ភ្នំពេញ៖ សេចក្ដីរាយការណ៍ ពីខេត្តត្បូងឃ្មុំ បានឲ្យដឹងថាលោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកទ្វារព្រំដែន ទ្វេភាគីដូនរ័ត្ន ជាអ្នកនៅពីក្រោយខ្នង នៃបទល្មើសឆ្លងដែនជាច្រើនឆ្នាំ ដោយលោកបានបើកដៃ ឲ្យឈ្មួញនាំទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដឹកចេញឆ្លងដែន យកទៅលក់នៅវៀតណាម យ៉ាងគគ្រឹកគគ្រេង តាមច្រកទ្វារទ្វេភាគី ដូនរ័ត្ន។
សេចក្ដីរាយការណ៍ បានឲ្យដឹងបន្ថែមថា នៅព្រឹកថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១ មន្ត្រីគយចល័ត បានចុះប្រតិបត្តិការ នៅក្បែរច្រកទ្វារ ទ្វេភាគី ដូនរ័ត្ន ធ្វើការឃាត់រថយន្ត ដឹកជ័រកៅស៊ូស្អុយខុសច្បាប់ និងធ្វើកិច្ចសន្យា ជាបន្តបន្ទាប់ ជាមួយម្ចាស់រថយន្ត មិនឲ្យបន្តដឹកឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាតឡើយ ដើម្បីខិតខំគៀងគរបង្កើនចំណូលពន្ធរដ្ឋ តាមគោលការណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រភពបន្តថា រាជរដ្ឋាភិបាលពុំទាន់ មានចេញអនុក្រឹត្យណាមួយ អនុញ្ញាតឲ្យមានការនាំចេញ ជ័រកៅស៊ូស្អុយ ទៅក្រៅប្រទេសនៅឡើយទេ ដោយរដ្ឋតម្រូវឲ្យ មានក្រុមហ៊ុនជាច្រើន បង្កើតរោងចក្រកែច្នៃ ជ័រកៅស៊ូក្រែប ត្រឹមត្រូវ នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើន ការងារជូនពលរដ្ឋខ្មែរ ក៏ដូចជាការប្រមូលពន្ធ បង្កើនចំណូលរដ្ឋ ពេលក្រុមហ៊ុន ស្នើសុំនាំចេញកៅស៊ូក្រែប ទៅក្រៅប្រទេស។
ជាក់ស្តែង បន្ទាប់ពីមន្ត្រីគយចល័ត ប្រចាំខេត្តត្បូងឃ្មុំ ចុះឃាត់រថយន្តដឹកជ័រកៅស៊ូស្អុយ ហៅម្ចាស់រថយន្ត មកអប់រំណែនាំ ឲ្យយល់ពីច្បាប់ និងធ្វើកិច្ចសន្យាបញ្ឈប់ មិនឲ្យបន្តដឹកជ័រកៅស៊ូស្អុយ ឆ្លងដែនខុសច្បាប់នេះ ស្រាប់តែមានប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់មន្ត្រីខិលខូច ដែលធ្លាប់ទទួលប្រយោជន៍ ពីក្រុមឈ្មួញ ជាពិសេសមន្ត្រីស្នាក់ការ ច្រកទ្វារទ្វេភាគី ដូនរ័ត្ន តែម្តង ដោយហ៊ានធ្វើរបាយការណ៍ កុហក់ថ្នាក់នាំខេត្តថា ធ្វើឲ្យប៉ះពាល់ ដល់ជីវភាពប្រចាំថ្ងៃ របស់ពលរដ្ឋ ក្នុងមូលដ្ឋាន និងធ្វើឲ្យប៉ះពាល់ ដល់ការងារបក្ស ក្នុងបំណងបិទបាំងការពិត ដើម្បីបក្ខពួកខ្លួនមានឱកាសបន្តក្តោបក្តាប់ប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីច្បាប់ ឬចំណូលពន្ធរដ្ឋឡើយ ដែលធ្វើឲ្យរដ្ឋ បាត់ចំណូលរាប់លានដុល្លារ ក្នុងមួយឆ្នាំៗ ពីពន្ធនាំចេញកៅស៊ូកែច្នៃ ទៅក្រៅប្រទេស ។
