ភ្នំពេញ៖ ពោរពេញដោយក្តីរីករាយឥតឧបមា ក្រុមការងារស្រាវជ្រាវសត្វព្រៃ នៃក្រសួងបរិស្ថាន និងអង្គការWWF បានផ្តល់ដំណឹងនាពេលថ្មីៗថា ពួកគេបានកត់ត្រានូវវត្តមាន នៃសត្វត្មាតត្នោត ចំនួនពីរក្បាល និងត្មាតផេះ ចំនួនមួយក្បាល នៅសំបុកព្រៃធម្មជាតិរបស់ពួកវា ក្នុងដែនជម្រកសត្វព្រៃស្រែពក នៃខេត្តមណ្ឌលគិរី។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន លើកឡើងថា ក្រុមការងារស្រាវជ្រាវ បានបញ្ជាក់ថា លទ្ធផលជាច្រើន ដែលគេសម្រេចបាន ក្នុងរយៈពេលកន្លងមក ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិ ជាកត្តារួមចំណែកយ៉ាងសំខាន់ ដល់ការវិលត្រលប់មកកាន់ទ្រនំវិញ របស់សត្វស្លាបទាំងពីរប្រភេទនេះ ដែលសុទ្ធសឹងជាប្រភេទរងគ្រោះថ្នាក់ ជិតផុតពូជបំផុត ក្រោយពីអវត្តមាន ក្នុងរយៈពេលដ៏យូរ។
ក្រសួង បន្ដថា ផ្អែកតាមរបាយការណ៍ស្រាវជ្រាវ ក្នុងតំបន់នេះ សត្វត្មាតត្នោតធ្លាប់ត្រូវបាន គេប៉ាន់ប្រមាណថាមាន ចំនួនបួនក្បាល ហើយឃើញវត្តមានរបស់វា ចុងក្រោយបង្អស់ នៅចុងឆ្នាំ២០១៥ រីឯសត្វត្មាតផេះវិញ ត្រូវបានគេកត់ត្រាចុងក្រោយបំផុត នៅក្នុងឆ្នាំ២០១៧ រហូតមកទល់ពេលបច្ចុប្បន្ន។
យោងតាមការសន្និដ្ឋានមួយ របស់កញ្ញា Milou Groenenberg ប្រធានក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះ នៃអង្គការWWF មូលហេតុដែលបណ្តាលឲ្យ បាត់វត្តមានរបស់ពួកវា ពីក្នុងតំបន់ ក្នុងរយៈពេលដ៏យូរនេះ គឺភាគច្រើនដោយសារពួកវា បានទទួលរងនូវការពុល ដោយប្រយោលនឹងសារធាតុគីមី ដែលគេបានប្រើប្រាស់ សម្រាប់គោលបំណងផ្សេង។ សូមបញ្ជាក់ដែរថាសត្វត្មាតភ្លើង ក៏ជាសត្វស្លាបមួយប្រភេទទៀត ដែលកំពុងរស់នៅក្នុងតំបន់ ដែនជម្រកសត្វព្រៃស្រែពក ផងដែរ។
ទន្ទឹមនឹងនេះដែរ កំណត់ត្រាថ្មីបំផុត នៃការរាប់ចំនួនសត្វត្មាតទាំងបីប្រភេទ ដោយក្រុមស្រាវជ្រាវសត្វព្រៃ នៃក្រសួងបរិស្ថាន និងអង្គការWWF បានបង្ហាញវត្តមានសត្វត្មាតត្នោត ចំនួនបួនក្បាល សត្វត្មាតផេះចំនួន ១១ក្បាល និងសត្វត្មាតភ្លើង ចំនួនប្រាំក្បាល កំពុងរស់នៅក្នុងទ្រនំធម្មជាតិ របស់ពួកវាដែលស្ថិតក្នុងទីតាំង ជាប់ដែនជម្រកសត្វព្រៃសំបូរ តាមបណ្តោយដងទន្លេមេគង្គ នៃខេត្តក្រចះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងថា «ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរ ចំពោះក្រុមការងារស្រាវជ្រាវ នៃក្រសួងបរិស្ថាន និងអង្គការ WWF ក៏ដូចជាមន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃស្រែពក ដែលបានខិតខំការពារ និងអភិរក្សតំបន់ព្រៃល្បោះដ៏ធំជាងគេមួយ នៅតំបន់អាស៊ីអាគ្នេយ៍ និងបានកំពុងធ្វើឱ្យតំបន់នេះ កាន់តែមានសុវត្ថិភាព កាន់តែខ្លាំងថែមទៀត សម្រាប់សត្វព្រៃ ដោយខិតខំប្រឹងប្រែង ការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹក សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទរស់នៅ»។
លោក ស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការការពារ និងអភិរក្សសត្វត្មាត ដែលជាប្រភេទសត្វ កម្រនេះបន្ថែមនេះ ដើម្បីផលប្រយោជន៍ជីវៈចម្រុះ និងរក្សាបានកេរតំណែលធម្មជាតិ សម្រាប់មនុស្សជំនាន់ ក្រោយបន្តទៀត។
សូមបញ្ជាក់ផងដែរថាលទ្ធផល នៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិ ដោយក្រុមការងារអភិរក្សសត្វត្មាត កម្ពុជា គិតត្រឹម ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថាមានសត្វត្មាត សរុបទាំងអស់ ចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ក្បាល ត្មាតផេះ៦៦ក្បាល និងត្មាតត្នោត ៣៥ក្បាល៕