ភ្នំពេញ៖ លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមអនុវត្តយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
យោងតាម សារលិខិត ផ្ញើជូនដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា «មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងអាជីវកម្មក្លឹបហាត់ ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារ ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ជាកំហិត»៕