ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញកត្តាគន្លឹះធំៗ ចំនួន៥ ធ្វើឲ្យទំនាក់ទំនងរវាង កម្ពុជា-ចិន រឹងមាំ ហើយពីមួយឆ្នាំ ទៅមួយឆ្នាំ ទំនាក់ទំនង កម្ពុជា-ចិន ត្រូវបានជាលំដាប់ និងជោគវាសនារួមគ្នា ជាមិត្តដែកថែប និងមិត្តភាពជាបងប្អូនល្អ ។
ក្នុងវេទិកាពិធីបិទកម្រិតខ្ពស់ នៃធនាគារខួរក្បាល កម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោកបណ្ឌិត គិន ភា បានលើកឡើងថា វាគ្មិនជាច្រើនទាំងពីភាគី កម្ពុជា-ចិន ដោយកត់សម្គាល់ នូវទំនាក់ទំនង ពិសេសរវាង កម្ពុជា-ចិន លើគ្រប់វិស័យ គ្រប់កម្រិត និងគ្រប់កាលៈទេសៈ ជាពិសេស ក្នុងស្ថានភាពដែលប្រទេសទាំងពីរ ក៏ដូចជា ពិភពលោក ទាំងមូល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ចិនដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកម្ពុជាប្រយុទ្ធប្រឆាំង និងបង្ការជំងឺរាតត្បាត ដ៏កាចសាហាវនេះ ។
លោកបណ្ឌិត បានកត់សម្គាល់នូវកត្តាគន្លឹះ ចំនួន៥ ធ្វើឲ្យទំនាក់ទំនងរវាង កម្ពុជា-ចិន រឹងមាំ និងជាមិត្តភាពបងប្អូន ដូចជា៖
ទី១-កត្តាប្រវត្តិសាស្ត្រ ៖ កម្ពុជានិងចិនមានចំណងទំនាក់ទំនង ជាប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ ។ សិលាចារឹកនិងឯកសារតឹកតាង ប្រវត្តិសាស្ត្រជាច្រើន បានកត់ត្រានូវចំណងទំនាក់ទំនងនេះ ។
ទី២-កត្តានយោបាយ ៖ ប្រទេសកម្ពុជា គឺជាសម្ព័ន្ធមិត្តដ៏ចំណាស់ និងជិតស្និទ្ធបំផុតមួយរបស់ចិន នៅ អាស៊ីអាគ្នេយ៍ ហើយប្រទេសទាំងពីរ តែងតែផ្តល់ការគាំទ្រគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ និងនៅគ្រប់វេទិកា តំបន់និងអន្តរជាតិ ។
ទី៣-កត្តាសេដ្ឋកិច្ច ៖ ប្រទេសចិន គឺជាអ្នកវិនិយោគផ្ទាល់ ពីបរទេសដ៏ធំជាងគេ ជាម្ចាស់ជំនួយដ៏សំខាន់ជាងគេ និងជាដៃគូពាណិជ្ជកម្មដ៏ សំខាន់មួយរបស់កម្ពុជា ។
ទី៤-កតា្តវប្បធម៌ ៖ តម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងភាសាចិន បានកប់យ៉ាងជ្រៅ នៅក្នុងទិដ្ឋភាពជាច្រើននៃសង្គមកម្ពុជា។
និងទី៥-កត្តាមេដឹកនាំ ៖ ថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ តែងមានភាពជិតស្និទ្ធ នឹងសម្តេចព្រះនរោត្តមសីហនុ ហើយបាន បង្កើតមិត្តភាពយ៉ាងជ្រាលជ្រៅ ជាមួយព្រះអង្គ ហើយថ្នាក់ដឹកនាំចិនបច្ចុប្បន្ន បានរក្សាមិត្តភាព ដ៏ជ្រាលជ្រៅនេះជាមួយព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន នៃកម្ពុជា៕