ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សំណើសុំទាំង ៣ចំណុចរបស់ម្ចាស់រថយន្ដធុនធ្ងន់ មិនអាចដោះស្រាយ តាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិច្បាប់របស់កម្ពុជា។
កាលពីថ្ងៃទី២០ កក្កដា ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ ប្រមូលផ្តុំគ្នាតវ៉ា នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល រួមទាំងដាក់សំណើសុំមក គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដូចជា៖ ទី១-ស្នើសុំដំឡើងទម្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ក្នុងចន្លោះចាប់ពី ៩តោន ទៅ ១៥តោន តាមប្រភេទរថយន្ត ធុនធ្ងន់ បន្ថែមពីលើទម្ងន់ នៃច្បាប់បានកំណត់ ,ទី២-ស្នើសុំត្រឹមផាកពិន័យ ដោយមិនចាំបាច់ឃាត់ទុករថយន្ត ១ឆ្នាំ ក្នុងករណីផ្ទុកទម្ងន់លើសពី ២០ភាគរយ ឡើងទៅ និងទី៣-ស្នើសុំផ្ដល់រថយន្តដែលបានឃាត់ទុក កន្លងឲ្យមកម្ចាស់ក្រុមហ៊ុន ឬម្ចាស់រថយន្តវិញ ដោយគ្រាន់តែធ្វើការ ផាកពិន័យ និងមិនចាំបាច់ឃាត់ទុករថយន្តបន្តទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសាធារណការ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា «សំណើសុំ ទាំង៣ចំណុច ខាងលើនេះ មិនអាចដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិ ដូចមាន ចែងក្នុង មាត្រា២៦ និង មាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន»។

ក្រសួងណែនាំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ គួរតែចូលរួមសហការ អនុវត្តវិធានការច្បាប់ទាំងអស់គ្នា ដើម្បីធានាការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវឲ្យស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ ស្របតាមកម្រិតស្តង់ដានៃការសាងសង់ ហើយក៏អាចចូលរួមចំណែកកាត់បន្ថយ ការចំណាយថវិកាជាតិលើ ការជួសជុលថែទាំហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ដែលខូចខាតដោយសារការ ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ក្រសួងបន្ថែមថា កន្លងមក គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងទុកពេលវេលាសមស្រប មុននឹងដាក់ចេញនូវវិធានការ តឹងរឹងតាមបទប្បញ្ញត្តិច្បាប់ ជាធរមានផងដែរ ៕
