ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិសំខាន់ៗ ប្រចាំសប្ដាហ៍

ករណីអតីត CNRP ៖ លោក សយ សុភាព ឯកភាពតាម លោក សាម អ៊ីន និយាយថា រឿងរំដួលទុកឲ្យរំដួលដោះស្រាយចុះ

ភ្នំពេញ ៖ ក្រោយផ្តល់យោបល់ឲ្យអតីតគណបក្សសង្រ្គោះជាតិ (CNRP) បានចូលរួមបោះឆ្នោតកាលពីឆ្នាំ២០១៨ មិនបានសម្រេច ដោយអតីតថ្នាក់ដឹកនាំបក្សនេះមិនអនុវត្តតាម ហើយខណៈការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិដែលនឹងឈានចូលមកដល់នាឆ្នាំ២០២២-២០២៣ ខាងមុខ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានរំលឹកថា “រឿងរំដួលទុកឲ្យរំដួលដោះស្រាយចុះ” ដោយលើកនេះ ក្នុងនាមលោកជាតំណាង គ ប ម មិនផ្តលល់យោបល់ឲ្យទៀតទេ ។ ត្រង់ចំណុចនេះហើយបានធ្វើឲ្យ លោក សយ សុភាព ឯកភាពតាម។

លោក សាម អ៊ីនបានថ្លែងតាមហ្វេសប៊ុកនាថ្ងៃ១៩ កក្កដា “រឿងរំដួលទុកឲ្យរំដួលដោះស្រាយចុះ កាលពីដើមឆ្នាំ២០១៨ ក្រុមការងារគ ប មបានផ្តល់គំនិតយោបល់ជាចំហជូនក្រុមការងារអតីត CNRP ឲ្យត្រៀមខ្លួនបង្កើតបក្សថ្មី ឬយកបក្សចាស់ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ២០១៨ ជំនួសឲ្យការដេករង់ចាំបរទេស ជួយប្រោសឲ្យ CNRP រស់ឡើងវិញ។ កាលនោះយើងប្រមើលមើលឃើញថា បើក្រុមគាត់ជ្រើសយកជម្រើសនេះ យើងអាចទប់ស្កាត់បក្សប្រជាជនកុំឲ្យឈ្នះឈានទៅគ្រប់គ្រងអាសនៈរដ្ឋសភាជាតិលើសពី២/៣ដែលអាចកែរដ្ឋធម្មនុញ្ញបានដោយឯកបក្ស” ។

លោក សយ សុភាព តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃ១៩ កក្កដានេះដែរបានលើកឡើងថា “ឯកភាព បង សាម អ៊ីន។ ខ្ញុំក៏ធ្លាប់បានផ្តល់យោបល់ទៅឲ្យអតីតអ្នកដឹកនាំ អតីតបក្សនោះដែរ តែចចែសមិនព្រមស្តាប់ ហើយនៅតែជឿ អាមេរិក និងសហភាពអឺរ៉ុប ជួយឲ្យបក្សនោះរស់វិញបាន។
ខ្ញុំក៏បានផ្តល់យោបល់ទៅបរទេសនោះវិញថា ឈប់និយាយពីបក្សនោះទៀត ហើយត្រូវប្រមូលអ្នកសល់ពីបំរាមនយោបាយមកបង្កើតបក្សថ្មីចូលរួមបោះឆ្នោត” ។

លោកបន្តថា អ្វីដែលសំខាន់អតីតសមាជិកបក្សនោះ លែងមានព្រលឹងខ្មែរក្នុងខ្លួនហើយ គឺពួកគេជឿលើបរទេសងុបងល់។ លោកថា នេះហើយជាមេរៀន បើមិនរាងចាលទៀត ចប់ហើយ។

លោកសយ សុភាព សង្កត់ធ្ងន់ថា “ខ្ញុំសូមផ្តាំទៅអតីតមេបក្សនេះ បើមានឱកាសកុំជឿ និងងុប ងល់បរទេសជាងខ្មែរឲ្យសោះ លទ្ធផលគ្រោះថ្នាក់យ៉ាងដូច្នេះ។ គេមិនមែនស្រលាញ់យើងទេ តែគេរកលេសជ្រៀតចូលដើម្បីផលប្រយោន៍។ ចូរយកគំនិតខ្មែរសម័យមហានគរមកដាក់ខ្លួនវិញ ទើបយើងឈប់ចាញ់បោករបទេស ម្តងហើយម្តទៀត។ កុំជឿឲ្យសោះថា គេស្មោះជាមួយយើង។ សុបិន្តសុទ្ធ ។

លោកបន្ថែមថា ត្រូវដឹងគុណ និងថែរក្សាឲ្យខ្ជាប់ខ្ជួន «២៩ ធ្នូ ១៩៩៨» ជាទស្សនៈវិជ្ជានយោបាយដ៏ភ្លឺស្វាង របស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ។

