ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ឱ្យបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋ កាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យ និងអាជ្ញាធរ ដែលស្ម័គ្រចិត្តព្យាបាលតាមផ្ទះ កាន់តែច្រើន។
នេះជាអ្វីដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ជុំវិញការត្រួតពិនិត្យការផ្តល់ ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះតាមរយៈ Video Conference នាល្ងាច ថ្ងៃទី២០ កក្កដា ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង មានប្រសាសន៍ថា ការព្យាបាលតាមផ្ទះ ជាជំរើសដ៏ល្អ ហើយត្រូវបានប្រជាពលរដ្ឋស្ម័គ្រចិត្ត ចូលរួមក្នុងការព្យាបាល តាមផ្ទះនេះកាន់តែច្រើនឡើង។ ដូច្នេះអ្វីដែលត្រូវអនុវត្តនោះ គឺអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ អោយបានខ្ពស់បំផុត ចំពោះការព្យាបាល តាមផ្ទះនេះ ដើម្បីឱ្យប្រជាពលរដ្ឋ កាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើង។
លោក ឃួង ស្រេង បញ្ជាក់ថា “ចំពោះខណ្ឌនីមួយៗ ត្រូវបង្កើតឲ្យមានទីបញ្ជាការស្រាល ១កន្លែងក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាជួយអន្តរាគមន៍ ប្រជាពលរដ្ឋ ពេលមានបញ្ហាអ្វីមួយ ហើយប្រធានការិយាល័យ សុខាភិបាល ស្រុកប្រតិបត្តិ (OD) ក៏ត្រូវតែនៅក្នុងទីបញ្ជាការស្រាលនេះដែរ ពោលគឺនៅពេលមានបញ្ហាអ្វី យើងអាចជួយសូវ៉េ បានទាន់ពេលវេលា មិនគ្រោះថ្នាក់ដល់អាយុជីវិត” ។
ចំពោះអ្នកដែលពិនិត្យរកឃើញ មានវិជ្ជមានជំងឺកូវីដ-១៩ និងបានសម្រេចចិត្តព្យាបាល នៅតាមផ្ទះហើយ តែបែជាល្មើសនិងច្បាប់ ដោយលួចចេញមកខាងក្រៅ និងបានចម្លងដល់អ្នកដទៃ ថែមទៀតនោះ អ្នកនោះ ក្រោយពីព្យាបាលជំងឺ ជាសះស្បើយហើយ នឹងចាប់មកទទួលទោសទៅតាមផ្លូវច្បាប់ធ្ងន់ធ្ងរ ដោយមិនមានការលើកលែងឡើយ។
ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យមន្ទីរទេសចរណ៍ និងអាជ្ញាធរខណ្ឌ បន្តចុះត្រួតពិនិត្យ រឹតបន្តឹងការគ្រប់គ្រងការជួបជុំ ការលួចបើក ទីតាំងម៉ាស្សា KTV និងកន្លែងសប្បាយភាពផ្សេងៗទៀតផងដែរ៕