ភ្នំពេញ ៖ គណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភាបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា និងបានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចហើយចំនួន៤ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ ។

ការទទួលយកច្បាប់ចំនួន៣មកពិនិត្យនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ក្រោមធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ។

សេចក្តីព្រាងច្បាប់ថ្មីចំនួន៣នោះរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពី ការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់ ។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ ស្តីពី ការងារដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ និងសេចក្តីព្រាងច្បាប់ ស្តីពី វិនិយោគនៃកម្ពុជា។

កិច្ចប្រជុំព្រឹកនេះ ក៏បានអនុម័តជ្រើសតំាងលោក ម៉ែន កួន ជាសមាជិកគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភាដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ បន្តនីតិវិធីផងដែរ ៕
ស សំណាង