លោក សាម អ៊ីនបន្តថា ក៏ប៉ុន្តែយុទ្ធនាការ ដេកផ្ទះឈ្នះឯង និង ម្រាមដៃស្អាតបានធ្វើឲ្យបក្សប្រជាជនគ្រប់គ្រងរដ្ឋសភាទាំងស្រុង ហើយសំឡេងប្រឆាំងសូម្បីតែមួយក៏គ្មានក្នុងរដ្ឋសភាជាតិខ្មែរទាំងមូល។

លោកឲ្យដឹងទៀតថា “បច្ចុប្បន្នក្រុមការងារ គ ប ម យើងឈប់ខ្វល់អំពីរឿងរំដួលហើយ។ ចង់គេបែកទៅជា៥ ឬ ១០ជម្រៀក ឬចង់បន្តយុទ្ធនាការ ដេកផ្ទះឈ្នះស្រួ” គឺជារឿងរបស់រំដួលទេ។

យើងបន្តដំណើរទៅមុខសន្សឹមៗ តាមផ្លូវរបស់យើង ហើយសម្របខ្លួនតាមកត្តាអាកាសធាតុនយោបាយជាក់ស្តែង ។ បើទោះបី ១០០ឆ្នាំទៀត ទើបទៅដល់គោលដៅ ក៏យើងពេញចិត្តនឹងធ្វើដែរ ពីព្រោះយើងត្រួសត្រាយផ្លូវថ្មីនេះ មិនមែនគ្រាន់តែសម្រាប់ជំនាន់យើងដើរទេ តែជាពិសេសទុកឲ្យអ្នកជំនាន់ក្រោយដើរបន្តទៅមុខទៀត” ៕

វៀតណាម គួររៀនសូត្រ បទ​ពិសោធន៍ល្អៗពីកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩

ភ្នំពេញ៖ លោក វ៉ូ ក្វាងម៉ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយម វៀតណាមប្រចាំនៅកម្ពុជា បានថ្លែងថា វៀតណាម គួររៀនសូត្របទពិសោធន៍ល្អៗពីកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នៅក្នុងដំណាក់កាល ដែលប្រទេសវៀតណាម កំពុងតែមានការផ្ទុះនូវការឆ្លងទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ ។

ក្នុងពិធីប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ របស់សមាគមមិត្តភាពកម្ពុជា វៀតណាម ជូនលោក វ៉ូ ក្វាងម៉ិញ ដើម្បីបញ្ជូនទៅឲ្យសមាគមមិត្តភាពវៀតណាម កម្ពុជា នៅថ្ងៃទី១៩ កក្កដានេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនមិត្តិភាពកម្ពុជា វៀតណាម បាននាំនូវការសាកសួរទុក្ខ និងរំលែកនូវទុក្ខលំបាកពី ពីថ្នាក់ដឹកនាំគណបក្សប្រជាជន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម នៅក្នុងគ្រាដ៏លំបាកនេះ តាមរយៈលោកអគ្គរដ្ឋទូតវៀតណាម និងបានរំលឹកពីអំណោយរបស់វៀតណាម តាមរយៈ ថ្នាក់ដឹកនាំកំពូលៗ និងសមាគមមិត្តភាពវៀតណាម កម្ពុជាដែលបានជួយកម្ពុជា ក្នុងគ្រាមានគ្រោះនៃជម្ងឺកូវីដ១៩កន្លងមក។ ពេលនេះកម្ពុជាបានឃើញមិត្តវៀតណាម កំពុងមានការឆ្លងរាលដាល ទើបជួយចែលរំលែកជួយគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តជិតខាងល្អ។

ក្នុងឱកាសនោះលោកទូត សង្កត់ធ្ងន់ថា «វៀតណាមគួររៀនសូត្របទពិសោធន៍ល្អៗពីកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ នៅក្នុងដំណាក់កាលដែលប្រទេសវៀតណាម កំពុងតែមានការផ្ទុះនូវការឆ្លងទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ» ។

លោកទូត ក៏បានថ្លែងកោតសសើរ នូវចំណាត់ការដ៏មានប្រសិទ្ធិភាពដឹកនាំ លើវិស័យសុខាភិបាលរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់ សម្តេចតេជោ ទាំងយុទ្ធសាស្ត្រការពារ និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងមនុស្សពេញវ័យ រហូត ដល់យុវវ័យចន្លោះ ១២-១៧ឆ្នាំ ដែលនឹងត្រូវចាក់នាពេលខាងមុខនេះ ៕

លោក មុត ចន្ថា ៖ លោក សម រង្ស៊ី ឲ្យត្រៀមបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិ ដើរបញ្រ្ចាសទិស ឬខុសផ្លូវ នយោបាយ ពីលោក កឹម សុខា

ភ្នំពេញ ៖ “លោក សម រង្ស៊ី អំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់ អាវុធស្នេហាជាតិ ត្រៀមខ្លួន ចូលរួមបង្កើត រដ្ឋាភិបាល បង្រួបបង្រួមជាតិ នៅកម្ពុជា ដូចរដ្ឋាភិបាលបង្រួបបង្រួមជាតិ នៅប្រទេសភូមា” ។ ប៉ុន្តែលោក មុត ចន្ថា មនុស្សជំនិត របស់លោក កឹម សុខា បានហៅការអំពាវនានេះ ដើរបញ្រ្ចាសទិស ឬខុសផ្លូវនយោបាយ ពីលោក កឹម សុខា ដែលជាប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ទាំងស្រុង ។

