ព័ត៌មានជាតិ

មន្រ្ដី សាធារណការ ចុះដោះស្រាយ បញ្ហាដឹកលើសទម្ងន់ កម្រិតកំណត់ នៅផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់ ភ្នំពេញ-កណ្តាល

ភ្នំពេញ ៖ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល អចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំគណៈ ប្រតិភូនិងគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ ចុះដោះស្រាយ និងពិនិត្យសំណូមពរ របស់តំណាងក្រុមយានយន្ត ដឹកជញ្ជូន លើបញ្ហាដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់ រាជធានីភ្នំពេញ-ខេត្តកណ្តាល ។

តំណាងរបស់យានយន្តដឹកជញ្ជូន ទាំង៥រូប បានស្នើសុំដំណោះស្រាយ ៣ចំណុច ដែលខុសពីច្បាប់ និងឯកសារ គតិយុត្តិ រួមមាន៖ ទី១-ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥ (V1) ដែលក្នុងច្បាប់ កំណត់ត្រឹមតែ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បាប់កំណត់ត្រឹមតែ ១៦តោន ,ទី២- ស្នើសុំត្រឹមកុំឱ្យមានឃាត់ យានយន្តចំនួនមួយឆ្នាំ ដោយសុំត្រឹមតែ ពិន័យជាថវិកា និងទី៣- ស្នើសុំដោះលែងយានយន្ត ទាំងឡាយណា ដែលកំពុងឃាត់ទុកមួយឆ្នាំ ឱ្យចរាចរណ៍ដឹកជញ្ជូនបាន។

ជាការឆ្លើយតប លោកប្រធាន គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំបានទទួលពិនិត្យសំណូមពរទាំង ៣ចំណុចខាងលើ និងគោរពរាយការណ៍ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល់ រដ្ឋមន្ដ្រីក្រសួង សាធារណការ និងដឹកជញ្ជូន ដើម្បីស្វែងរកដំណោះស្រាយ សមស្របណាមួយជូន និងស្នើសុំឱ្យក្រុមយានយន្តដឹកជញ្ជូនទាំងអស់ កុំប្រមូលផ្តុំ ជៀសវាងការឆ្លងនៃជំងឺកូវីដ១៩។

គួរបញ្ជាក់ថា គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការ ត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានឃាត់យានយន្ត ដែលរក្សាទុកចំនួនមួយឆ្នាំ ១៧៣គ្រឿង ដោយអនុវត្តយ៉ាងតឹងរឹងបំផុត ដោយគ្មាន ការលើកលែងឡើយ តាមច្បាប់ ស្តីពីផ្លូវថ្នល់មាត្រា៦០ និងសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការ យ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ៕

To Top