ព័ត៌មានជាតិ

លោក សយ សុភាព៖​ ផ្លូវខូចមិនមែនសុទ្ធ តែបណ្ដាលមកពីឡានដឹក លើសទម្ងន់ ទាំងអស់នោះទេ (Video)

ភ្នំពេញ៖ ក្រោយពីក្រសួងសាធារណការ បានបញ្ជាក់ថា សំណើ៣ចំណុច របស់ម្ចាស់រថយន្ដធុនធ្ងន់ មិនអាចដោះស្រាយតាមសំណូមពរបាននោះ លោក សយ សុភាព អគ្គនាយកមជ្ឃមណ្ឌលសារព័ត៌មាន ដើមអម្ពិលបានបញ្ចេញទស្សនៈ មិនគាំទ្រអ្វីដែលផ្ទុយច្បាប់ ប៉ុន្តែផ្លូវជាតិលេខ២១ពីស្រុកស្អាងទៅកោះធំបើខូចមិនមែនមកពី ដឹកលើសទម្ងន់ទេ តែខូចមកពីមិនធ្វើលូ រំដោះទឹកអមសងខាងផ្លូវ នៅទីប្រជុំជន។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «ចុះរថយន្តចង្កូតស្តាំ ដែលច្បាប់ហាមមិនឱ្យនាំចូល និងចរាចរណ៏លើទ្រូងផ្លូវ ម្តេចក៏អនុគ្រោះហើយ នៅតែលួចនាំចូលមកលក់ពេញស្រុកខ្មែរ»។

លោកថា «មិនគាំទ្រអ្វីដែលផ្ទុយច្បាប់ និងរថយន្តដឹកលើសទម្ងន់ ដែលនាំឱ្យខូចផ្លូវ ប៉ុន្តែគួរបញ្ជាក់ថាផ្លូវជាតិលេខ២១ស្អាង កោះធំបើខូចមិនមែនមកពី ដឹកលើសទម្ងន់ទេ តែខូចមកពីមិនធ្វើលូ រំដោះទឹកអមសងខាងផ្លូវ នៅទីប្រជុំជន។ ឥឡូវកំពុងដក់ទឹកភ្លៀង ហើយអាចទៅមើលពេលណាក៏បាន»។

លោកបញ្ជាក់បន្ថែមថា តើក្រសួងអាចពិចារណា ចំពោះរថយន្ត ដែលទទួលការផាកពិន័យរួច ហើយអាចសម្រួល ការឃាត់ទុករថយន្ត ត្រឹម១ខែបានទេ ក្នុងស្ថានភាពបច្ចុប្បន្ននេះ។

លោក សយ សុភាព ថា មិនគាំទ្រអំពើខុសច្បាប់ទេ គ្រាន់តែសំណូមពរ ឱ្យពិចារណាលើ សំណើរពួកគាត់ម្តងទៀត តើចំនុចណាអាចយកមក ពិចារណាបាន។ នេះជាសម័យកាល កូវិដ-១៩ មកបំផ្លាញយើង។​

សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សំណើសុំទាំង៣ចំណុច របស់ម្ចាស់រថយន្ដធុនធ្ងន់ មិនអាចដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិច្បាប់របស់កម្ពុជា។

ការចេញមុខបកស្រាយរបស់ក្រសួងនេះ ធ្វើឡើងក្រោយ ពី ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ កាលពីថ្ងៃទី២០ កក្កដា បានប្រមូលផ្តុំគ្នាតវ៉ា នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់ រាជធានីភ្នំពេញ-ខេត្តកណ្តាល រួមទាំងដាក់សំណើសុំមកគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដូចជា ៖ ទី១-ស្នើសុំដំឡើងទម្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ក្នុងចន្លោះចាប់ពី ៩តោន ទៅ ១៥តោន តាមប្រភេទរថយន្ត ធុនធ្ងន់ បន្ថែមពីលើទម្ងន់ នៃច្បាប់បានកំណត់ ,ទី២-ស្នើសុំត្រឹមផាកពិន័យ ដោយមិនចាំបាច់ឃាត់ទុករថយន្ត ១ឆ្នាំ ក្នុងករណីផ្ទុកទម្ងន់លើសពី ២០ភាគរយ ឡើងទៅ និងទី៣-ស្នើសុំផ្ដល់រថយន្តដែលបានឃាត់ទុកកន្លង ឲ្យមកម្ចាស់ក្រុមហ៊ុនឬម្ចាស់រថយន្តវិញ ដោយគ្រាន់តែធ្វើការ ផាកពិន័យ និងមិនចាំបាច់ឃាត់ទុក​រថយន្តបន្តទៀត៕

To Top