ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២១ នេះបានរៀបចំ វគ្គបណ្តុះបណ្តាល លើកដំបូងរបស់ខ្លួន ស្តីពីដំណើរការ កសាងផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដោយមានវត្តមាន ចូលរួមពីថ្នាក់ដឹកនាំ រួមទាំងមន្រី្ដបច្ចេកទេសជំនាញ នៃគ្រប់នាយកដ្ឋាន និងអង្គភាពទាំងអស់ នៃ ប.ស.ស. ព្រមទាំងមានការចូលរួម ពីតំណាង កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ផងដែរ។

ក្រោមការចាត់តាំងពីសំណាក់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសថ្លែងបើកវគ្គ បណ្តុះបណ្តាលខាងលើ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានបញ្ជាក់ឱ្យដឹងថា៖ ការរៀបចំឱ្យមាន វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺដើម្បីសិក្សាស្វែងយល់ ឱ្យបានច្បាស់លាស់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជាស្ពានមួយ សម្រាប់ទាញយក នូវធាតុចូលសំខាន់ៗ ក្នុងការតម្រង់ទិស ដល់ការរៀបចំ វគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗ បន្តបន្ទាប់ទៀត សម្រាប់រយៈពេល ៣ខែខាងមុខនេះ ។
សំដៅដល់ការរៀបចំ ឱ្យមានដំណើរការកសាង ផែនការយុទ្ធសាស្រ្ត ក៏ដូចជាការកសាង សមត្ថភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងបុគ្គលិក នៃ ប.ស.ស. ដែលមានភារកិច្ចទទួលបន្ទុកផ្ទាល់ ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត របស់នាយកដ្ឋាន ទៅតាមផ្នែកនីមួយៗរៀងៗខ្លួន ព្រមទាំងការលើកកម្ពស់ ការយល់ដឹងបន្ថែម សម្រាប់ការត្រួតពិនិត្យ និងការវាយតម្លៃវឌ្ឍនភាព ផែនការយុទ្ធសាស្រ្ត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
លោក បានបន្តទៀតថា៖ តាមការពិតទៅវគ្គបណ្តុះបណ្តាល ស្តីពីដំណើរការកសាង ផែនការយុទ្ធសាស្រ្ត ដ៏សំខាន់ខាងលើនេះ គ្រោងនឹងរៀបចំឡើង ដោយផ្ទាល់ ដើម្បីផ្តល់ភាពងាយស្រួល ដល់លោកគ្រូឧទ្ទេស សិក្ខាកាម និងក្រុមការងារ សម្របសម្រួល ប៉ុន្តែដោយសារ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ គឺតម្រូវឱ្យគ្រប់ស្ថាប័នទាំងអស់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ត្រូវបំពេញការងារ ទៅតាមគោលការណ៍ នៃបរិបទថ្មី និងអនុវត្តវិធានការ គម្លាតសង្គម។
ជាមួយគ្នានេះ លោក ក៏បានពាំនាំនូវការផ្ដាំផ្ញើ ពីសំណាក់លោក អគ្គនាយក ប.ស.ស. ឱ្យថ្នាក់ដឹកនាំ មន្រ្តីជំនាញ បុគ្គលិកនៃ ប.ស.ស. ដែលជាសិក្ខាកាមទាំងអស់ នឹងយកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រ និងចូលរួមសហការ យ៉ាងជិតស្និទ្ធជាមួយ លោកគ្រូឧទ្ទេស ដើម្បីស្រូបយកចំណេះដឹង និងជំនាញក្នុងការរៀបចំ ផែនការយុទ្ធសាស្រ្ត ប្រកបដោយប្រសិទ្ធភាព ក្នុងការកសាងផែនការ យុទ្ធសាស្រ្តរបស់ស្ថាប័នទាំងមូល ជាពិសេសចូលរួម បន្តអនុវត្តតាមវិធានការ “៣កុំ ៣ការពារ” ឆ្លើយតបទៅនឹងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ នៃការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវមួយនេះ៕









