ភ្នំពេញ ៖ ក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដោយមានការគាំទ្រពីអង្គការ IUCN-Netherland បានផ្តួចផ្តើមធ្វើស្រូវមិត្តក្រៀល ក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀល នៅប្រទេសកម្ពុជា។

សត្វក្រៀល ជាប្រភេទសត្វស្លាបមួយ ដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាប ងាយរងគ្រោះ ក្នុងបញ្ជីក្រហមរបស់ អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ( IUCN Red List)។

ក្នុងឱកាសទស្សនកិច្ចពិនិត្យមើលគម្រោង ស្រូវមិត្តក្រៀល និងផ្តល់អំណោយបន្ទាន់ជូនពលរដ្ឋ មានជីវភាពខ្វះខាត រស់នៅជុំវិញតំបន់ការពារទេសភាព អន្លង់ព្រីងក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា «កិច្ចផ្តួចផ្តើមនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់កសិករនៅមូលដ្ឋាន ថែមទាំងផ្តល់សារៈសំខាន់ ដល់សត្វក្រៀល និងសត្វស្លាបតំបន់ដីសើមផ្សេងទៀតដែលមានវត្តមាននៅតាមវាលស្រែ»។

លោកបន្ដថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងអង្គការដៃគូបាននឹងកំពុងអនុវត្តគម្រោងសាកល្បងធ្វើស្រូវមិត្តក្រៀល ដែលមានការចូលរួមពីកសិករមូលដ្ឋាននៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង។ ចំពោះប្រភេទស្រូវ ដែលដាំគឺជាប្រភេទពូជស្រូវប្រចំាតំបន់ និងជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី ហើយការធ្វើស្រូវមិត្តក្រៀលនេះ គឺគោរពលក្ខខណ្ឌមិនបរបាញ់ មិនដាក់អន្ទាក់ ឬប្រើថ្នាំពុលដើម្បីចាប់សត្វស្លាប មិនពង្រីកដីដំណាំរបស់ខ្លួនលើតំបន់អភិរក្ស និងជាស្រូវសរីរាង្គ ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការការពារ និងអភិរក្សសត្វក្រៀលទទួលបានជោគជ័យ លុះត្រាតែមានការគិតគូរពីជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន និងមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់៕