ចំពោះការអំពាវនាវ ពីសំណាក់ លោកសម រង្ស៊ីនេះដែរ ក៏លោក មុត ចន្ថា យល់ថា គ្រាន់តែមានចេតនា ធ្វើឡើងកុំឲ្យបាត់សំឡេង ឬកុំឲ្យគេបំភ្លេច វត្តមានចោលពី ឆាកនយោបាយកម្ពុជាប៉ុណ្ណោះ ។

តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២០ កក្កដា នេះ លោក មុត ចន្ថា បានមានប្រសាសន៍ថា “ខ្ញុំយល់ថា ការអំពាវនាវរបស់លោកសម រង្ស៉ី គឺដើរបញ្រ្ចាសទិស ឬផ្លូវនយោបាយពីលោក កឹម សុខាដែលជាប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ទាំងស្រុង ព្រោះលោក កឹម សុខា កំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ដែលលោកនៅតែមានឆន្ទៈនយោបាយសុចរិត និងពិតប្រាកដ ដើម្បីស្វែងរកការបង្រួបបង្រួមជាតិ ជាមួយអ្នកដឹកនាំ និងអ្នកនយោបាយខ្មែរ តាមគោលការណ៍អហិង្សា និងសន្តិវិធី និងផ្លូវប្រជាធិបតេយ្យ។ ដំណោះស្រាយនយោបាយមិនកើតឡើងដោយអំពើហិង្សា ឬការប្រឈមមុខ ដាក់គ្នានោះទេ ។ ដូច្នេះ ខ្ញុំនៅតែជឿថា លោក កឹម សុខា នៅតែជាអ្នកដឹកនាំ នយោបាយម្នាក់ ដែលប្រាថ្នាចង់ឲ្យ អ្នកដឹកនាំ និងអ្នកនយោបាយខ្មែររួបរួមគ្នា” ។

លោកសង្ឃឹមថា រឿងក្តី របស់លោក កឹម សុខា ក៏នឹងបញ្ចប់ដោយឈរលើស្មារតី បង្រួបបង្រួមជាតិ ដើម្បីអ្នកដឹកនាំ និងអ្នកនយោបាយស្រឡាញ់ សន្តិភាពនិងលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ ធ្វើការរួមគ្នា ក្នុងនាមខ្មែរតែមួយ ។

ទន្ទឹងនឹងនេះលោកថា ស្ថានភាពនយោបាយ នៅភូមា និងកម្ពុជា ខុសគ្នាស្រឡះ។ ភាពខុសគ្នានោះ គឺយោធាភូមាបានដឹកនាំ ធ្វើរដ្ឋប្រហារដណ្តើម អំណាចពីរដ្ឋាភិបាលស៊ីវិល ដឹកនាំដោយគណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (National League for Democracy, NLD) ដែលមានលោកស្រី អោង សាន ស៊ូជី ជាប្រធាន និងជាក្រុមប្រឹក្សារដ្ឋផងដែរ។ ដោយឡែក អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ ដោយតុលាការកំពូល ដោយហេតុផល នយោបាយ ដោយអនុលោម តាមច្បាប់វិសោធនកម្មនៃច្បាប់ ស្តីពីគណបក្សនយោបាយ ។ លោកថា គណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ មិនមែន គណបក្សដឹកនាំរដ្ឋាភិបាល ដូចគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អោង សាន ស៊ូជី ឡើយ តែជាគណបក្សប្រឆាំង តែមួយនៅក្នុងរដ្ឋសភា ។

លោកបន្តថា ការអំពាវនាវ របស់លោកសម រង្ស៉ី ឲ្យពិចារណាពីលទ្ធភាពបង្កើត «រដ្ឋាភិបាលបង្រួបបង្រួមជាតិ» អាចជាអំពើខុសច្បាប់មួយ មិនស្របតាមបញ្ញត្តិរដ្ឋធម្មនុញ្ញ ដូចដែលគាត់ធ្លាប់បានបង្កើត ចលនាសង្រ្គោះជាតិនៅឆ្នាំ២០១៨ ដែលរាជរដ្ឋាភិបាល ចាត់ទុកជាក្រមឧទ្ទាមក្រៅច្បាប់។ ការអំពាវនាវនេះអាចក្លាយ ជាអន្ទាក់នយោបាយ ដាក់អតីតអ្នកនយោបាយ និងសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ ដូចគ្នានឹងចលនា សង្រ្គោះជាតិដូច្នោះដែរ ៕

លោកស្រី ឱ វណ្ណឌីន ប្រាប់ពលរដ្ឋកុំផ្ញើថវិកា ១ដុល្លារ ទៅហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកកាទេវរាជ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានប្រាប់ប្រជាពលរដ្ឋថា កុំឲ្យផ្ញើថវិកា១ដុល្លារ ទៅហ្វេកប៊ុកឈ្មោះ «ស្លាបប៉ាកកាទេវរាជ» ព្រោះជាល្បិចសម្រាប់ប្រមូលថវិការបស់ខ្លួន ខណៈការចាក់វ៉ាក់សាំងមិនគិតថ្លៃឡើយ ។

ការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងសុខាភិបាលបែបនេះ ក្រោយមានហ្វេសប៊ុកមួយឈ្មោះ ស្លាបប៉ាកកាទេវរាជ បានបង្ហោះថា «ការចាក់វ៉ាក់សាំងយកកាត គឺជាការរៀបគម្រោង ប្លន់អាយុជីវិតប្រជាជនខ្មែរ របស់រាជរដ្ឋាភិបាល សូមឧបត្ថម្ភម្នាក់១ដុល្លារ ដើម្បីជីវភាពរស់តាមរយៈ លេខ ABA 500 013 244»។

ក្នុងឱកាសយកអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន១០លានរៀល និងសម្ភារជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី៦លាន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «សូមបងប្អូនកុំជឿ នេះគឺល្បិចសម្រាប់ប្រមូលលុយ ។ ចឹងប្រសិនឃើញលេខ 500 013 244 សូមកុំទាក់ទងឲ្យសោះ បើតេរកបងប្អូនបិទ ហើយបងប្អូនក៏មិនត្រូវទាក់ទង ហើយបញ្ជូនលុយទៅអាខោននេះដែរ (អាខោនឈ្មោះ ស្លាបប៉ាកកាទេវរាជ) នេះគឺជាប្រមូលថវិកាពីបងប្អូនប្រជាពលរដ្ឋ»។

លោកស្រីបន្ដថា គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏បានច្រានចោលទាំងស្រុង ចំពោះការផ្សាយហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកកាទេវរាជ ។ លោកស្រីប្រកាសថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន គឺមិនគិតថ្លៃឡើយ បើសិនមានបុគ្គលណា ស្នើសុំថវិកាពីប្រជាពលរដ្ឋ កុំផ្ដល់ថវិកាឲ្យសោះ ជាពិសេសនោះ ត្រូវរាយការណ៍សមត្ថកិច្ចភ្លាមៗ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ៦,០៦១,៣០៥នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន៦០.៦១% ហើយ៕

ស្នងការនគរបាលខេត្តកោះកុង បញ្ជាក់ថា បុរសម្នាក់រិះគន់ថា «ចាក់វ៉ាក់សាំងជា គម្រោងប្លន់អាយុជីវិតប្រជាជន» គឺជាមនុស្សមាន សតិមិនប្រក្រតី

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបកស្រាយបំភ្លឺជុំវិញ ករណីមានបុរសម្នាក់ដែល ជាម្ចាស់គណនេយ្យហ្វេសប៊ុកផេក ឈ្មោះស្លាបប៉ាកាទេវរាជ បង្ហោះរិះគន់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដរបស់ចិន ជាការរៀបគម្រោងប្លន់អាយុជីវិតប្រជាជន និងថែមទាំងតាំងខ្លួនជាខ្សែលោហិតរាជវង្ស។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។

លោក គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បដិសេធទាំងស្រុងចំពោះការបង្ហោះរិះគន់ ជុំវិញបុគ្គលឈ្មោះ ផុន កុលចំរើន ដែលជាម្ចាស់ផេកហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកាទេវរាជ លើសកម្មភាព របស់គេបានបង្ហោះរិះគន់ ដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលកំពុង មានតម្រូវការចង់បានខ្ពស់ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

ដោយមានការបទបញ្ជាថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ និងកិច្ចសហការជួយពី នាយកដ្ឋានបង្រ្កាបបទល្មើសបច្ចេកវិទ្យា លោក គង់ មនោ ក៏បានណែនាំ ដល់កម្លាំងនគរបាល អធិការនគរបាលស្រុកស្រែអំបិល ចុះពិនិត្យស្រាវជ្រាវ រកអត្តសញ្ញាណជនសង្ស័យ។ បន្ទាប់ពីជនសង្ស័យឈ្មោះ កុលចំរើន អាយុ៣២ឆ្នាំ កាលពីវេលាម៉ោង ៩និង១៥នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១បានបង្ហោះ និយាយរិះគន់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លើឡើងថា បុគ្គលឈ្មោះ ផុន កុលចំរើន បង្ហោះរៀបរាប់ថា ចាក់វ៉ាក់សាំងរបស់ប្រទេសចិន មិនទាន់មានការទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក ការចាក់វ៉ាក់សាំងយកកាត គឺជាការរៀបគម្រោងប្លន់ អាយុជីវិតប្រជាជនខ្មែរ របស់រដ្ឋាភិបាលដែលដឹកនាំ ដោយសម្តេចតេជោ និងតាំងខ្លួនសែលោហិតរាជវង្សព្រះអង្គម្ចាស់ ស៊ី វុត្ថា ដែលជាបុត្រារបស់ព្រះអង្គឌួង ជាដើម។ បន្ថែមលើនេះ លោកស្នងការនគរបាល អំពាវនាវដល់មហាជនទាំងអស់ មេត្តាកុំបន្តចាញ់ បោកការបង់ថវិកាចូលតាម សំណេររបស់បុគ្គល កុលចំរើន ចំពោះវីដេអូរបស់គេ ដែលបានបង្ហោះតាមវេលុយ លេខកុងធនាគារ ABA ផេកហ្វេសប៊ុកមួយនេះ។

