ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា កញ្ចប់បារីទាំងអស់ដែលចរាចរលើទីផ្សារ ត្រូវតែមានសារព្រមានថ្មី ជារូបភាព និងជាអក្សរ កំណត់ដោយក្រសួងសុខាភិបាល។
យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល សារព្រមានសុខភាពត្រូវផ្ដាស់ប្ដូររៀងរាល់២ឆ្នាំម្ដង។ ក្រសួងសុខាភិបាល បានជូនដំណឹង និងផ្ដល់រូបភាពថ្មីដល់ក្រុមហ៊ុនថ្នាំជក់ តាំងពីខែធ្នូ ឆ្នាំ២០២០ មានរយៈពេល ៩ខែ គិតដល់ថ្ងៃកំណត់១ សីហា ២០២១។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការចលនា ដើម្បីសុខភាពកម្ពុជា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ការរឹតបន្តឹងការបោះពុម្ពសារព្រមានសុខភាពជារូបភាពលើកញ្ចប់បារីឲ្យបានទៀងទាត់ជំរុញអ្នកជក់អាចផ្ដាច់បារី និងបង្ការស្រី្ត យុវជន និងកុមារ កុំឲ្យចាប់ផ្ដើមជក់បារី។
ប្រភពដដែលបន្ដថា ការផ្ដាច់បារីរបស់ប្រជាពលរដ្ឋ រួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពីព្រោះ ការជក់បារីបង្កើនឱកាសនៃការឆ្លងជំងឺនេះ ហើយប្រសិនបើអ្នកជក់ឆ្លងជំងឺនេះ គាត់នឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរជាងអ្នកមិនជក់។ មានការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជាច្រើនបង្ហាញថា ការដាក់សារព្រមានសុខភាពជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ជាវិធានការអប់រំ ដែលមានប្រសិទ្ធភាពខ្ពស់ ។
ជាក់ស្ដែង ការសិក្សានៅប្រទេសថៃ ឆ្នាំ២០១៨ អំពីប្រសិទ្ធភាព នៃសារព្រមានសុខភាពជារូបភាពមានទំហំ៨៥% នៃកញ្ចប់បារី បានបង្ហាញថា រូបភាពព្រមានសុខភាពធំ មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនភាពភ័យខ្លាច និងបង្ការការផ្ដើមជក់បារីក្នុងចំណោមអ្នកមិនជក់បារី រីឯក្នុងចំណោមអ្នកជក់បារី រូបភាពព្រមានសុខភាពធំ មានប្រសិទ្ធភាពធ្វើអោយមានការភ័យខ្លាច និងធ្វើអោយអ្នកជក់មានបំណងផ្ដាច់បារី (Sirichotiratana, Sujirarat, et al, 2018)។
ស្រដៀងនេះដែរ ការសិក្សាមួយរបស់ក្រសួងសុខាភិបាលអូស្រាលី អំពីប្រសិទ្ធភាពនៃកញ្ចប់បារីលាត បានបង្ហាញថា កញ្ចប់បារីដែលដាក់សារព្រមានសុខភាពរូបភាព មិនមានការរចនាលំអនានាលើកញ្ចប់បារី មានប្រសិទ្ធធ្វើអោយអ្នកប្រើប្រាស់ថ្នាំជក់យល់ដឹងពីផលប៉ះពាល់នៃការជក់បារី ធ្វើអោយអ្នកជក់បារីចាប់ផ្ដើមព្រួយបារម្មណ៍អំពីសុខភាពរបស់ខ្លួន និងធ្វើអោយអ្នកជក់បារីមានបំណងផ្ដាច់បារី(Essence, 2018)។
ទោះជាបែបនេះក្តី ប្រសិទ្ធភាពនៃសារព្រមានសុខភាព និងថយចុះដោយសារតែភាពស៊ាំនឹងរូបភាព ដដែលៗក្នុងរយៈពេលវែង ហេតុនេះហើយបានជាក្រសួងសុខាភិបាលបានកំណត់ឲ្យមានការផ្លាស់ប្ដូរសារព្រមាន ជារូបភាពថ្មី រៀងរាល់២ឆ្នាំម្ដង ។
សូមរំលឹកថា ថ្នាំជក់ជាផលិតផលដែលមានគ្រោះថ្នាក់ ដោយហេតុថា ពាក់កណ្ដាលនៃអ្នកប្រើប្រាស់ថ្នាំជក់ ធ្លាក់ខ្លួនឈឺ ពិការ និងស្លាប់មុនអាយុកំណត់។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺបង្កពីការប្រើប្រាស់ថ្នាំជក់។ ថវិកាប្រមាណ ១,៤ ទ្រីលានដុល្លារអាមេរិក ត្រូវបានខាតបង់ដោយសារការប្រើប្រាស់ថ្នាំជក់ (WHO FCTC Investment Case for Cambodia, 2019)៕