប្រទេស ដែលពឹងផ្អែកលើផលិតកម្ម កសិកម្មជាចំបង ទាំងធនធានហិរញ្ញវត្ថុ និងបច្ចេកទេសកសិកម្មទំនើប ៕