ភ្នំពេញ៖ ស្ត្រីម្នាក់ជាកូនបំណុល ក្នុងសំណុំរឿង អនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលាដំបូង ខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សា ខេត្តសៀមរាប ជាម្ចាស់បំណុលបានសំណូមពរ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ផ្អាកការអនុវត្តនិង បន្តដោះស្រាយ គោលនយោបាយ មនុស្សធម៌ ក្រោយពេលអាជ្ញាសាលា បានកំណត់ពេលវេលា១៤ថ្ងៃ ដើម្បីអោយរុះរើលំនៅដ្ឋាន ដែលនាងបានរស់នៅ រយៈពេល ៣៦ឆ្នាំចេញ ក្នុងគ្រា ដែលនាង មិនមានលំនៅដ្ឋាន ណាផ្សេងពីនេះ ដើម្បីស្នាក់នៅទេ ពិសេសក្នុងបរិបទ ជម្ងឺកូវីដ១៩ កំពុងរីករាលដាល ក្នុងខេត្តសៀមរាប ។ដូច្នេះតើឲ្យនាង និងក្រុមគ្រួសារ ៤នាក់ទៀត ទៅរស់នៅទីណា? ។
ស្ត្រីរូបនេះឈ្មោះ សាម ចាន់ ហៅ ចៅ យុគចាន់ អាយុ៤១ឆ្នាំ មានទីលំនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបបានអះអាងថា នាងមិនប្រឆាំង នឹងការសម្រេចរបស់តុលាការទេប៉ុន្តែដោយសារ នាងរស់នៅលើ ផ្ទះទំនាស់នេះ រយៈពេល ៣៦ឆ្នាំ បង្កើតជាគ្រួសារមួយ មានសមាជិកចំនួន៥នាក់ ទើបនាងស្នើ សុំឱ្យមានការដោះស្រាយ គោលនយោបាយមនុស្សធម៌ ស្របតាមគោលការណ៍ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងស្រប តាមចំណាររបស់ ឯកឧត្តម អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌ នាពេលកន្លងមក។
ស្ត្រីរូបនេះ បានរំលឹកថា កាលពីអាយុ៦ឆ្នាំ នាងត្រូវបានលោកតា ចៅ យ៉ាំ និង ប្រពន្ឋឈ្មោះ យិត ឡាង សុំយកមកចិញ្ចឹម និងរស់នៅជាមួយ ក្នុងនាមជាកូនចៅ លើផ្ទះទំនាស់ ស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប តាំងពីឆ្នាំ១៩៨៦ ក្នុងអំឡុងពេល ដែលទាហានខ្មែរក្រហម ឧស្សាហ៍ចេញចូល អុកឡុក ក្នុងភូមិមកម៉្លេះ ដោយមានចាស់ទុំ និងអាជ្ញាធរមូលដ្ឋាន ធ្វើជាសាក្សី។ លុះមកដល់ ឆ្នាំ១៩៩៨ លោកតា ចៅ យ៉ាំ និងប្រពន្ឋឈ្មោះយិត ឡាង បានរៀបការនាងជាមួយ នឹងប្តី ឈ្មោះសុច ច្រឹង និងមានកូនបីនាក់ រស់នៅលើដីផ្ទះទំនាស់នេះ រហូតមកដល់ សព្វថ្ងៃ ដោយបានចុះស្ថិតិក្នុងសៀវភៅស្នាក់នៅត្រឹមត្រូវ ពិសេសយាយតា ពុំទាន់បាន ចែកទ្រព្យសម្បត្តិ ឬដីធ្លីផ្ទះសំបែង ឱ្យនោះទេ។ ចំណែកលោកយិត ខាវ ជាម្ចាស់ បំណុល និងកូនៗរបស់លោកតា ចៅ យ៉ាំ មិនដែលបានមករស់នៅ លើដីនិងផ្ទះ ទំនាស់នេះទេ គឺគ្រាន់តែមកលេងម្តងម្កាល ពេលបុណ្យទានប៉ុណ្ណោះ ។ ដោយឡែក ពួកគេទាំងអស់នេះ សុទ្ឋសឹងមានផ្ទះសំបែងរស់នៅរៀងៗខ្លួន គឺខ្លះនៅរាជធានីភ្នំពេញ ខ្លះនៅខេត្តសៀមរាប និងខ្លះទៀតនៅសហរដ្ឋអាមេរិក។ បន្ទាប់មក នៅឆ្នាំ២០០៦ លោកតា ចៅ យ៉ាំ ស្លាប់នៅខេត្តសៀមរាប និង នៅឆ្នាំ២០១២ លោកយាយ យិត ឡាង បានស្លាប់ នៅសហរដ្ឋអាម៉េរិក ។
ស្ត្រីរូបនេះ បានអះអាងទៀតថា ប៉ុន្តែនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះ សោ ប៊ុនណារី បានដាក់ពាក្យ បណ្តឹងទៅសាលា ដំបូងខេត្ត សៀមរាប ប្តឹងសុំកាន់កាប់និងគ្រប់គ្រងលើដីនិងផ្ទះទំនាស់នេះ ដោយយោងលើ លិខិតគ្រប់ គ្រងដីនិងផ្ទះ ដែលចុះហត្ថលេខា ដោយលោកមេឃុំ សំរោង តាំងពីសាលាដំបូង រហូតដល់ តុលាការកំពូល។ ចុងក្រោយតុលាការកំពូល បានសម្រេចប្រគល់ដី និងផ្ទះ ទំនាស់នេះ ទៅអោយឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណារី ជាអ្នកកាន់កាប់ និងគ្រប់គ្រង តាមអំណាច សាលដីកាលេខ ១០៦”ជ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ។
ចំពោះការសម្រេចខាងលើនេះ នាងមិនជំទាស់នោះទេ ប៉ុន្តែដោយសារនាងខ្ញុំ រស់នៅលើដីនិងផ្ទះទំនាស់នេះ និងបានបម្រើលោកតាចៅ យ៉ាំ និង លោកយាយ យិត ឡាង តាំងពីអាយុ៦ឆ្នាំ រហូតមកដល់តាយាយស្លាប់ ពុំមានដីឬផ្ទះ សម្រាប់រស់នៅ ក្រៅពីដី និងផ្ទះទំនាស់ខាងលើនេះទេ ទើបនាងខ្ញុំ បានស្នើសុំ ការដោះស្រាយ តាម គោលការណ៍មនុស្សធម៌ ជាច្រើនលើក ច្រើនសារ តាមរយៈឯកឧត្តម អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តែលោក យិត ខាវ មិនព្រមដោះស្រាយសោះ ទើបនាងស្នើសុំ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ផ្អាក ការអនុវត្ត ដើម្បីបន្តដោះស្រាយ គោលនយោបាយមនុស្សធម៌ តាមចំណាររបស់ឯកឧត្តម អង្គ វង្ស វឌ្ឍនា អតីតរដ្ឋមន្ត្រី ក្រសួងយុត្តធម៌៕