លោក ចឹម ចា រស់នៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ជាឈ្មួញម្នាក់ រកសុីដឹកជ័រកៅស៊ូស្អុយឆ្លងដែនទៅលក់ នៅប្រទេសវៀតណាម តាមច្រកទ្ធារទ្វេភាគី ដូនរ័ត្ន បានឲ្យដឹងថា ឈ្មួញជ័រកៅស៊ូស្អុយ ភាគច្រើន មកពីខេត្តផ្សេងៗ ដូចជាក្រចេះ ស្ទឹងត្រែង កំពង់ធំ កំពង់ចាមជាដើម។រូបលោកគឺដើរម្រមូលទិញ ជ័រកៅស៊ូស្អុយ ដឹកទៅលក់នៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ ដោយមិនដឹងថា ជាទង្វើល្មើសច្បាប់ឡើយ។
លោកបន្តឲ្យដឹងថា ការដឹកជ័រកៅស៊ូឆ្លងដែន លោកបានបង់ឲ្យស្នាក់ការ ច្រកទ្វារដូនរ័ត្ន ទើបសមត្ថកិច្ចបើកប៉ារ៉ាស់ ឲ្យរថយន្ត របស់លោកឆ្លងដែនបាន។
ប្រភពពីពលរដ្ឋ ក្នុងស្រកមេមត់ ខេត្តត្បូងឃ្មុំ ដែលរស់នៅក្បែរច្រកទ្វារទេ្វភាគី ដូនរ័ត្ន បានឲ្យដឹងថា ក្រៅពីទំនិញកសិផល ស្របច្បាប់ ទំនិញខុសច្បាប់ជាច្រើន ដែលរដ្ឋហាមឃាត់ដូចជា ឈើ ធ្យូង ជ័រកៅស៊ូស្អុយ អុសកៅស៊ូ ត្រូវបានក្រុមឈ្មួញ សម្រុកដឹកឆ្លងដែន តាមរថយន្តតូចធំ ទៅលក់នៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃតាមគ្រប់រូបភាព ទាំងថ្ងៃទាំងយប់ ដោយសារតែលោក ស្រ៊ុន ណាត ប្រធានស្នាក់ច្រកទ្វារ បើកដៃឲ្យ។
ក្រៅពីនោះ កាលពីពេលកន្លងទៅ លោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រក ដូនរ័ត្ន ក៏ល្បីខាងលួចអនុញ្ញាតឲ្យ មានការដឹកជញ្ជូន ខ្សាច់ខុសច្បាប់ តាមច្រកទ្វារព្រំដែន ក្រោមការគ្រប់គ្រង របស់ខ្លួនដែរ ហើយត្រូវបានកម្លាំង អាវុធហត្ថ ធ្វើការបង្ក្រាប បែរជាធ្វើរបាយការណ៍ ទៅថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត ថាពលរដ្ឋខ្មែរដឹកខ្សាច់ ទៅសាងសង់ផ្ទះ នៅជាប់នឹងព្រំដែន ទៅវិញ។
សេចក្ដីរាយការណ៍ ឲ្យដឹងទៀតថា បើនិយាយពីរថយន្តដឹកធ្យូងឆ្លងដែន គឺចាំបាច់ត្រូវចំណាយ ចាប់ពី៣០មុឺនរៀល ដល់៦០មុឺនរៀល សម្រាប់ប្រភេទរថយន្ត សាំងយ៉ុង១គ្រឿង ទៅតាមចំណុះទម្ងន់ធ្យូង ជាក់ស្តែង ឯរថយន្តកូរ៉េកង់១០ឡើងទៅ គឺត្រូវចំណាយ ចាប់ពី១លាន ដល់១លាន៦០មុឺនរៀល ក្នុងមួយគ្រឿង បង់ឲ្យសមត្ថកិច្ច គ្រប់ស្ថាប័នជំនាញ ដែលឈរជើង នៅស្នាក់ការច្រកទ្វារព្រំដែន។
ដោយឡែក សម្រាប់ការដឹកជ័រកៅស៊ូស្អុយ ឆ្លងដែនវិញ គឺត្រូវបង់លុយឲ្យគ្រប់ស្ថាប័ន នៅស្នាក់ការច្រកទ្វារព្រំដែន ដូនរ័ត្ន នេះ ដោយមួយស្ថាប័ន ចាប់២មុឺនរៀលដល់៤មុឺនរៀល សម្រាប់រថយន្ត សាំងយ៉ុង មួយគ្រឿង; រថយន្តកូរ៉េកង់១០ ចំនួន៨មុឺនរៀល ក្នងមួយស្ថាប័ន; រីឯរថយន្តវ៉េអង គឺ២០មុឺនរៀលក្នុងមួយស្ថាប័ន។
ពាក់ព័ន្ធករណីនេះ មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល មិនទាន់អាចទាក់ទង សុំការបំភ្លឺពីលោក ស្រ៊ុន ណាត ប្រធានស្នាក់ការ ច្រកទ្វារ ដូនរ័ត្ន បាននៅឡើយទេ៕