ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ សហការ ជាមួយគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ បានរៀបចំដាក់ឲ្យដំណើរការថែទាំ ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ។
យោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ត ដែលដឹកនាំផ្ទាល់ ដោយ លោក អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធ នឹងជំងឺកូវីដ១៩ ព្រមទាំងអភិបាលរងខេត្តក្រុមការងារ មន្ទីរសុខាភិបាល មន្ទីរពេទ្យ អាជ្ញាធរក្រុង/ស្រុកទាំង៩ ចូលរួមវគ្គបណ្តុះបណ្តាល’’នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ’’ តាមប្រព័ន្ធ ZOOM ក្រោមការដឹកនាំសម្របសម្រួលរបស់ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
លោក អ៊ុ រាត្រី ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្តេជ្ញាខ្ពស់ ក្នុងការសម្របសម្រួលដឹកនាំ ប្រតិបត្តិការងារ ថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ តាមផ្ទះនេះឲ្យបានជោគជ័យ ក្នុងនោះរដ្ឋបាលខេត្ត បានរៀបចំរួចហើយ លក្ខណៈតាមការណែនាំ រៀបចំក្រុមការងារប្រចាំការងារ ខេត្ត និងជាក្រុមតាមស្រុក/ក្រុង និងក្រុមប្រចាំការ Hot line និងក្រុមគ្រូពេទ្យ ។
ជាជំហ៊ានដំបូងនេះ រដ្ឋបាលខេត្តនឹងដាក់ឲ្យដំណើរការ ថែទាំព្យាបាលតាមផ្ទះ ចំពោះក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ។
លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់តាមប្រព័ន្ធZoom ថា ការប្រកាសឲ្យប្រើប្រាស់ការ ថែទាំព្យាបាលតាមផ្ទះ មានសារៈសំខាន់ណាស់ ក្នុងការជួយដោះស្រាយ ការលំបាករបស់អាជ្ញាធរ ទាំងការកាត់បន្ថយការចំណាយ តាមអនុសាសន៍ណែនាំ យកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ង៉ូវ កាង បានគូសបញ្ជាក់ទៀតថា ក្រុមការងារទាំងអស់ទាំងគ្រូពេទ្យ មន្ទីរសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ដោយស្មារតីប្រុងប្រយ័ត្ន នៅពេលអនុវត្តន៍កិច្ចការនេះ ។តាមរយៈវគ្គបណ្តុះបណ្តាលថ្ងៃនេះ សូមឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ គ្រូឧទ្ទេសធ្វើបទបង្ហាញលម្អិតពីនីតិវិធីប្រ តិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំង និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ៕