ភ្នំពេញ៖ ដោយយល់ច្បាស់អំពី បញ្ហាប្រឈមដែលបង្កឡើង ដោយជំងឺរាតត្បាតកូវីដ-១៩ រដ្ឋមន្ត្រីការបរទេសនៃ បណ្ដាប្រទេសសមាជិកមេគង្គ-គង្គា បានឯកភាពលើការធ្វើសិក្ខាសាលាជាក់ស្តែង ដើម្បីឆ្ពោះទៅរកការពន្លឿនដំណើរការ នៃការស្តារសេដ្ឋកិច្ចសង្គម ក្រោយការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការអភិវឌ្ឍ ការស្រាវជ្រាវវេជ្ជសាស្ត្រ ការផលិត ការចែកចាយថ្នាំ និងវ៉ាក់សាំង។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ កក្កដា បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញចូលរួមដឹកនាំ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គាលើកទី១១ ជាមួយលោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា តាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមរបស់ រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេស ជាសមាជិកមេគង្គ ដទៃទៀត។
ក្នុងប្រកាសបញ្ជាក់ថា «រដ្ឋមន្រ្តីទាំងអស់បានកោតសរសើរ ចំពោះការគាំទ្រគ្នាទៅវិញទៅមក រវាងបណ្តាប្រទេសមេគង្គ-គង្គា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ដោយយល់ច្បាស់អំពីបញ្ហាប្រឈម ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ រដ្ឋមន្រ្តីទាំងអស់បានឯកភាព លើការធ្វើសិក្ខាសាលាជាក់ស្តែង ដើម្បីឆ្ពោះទៅរកការពន្លឿន ដំណើរការនៃការស្តារសេដ្ឋកិច្ចសង្គម ក្រោយការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាការជំរុញការផ្លាស់ប្តូរគំនិត ស្តីពីវិធីលើកកម្ពស់សុខភាពសាធារណៈ និងធានាបាននូវសន្តិសុខ សុខភាពក្នុងយុគសម័យ ក្រោយការរាតត្បាតកូវីដ-១៩ ជាពិសេសការអភិវឌ្ឍការ ស្រាវជ្រាវវេជ្ជសាស្ត្រ ការផលិត ការចែកចាយថ្នាំ និងវ៉ាក់សាំង» ។
ឆ្លៀតក្នុងឱកាសកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ គម្រោង និងសកម្មភាពជាច្រើនក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍនៅក្នុងអនុតំបន់មេគង្គ រួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន និងវប្បធម៌។ ព្រមជាមួយគ្នានេះដែរ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ ការយោគយល់ និងការជឿទុកចិត្តគ្នា ព្រមទាំងបានលើកកម្ពស់ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅក្នុងអនុតំបន់មេគង្គ ដើម្បីឈានទៅសម្រេច ឱ្យបាននូវសុខុមាលភាព និងវិបុលភាព សម្រាប់ប្រជាជននៃប្រទេសសមាជិក។
សូមបញ្ជាក់ថា កិច្ចប្រជុំបានបញ្ចប់ទៅជាមួយ ការអនុម័តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គា លើកទី១១ ជាមួយនឹងការចែកជូនរបាយការណ៍វឌ្ឍនភាព ស្តីពីផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (២០១៩-២០២២) និងបញ្ជីគម្រោងទទួលផលរហ័សក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ៕