ភ្នំពេញ ៖ លោក មុត ចន្ថា ដែលជានាយខុទ្ទកាល័យ លោក កឹម សុខា បាននិងកំពុងអង្គុយឆ្ងល់ នូវទឹកលុយជាង២០ម៉ឺនដុល្លារ ដែលបានពីការលក់ប័ណ្ណនាឡិកា លោក សម រង្ស៊ីនោះ មិនដឹងយកទៅណា ព្រោះដូចជាស្ងាត់ឈឹងតែម្តង ។
លោក មុត ចន្ថា ក៏បានលើកឡើងបែប ជាសំណួរងើយឆ្ងល់ថា លុយនេះពិតជាបានយកទៅជួយ ជនរងគ្រោះដោយកូវីដ១៩ ឬជួយដាក់ក្នុងហោរប៉ៅ ឬក៏យកទៅជួយទ្រទ្រង់បក្សណាមួយហើយ ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២៦ កក្កដា នេះ លោក មុត ចន្ថាថ្លែងថា “ឆ្ងល់! ឮថា លក់ប័ណ្ណនាឡិកាដៃម៉ាកកាស្យូបានជាង២០ម៉ឺនដុល្លារ ដើម្បីជួយជនររងគ្រោះដោយកូវីដ១៩ ប៉ុន្តែដូចស្ងាត់ឈឹង ។ កំពុងឆ្ងល់ និងចង់ដឹង ចែកនៅកន្លែងណា ឬចូលហោរប៉ៅ ឬឧបត្ថម្ភឲ្យបក្សណា?” ។
បក្សដែលលោក មុត ចន្ថាបានលើកឡើងថាជួយនោះគឺ “គណបក្សបេះដូងជាតិកម្ពុជា” ព្រោះបក្សនេះបើតាមព័ត៌មានច្បាស់ការ មានលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរ កម្ពុជាក្រោម និងជាអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិជាអ្នកផ្តួចផ្តើម លោក សៀម ភ្លុក ជាតំណាងស្ថាបនិក គណបក្សបេះដូងជាតិកម្ពុជា និងកញ្ញាស៊ីន ចាន់ពៅរ៉ូស្សិត ។ អ្នកទាំង៣នេះ ត្រូវបានគេដឹងថា សុទ្ធតែជាមនុស្សស្និតនឹងលោក សម រង្ស៊ី ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក សម រង្ស៊ី បានប្រកាសបើកលក់ប័ណ្ណនាឡិកា ក្នុងតម្លៃ៥ដុល្លារ ១សន្លឹក ដើម្បីរួមចំណែក ប្រមូលថវិកាពីការ លក់ប័ណ្ណនេះ ជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការលំបាកក្នុងអំឡុង ពេលវិបត្តិជំងឺកូវីដ១៩៕