ដោយឡែកលោក ទិត្យ សុផា មុខរបរបើកកន្លែងព្យាបាលជំងឺទូទៅ រស់នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ជាឪពុកបង្កើតរបស់ឈ្មោះ ផុន កុលចំរើន ម្ចាស់គណនេយ្យហ្វេសប៊ុក ផេន ឈ្មោះស្លាបប៉ាកកាទេវរាជ ក៏ចេញមុខដើម្បីសុំទោស ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសាធារណជនទូទៅ មេត្តាក្តីយោគយល់ អនុគ្រោះ ចំពោះទង្វើមិនគួរគាប់ របស់កូនដែលមានជំងឺប្រសាទប្រចាំកាយ។ ដូច្នេះកុំមានការភ័ន្តច្រឡំ ឬចាត់ទុកពាក្យសម្តីមិនគប្បីដែលឈ្មោះ កុលចំរើន រឿងផ្លូវការបន្តទៀត។

មូលហេតុដែលកូន របស់គាត់បង្ហោះយ៉ាងដូច្នេះ ព្រោះតែមានជំងឺប្រសាទ ប្រចាំកាយ សតិមិនគ្រប់គ្រាន់ ចាប់ពីតាំងប្រពន្ធ របស់លោកស្លាប់ចោល កាលពីឆ្នាំ២០១៥ ដោយក្រោយភរិយា លោកស្លាប់បាន៣ទៅ៤ខែឈ្មោះ ផុន កុលចំរើន ចេះតែនិយាយស្តីបែប ររើរវាយស្មារតី មិននឹងននិយាយ តែផ្តេសផ្តាសខុសធម្មតា។

បើតាមលោក ទិត្យ សុផា ដែលជាឪពុកបង្កើត របស់ម្ចាស់ហ្វេសប៊ុកស្លាបប៉ាកកាទេវរាជ បាននាំរូបគេ ទៅពិនិត្យធ្វើរោគវិនិច្ឆ័យសុខភាព ហើយគ្រូពេទ្យបានបញ្ជាក់ថា កូនរបស់គាត់ ពិតជាមានជំងឺសរសៃរប្រសាទ ប្រាកដមែន តម្រូវឱ្យព្យាបាល នៅមន្ទីរពេទ្យរុស្សី ប្រើប្រាស់ជាបន្តបន្ទាប់។

ក្រោយពេលអនុវត្តការ ថ្នាំលេបព្យាបាលអស់តាមចំនួន រូបលោកជាឪពុក និយាយលួងលោមកូន ដើម្បីទៅយកថ្នាំ បន្តពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ ក៏ប៉ុន្តែត្រូវអ្នកជំងឺគេចវេសមិនទៅ អំឡុងពេលនោះអារម្មណ៍របស់ កូនប្រុសគាត់ចេះតែនិយាយ គ្មានការពិចារណាពុំដឹងខុសត្រូវ។

ទាក់ទិននឹងការបង្ហោះហ្វេកប៊ុករិះគន់សារ ឬអធិប្បាយនានារយៈពេលចុងក្រោយនេះ បុគ្គលឈ្មោះ ផុន កុលចំរើន ពុំបានរួមរស់នៅជាមួយ ក្រុមគ្រួសារបងប្អូនឡើយ ព្រោះតែការមិនស្តាប់ ការអប់រំណែនាំរបស់ឪពុក និងកិច្ចសន្យាលើទី១ ជាមួយសមត្ថកិច្ចនគរបាល រូបគេក៏សុំចិត្តទៅធ្វើខ្ទមមួយ នៅកណ្តាលវាលស្រែ ដែលឆ្ងាយពីផ្ទះតែម្នាក់ឯង។

លុះ៦ថ្ងៃក្រោយ មកគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថ្មីៗនេះ កម្លាំងនគរបាលស្រុកស្រែអំបិល ចុះទៅដល់ផ្ទះរបស់បុគ្គលឈ្មោះ កុលចំរើន គឺជួបតែឪពុកទេ ចំណែកកូនគាត់បាត់ដំណឹងសូន្យឈឹង ទៅទីណាទេ ទោះឪពុកព្យាយាមទាក់ទង ទៅកូនស្រីរបស់លោកនៅឯភ្នំពេញ ក៏កូនស្រីនិយាយថា មិនបានឃើញរូបបងប្រុសដែរ។

