ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ កក្កដា នេះបានបង្ហាញ ក្តីរំភើបរីករាយដោយរូបចម្លាក់បុរាណសតវត្សរ៍ទី១០ នៃគ្រឹះសករាជ(គ.ស) «ព្រះស្កន្ទគង់លើក្ងោក» របស់ខ្មែរកំពុងបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ ។
ការបញ្ជូនមកនេះ ដោយសារតែមានកិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងក្រសួងវប្បធម៌កម្ពុជា។
ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្ត ក្នុងការបញ្ឈប់នូវការជួញដូរខុសច្បាប់នូវវត្ថុបុរាណនានា ។
សូមបញ្ជាក់ថា រូបចម្លាក់នេះ ត្រូវបានអាមេរិករឹបអូសបានពីពលរដ្ឋខ្លួន នៅសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក ។ វត្ថុបុរាណដ៏ពិចិត្រនេះ ត្រូវបានយកចេញពីប្រាសាទក្រចាប់ដែលជាប្រាសាទមួយ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានី នៃអាណាចក្រខ្មែរ នៅសតវត្សរ៍ទី១០ គ.ស៕