ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវឲ្យ ប្រជាពលរដ្ឋប្រុងប្រយ័ត្នព្រោះកម្ពុជា នឹងមានបាតុភូតធម្មជាតិ ដោយភ្លៀងធ្លាក់ខ្លាំង លាយឡំខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៨ កក្កដា ដល់៣សីហា នៅតំបន់មួយចំនួន ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនៅថ្ងៃ២៧ កក្កដា បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយខ្យល់មូសុងនិរតីមានល្បឿនមធ្យម ។ ដោយឡែក ព្យុះទី៦ ឈោ្មះ(IN-FA) បានឡើងចូលដល់ភាគខាងកើតប្រទេសចិន ។ ព្យុះនឹងថមថយឥទ្ធិពលជាវិសម្ពាធទាប នៅថ្ងៃ២៨ កក្កដា ។
ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣០-៣២អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ លើកលែងតែបណ្តាខេត្តកំពង់ស្ពឺ , តាកែវ, កំពត , កណ្ដាល និងរាជធានីភ្នំពេញអាចមាន ភ្លៀងក្នុងកម្រិតពីខ្សោយ ទៅមធ្យម ដោយសារឥទ្ធិពលខ្យល់ក្នុងកម្រិតបង្ហូរ ។
ចំណែក បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមាន សីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៩-៣១អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។
ដោយឡែក តំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៨-៣០អង្សាសេ អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំងៗ នៅលើផ្ទៃសមុទ្រខ្យល់ខ្លាំង។ ភ្លៀងក៏ខ្លាំងធ្វើមាន ឲ្យមានរលកកម្ពស់ខ្ពស់ ៕