ចំពោះមុខសមត្ថកិច្ចជំនាញ គឺលោក ទិត្យ សុផា បានសន្យាថានឹងខិតខំស្វែងរកកូនរបស់ខ្លួនឱ្យឃើញ ដើម្បីនាំយកមកផ្ទះវិញ ដោយសារកូន គាត់ម្នាក់នេះ មានសតិមិនប្រក្រតី ហើយឈប់ឱ្យគេប្រើទូរស័ព្ទ ស្មាតហ្វូនបន្តទៀត ព្រមទាំងប្រគល់ឱ្យ សមត្ថកិច្ចធ្វើកិច្ចសន្យា អប់រំណែនាំលើកទី២ ក្នុងករណីមិនគោរព កិច្ចសន្យាណែនាំទេនោះ នឹងអនុវត្តទៅតាមវិធានការច្បាប់ ៕

ទូតវៀតណាម៖ កម្ពុជា ក្លាយជាចំណែកមួយ នៃបេះដូងរបស់ខ្ញុំ

ភ្នំពេញ៖ លោក វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវៀតណាមផុតអាណត្តិ ប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា ក្លាយជាចំណែកមួយ នៃបេះដូងរបស់លោក ហើយលោកបានរួមចំណែកពង្រឹងចំណងមិត្តភាព សាមគ្គីភាពរវាង ប្រទេសទាំងពីរ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក វូ ក្វាង មិញ បានឱ្យដឹងថា ក្នុងនាមជាឯកអគ្គរដ្ឋ ទូតកន្លងមក គឺជារយៈពេលដ៏ល្អប្រសើរបំផុត មិនអាចបំភ្លេចបាន សម្រាប់បុព្វហេតុការទូត ក៏ដូចជា ដំណើរជីវិតរបស់ លោក។

លោក បានថ្លែងថា «ប្រទេសកម្ពុជា បានក្លាយជាចំណែកមួយ នៃបេះដូងរបស់ខ្ញុំបាទ ហើយទោះបីនៅទីកន្លែងណា ក៏ដោយ ឬបំពេញការងារអ្វីក៏ដោយនាពេលខាងមុខនេះ ខ្ញុំបាទនឹងបន្តចូលរួមចំណែក ដ៏តូចតាចរបស់ខ្ញុំបាទ ដើម្បីពង្រឹងពង្រីកនូវចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងភាព ជាអ្នកជិតខាងដ៏ល្អរវាងប្រជាជន នៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា»។

លោក ក៏បានបានអរព្រះគុណ ដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី រាជវង្សានុវង្ស និងអរគុណដល់មេដឹកនាំកម្ពុជា រួមទាំងមន្រ្តីកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលគាំទ្រ លើកទឹកចិត្ត និង ផ្តល់កិច្ចសហការ ដើម្បីជួយឲ្យលោកបំពេញការងារបានល្អ។ ជាងនេះទៅទៀត ទូតផុតអាណត្តិវៀតណាម បានហៅកម្ពុជាថា «ជាទឹកដីដ៏ស្រស់ស្អាត» ៕

លោក តាន់ វុទ្ធា ៖ ភ្លើងបដិវត្តន៍ពណ៌ តំបន់អាស៊ីអាគ្នេយ៍ ផ្តើមឆេះពីភូមា ចូលថៃ រួចបន្តមកកម្ពុជា

ភ្នំពេញ ៖ លោក តាន់ វុទ្ធាទី ប្រឹក្សាសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានថ្លែងថា ភ្លើងបដិវត្តន៍ពណ៌ តំបន់អាស៊ីអាគ្នេយ៍ ចាប់ផ្តើមឆាបឆេះចេញ ពីប្រទេសភូមា ចូលមកថៃ រួចហើយក៏បន្តដំណើរមកកម្ពុជា ។

លោក តាន់ វុទ្ធា បានហៅភ្លើងបដិវត្តន៍ ពណ៌តំបន់អាស៊ីអាគ្នេយ៍នេះថា ជាការរៀបចំយ៉ាងម៉ត់ចត់ និង ជាក់លាក់របស់អាមេរិក ។

តាមរយៈបណ្តាញ សង្គមហ្វេសប៊ុក នាថ្ងៃ២២ កក្កដា លោក តាន់ វុទ្ធា បានថ្លែងថា “សូមប្រយ័ត្ន!!! សូមជួយការពារសន្តិភាពជាតិយើង!!! ភ្លើងបដិវត្តន៍ពណ៌តំបន់អាស៊ី អាគ្នេយ៍ផ្តើមឆេះពីភូមា ចូលមកថៃ រួចហើយបន្តដំណើរមកកម្ពុជា ព្រោះនេះជាសេណារីយ៉ូ នៃវិថីឆ្ពោះទៅ រកអំណាចរបស់ពួកប្រឆាំង ដែលបិសាចមេឈ្មួញសង្រ្គាម ចក្រពត្តិនិយមអាមេរិកាំង បានរៀបចំយ៉ាងម៉ត់ចត់ សំរាប់ពួកបរិវារ របស់គេ” ។

សូមបញ្ជាក់ថា បច្ចុប្បន្នសភាពការណ៍ នៅក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា និងប្រទេសថៃមិនខុសគ្នា ប៉ុន្មាននោះទេ ដោយមានពលរដ្ឋ បានចេញមកតវ៉ា ដោយមិនពេញចិត្ត ចំពោះថ្នាក់ដឹកនាំប្រទេស របស់ពួកគេ ។

