ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក អនុម័តឲ្យចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Pfizer និង Moderna លើកុមារអាយុក្រោម៥ឆ្នាំ

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ថា លេខាធិការដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ហៅកាត់ (FDA) បានផ្តល់ការអនុញ្ញាត ជាបន្ទាន់ កាលពីថ្ងៃសុក្រ សម្រាប់ការប្រើប្រាស់វ៉ាក់សាំង Pfizer និង Moderna ការពារជំងឺកូវីដ-១៩ ចំពោះកុមារ ដែលក្មេងជាងគេ ដែលជាក្រុមអាយុចុងក្រោយ ដែលកំពុងរង់ចាំការចាក់វ៉ាក់សាំង នៅក្នុងប្រទេសភាគច្រើន ។

ទីភ្នាក់ងារនេះ បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ២ដងរបស់ Moderna សម្រាប់កុមារ ដែលមានអាយុពី៦ខែដល់៥ឆ្នាំ និងការចាក់ថ្នាំ Pfizer ចំនួន៣ដងសម្រាប់ អ្នកដែលមានអាយុពី៦ ខែដល់៤ឆ្នាំ ។

ប្រធានលេខាធិការដ្ឋាន ចំណីអាហារ និងឱសថ លោក Robert Califf បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឪពុកម្តាយ អ្នកថែទាំ និងគ្រូពេទ្យជាច្រើនបានរង់ចាំ វ៉ាក់សាំងសម្រាប់កុមារតូចៗ ហើយសកម្មភាពនេះ នឹងជួយការពារកុមារដែលមានអាយុក្រោម៦ខែ” ។

“យើងរំពឹងថា វ៉ាក់សាំងសម្រាប់កុមារតូចៗ នឹងផ្តល់ការការពារពីលទ្ធផលធ្ងន់ធ្ងរបំផុត នៃជំងឺកូវីដ-១៩ ដូចជាការសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់” ។

ផ្ទាំងពាណិជ្ជកម្ម

ឥឡូវនេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ហៅកាត់ (CDC) ក៏ត្រូវតែណែនាំវ៉ាក់សាំងនេះផងដែរ មុនពេលវ៉ាក់សាំងទំាងនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ ដែលជាភ្លើងពណ៌បៃតង ចុងក្រោយ ដែលនឹងត្រូវបានផ្តល់ឱ្យ បន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការ ប្រឹក្សាអ្នកជំនាញ ដែលរំពឹងថា នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ។

ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិក បានលើកឡើងថា ដរាបណាការសម្រេចចិត្តរបស់ FDA ត្រូវបានធ្វើឡើង១០លានដូស អាចត្រូវបានបញ្ជូនភ្លាមៗ នៅជុំវិញប្រទេស បន្ទាប់មករាប់លានបន្ថែមទៀត នៅក្នុងសប្តាហ៍បន្តបន្ទាប់ទៀត ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top