ក្នុងនោះចំពោះភូមា ចាប់តាំងពីរបបយោធា បានផ្តួលរំលំ លោកស្រី អ៊ុងសានស៊ូជី រដ្ឋាភិបាលជាប់ឆ្នោតមីយ៉ាន់ម៉ា តាមបែបប្រជាធិបតេយ្យ កាលពីថ្ងៃ១ កុម្ភៈរហូតមកទល់ពេលនេះ មានរយៈពេលជាង ៥ខែហើយ មានមនុស្សជាង ៨០០នាក់ត្រូវបានសម្លាប់ និងមនុស្ស ៦០០០នាក់ត្រូវបានឃុំខ្លួន ។សម្រាប់ថៃវិញ ហ្វូងមនុស្សដ៏ច្រើនកុះករ បាននាំគ្នាធ្វើបាតុកម្ម ដើម្បីដាក់សម្ពាធគណបក្ស ក្នុងការជំរុញឲ្យ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង ៕

លោក កុយ គួង៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ដល់ពលករខ្មែរ នៅថៃ ឆ្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ លោក កុយ គួង បានលើកឡើងថា គិតត្រឹមថ្ងៃនេះ មិនទាន់មានតួលេខផ្លូវការ ច្បាស់លាស់ អំពីចំនួនពលករខ្មែរ នៅប្រទេសថៃ ឆ្លងជំងឺកូវីដ១៩ នៅឡើយទេ ប៉ុន្តែទោះមិនទាន់ដឹង ផ្លូវការ យ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យភាគីពាក់ព័ន្ធទាំងនៅខ្មែរ និងថៃ យកចិត្តទុកដាក់លើពួកគេ ។

លោកថា ការយកចិត្តទុកដាក់នេះ គឺបានផ្តល់គ្រឿងឧបភោគបរិភោគ កន្លែងស្នាក់នៅ និងជួយឲ្យជំរុញឲ្យ បានចាក់វ៉ាក់សាំងជាដើម ។

ការថ្លែងរបស់លោក កុយ គួងនេះ ក្រោយពីវិទ្យុអាស៊ីសេរីកាលពីថ្ងៃ១៩ កក្កដា បាន ផ្សាយថា “ពលករខ្មែរឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃមួយចំនួន បន្តដង្ហោយហៅរដ្ឋាភិបាល ជួយសង្គ្រោះអាយុជីវិត” ។

លោក កុយ គួង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃ២២ កក្កដា យ៉ាងដូច្នេះ ថា “រាជរដ្ឋាភិបាលតាមរយៈក្រសួង ការបរទេស បានជំរុញស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅប្រទេសថៃឲ្យ បន្តសម្របសម្រួល ជាមួយអាជ្ញាធរថៃ ជាពិសេសក្រសួងការបរទេស ក្រសួងសុខាភិបាល ក្រសួងការងារថៃ និងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ (CCSA) សុំអន្តរាគមន៍ ដើម្បីបន្តយកចិត្តទុកដាក់ ថែរក្សា ទទួលការចាក់វ៉ាក់សាំង និងព្យាបាលកូវីដ១៩ បើមានសភាពធ្ងន់ធ្ងរខ្លាំង ដូចជាការពន្លឿនការរកគ្រែ និងឡានពេទ្យមកទទួល ពលករខ្មែរដែលឆ្លងកូវីដ-១៩ ទៅព្យាបាលទាន់ពេលវេលា” ។

លោកបន្តថា ក្រសួងបានជំរុញឲ្យស្ថាន អគ្គកុងស៊ុលកម្ពុជា នៅទីនោះបន្តចុះសួរសុខទុក្ខ និងចែកអំណោយជាគ្រឿង ឧបភោគបរិភោគ ជូនពលករក្នុង ពេលមានការបិទខ្ទប់តាមលទ្ធភាព និង ស្ថានភាពជាក់ស្ដែង ដល់បងប្អូន ដែលជួបការលំបាកខ្លាំងបំផុត និងបន្ថែមទៅលើអ្វីដែលអាជ្ញាធរ និងនិយោជកបានជួយគាំពារ និងឧបត្ថម្ភរួចហើយដែរ ។ ជាពិសេសបន្តផ្សព្វផ្សាយ វិធានការនានា ដែលដាក់ចេញដោយបណ្ដាក្រសួង/ស្ថាប័ន នៃរាជរដ្ឋាភិបាលទាំងពីរកម្ពុជា និងថៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំងផ្ដល់ការប្រឹក្សា ផ្ដល់កម្លាំងចិត្ត និងបន្តអំពាវនាវដល់បងប្អូនពលករខ្មែរ ឲ្យចូលរួមអនុវត្តវិធានការ ទាំងនេះដោយអត់ធ្មត់ និងខ្ជាប់ខ្ជួន ។

លោក កុយ គួង បន្ថែមថា លើសពីនេះក៏បានជំរុញ ឲ្យអគ្គកុងស៊ុលកម្ពុជា បន្តផ្សព្វផ្សាយការអប់រំអំពី ការថែទាំសុខភាពក្នុងអំឡុង ការផ្ទុះការរាតត្បាត ជំងឺកូវីដ-១៩ ដើម្បីឲ្យប្រយ័ត្នការពារ ថែរក្សាសុខភាពផ្ទាល់ខ្លួន ។ បន្តកិច្ចការជាប្រចាំផ្សេងទៀត របស់ស្ថានទូត និងស្ថានអគ្គកុងស៊ុលដូចជា៖ ការដោះស្រាយវិវាទការងារ, ការជួយពលករដែលកើតឧប្បទ្ទវហេតុ ក្នុងពេលធ្វើការ, ការជួយរកការងារថ្មីសម្រាប់ អ្នកបាត់បង់ការងារ, ការសម្រួលផ្ដល់ឯកសារចាំបាច់ផ្សេងៗ ។

សូមរំលឹកថា នៅក្នុងប្រទេសថៃ មានពលករជាង ៩ពាន់នាក់ បានឆ្លងកូវីដ១៩ ប៉ុន្តែពួកគាត់ថា ពុំសូវត្រូវបានយកចិត្តទុកដាក់ពីអាជ្ញាធរថៃ ស្របពេលដែលប្រទេសនេះ កំពុងជួបប្រទះរលកថ្មី នៃការឆ្លងរោគរាតត្បាតកូវីដ១៩ និងកូវីដបម្លែងថ្មីប្រភេទ Delta ៕

អាមេរិក និងអឺរ៉ុប សុទ្ធតែមានពលរដ្ឋស្លាប់ដោយជំងឺកូវីដ១៩ ទោះចាក់វ៉ាក់សាំងរួចតែបែរ ជាអួតវ៉ាក់សាំងខ្លាំង 

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ករណីចាក់វ៉ាក់សាំង ២ដូសហើយ នៅតែឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ មិនមែនមានតែកម្ពុជាទេ សូម្បីអាមេរិក អង់គ្លេស និងប្រទេសអឺរ៉ុប ក៏មានករណីដូចគ្នា ហើយសុទ្ធតែអួតថា វ៉ាក់សាំងរបស់ខ្លួនខ្លាំងៗទៀត។

ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca) ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ សម្ដេច​តេជោ​ហ៊ុន​សែន​បានថ្លែងថា «ករណីចាក់វ៉ាក់សាំង២ដូសហើយនៅ តែឆ្លង (ឆ្លងជំងឺកូវីដ) ហើយនៅតែស្លាប់ មិនមែនមានតែករណីនៅកម្ពុជាទេ សូម្បីតែនៅសហរដ្ឋអាមេរិក នៅអង់គ្លេស និងនៅប្រទេសក្នុងអឺរ៉ុប គឺមានករណីដូចគ្នា សុទ្ធតែវ៉ាក់សាំងអួតថា ខ្លាំងៗ»។

សម្ដេចតេជោ បន្ដថា ទោះបី ប្រជាពលរដ្ឋទទួលវ៉ាក់សាំង ឬមិនទាន់ទទួលវ៉ាក់សាំង ការការពារតាមវិធានការសុខាភិបាល ៣កុំ និង៣ការពារ គឺនៅតែបន្ដអនុវត្តជានិច្ច ដែលជាវិធានការល្អបំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។សម្ដេច សង្ឃឹមថា ឪពុក-ម្ដាយ ចាក់វ៉ាក់សាំងរួចហើយគ្មានបញ្ហា នឹងនាំកូនមានអាយុ១២ឆ្នាំ ដល់១៧ ឆ្នាំ ទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំនៅក្នុងផ្ទះ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧១,២៤៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៦៣,៤៧៤នាក់ និងអ្នកស្លាប់ ចំនួន ១២២២នាក់៕

ជប៉ុនប្រកាស បន្ដកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ ជំងឺកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ ៖ ថ្លែងចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៊ីរ៉ូ បានអះអាងថា រដ្ឋាភិបាលជប៉ុន បន្ដកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងការអភិវឌ្ឍ ប្រទេសកម្ពុជា។

ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca) ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា «ខ្ញុំនឹងបន្ដកិច្ចសហប្រតិបត្តិការតាមតែ អាចធ្វើទៅបាន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នៅកម្ពុជា និងការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ»៕

សម្តេចតេជោ ប្រកាស បើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ១២-១៧ នៅថ្ងៃទី១ សីហា ដោយផ្ដេីមពីរាជធានីភ្នំពេញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាស បើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ១២-១៧ឆ្នាំ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដោយចាប់ផ្ដេីមពីរាជធានីភ្នំពេញមុនគេ ទើបចាប់តាមបណ្ដារាជធានី-ខេត្ត។

ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca) ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា សម្ដេចតេជោ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេង ដែលមានអាយុ១២-១៧ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត។

សម្ដេចតេជោ បន្ដថា សម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំង នៅបើកយុទ្ធនាការចាក់វ៉ាក់សាំង តែម្ដង ក្រៅពីចៅរបស់សម្ដេច ក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនទៀត ផងដែរ៕

To Top