ភ្នំពេញ៖ លោក Benjamin Wohlauer ឯកអគ្គរដ្ឋទូតអាមេរិកស្តីទី បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក ផ្ដល់វ៉ាក់សាំងមកឲ្យកម្ពុជាចំនួន ១លានដូសនេះ មិនភ្ជាប់លក្ខខណ្ឌណាមួយឡើយ ផ្ទុយទៅវិញ អាមេរិក ចែករំលែកវ៉ាក់សាំងទាំងនេះ ដើម្បីសង្គ្រោះ ជីវិតមនុស្ស ។

ក្នុងពិធីទទួលវ៉ាក់សាំង Johnson & Johnson ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ប្រគល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក Benjamin Wohlauer បានថ្លែងថា ជាមួយនឹងការចូលរួម ចំណែកនេះសហរដ្ឋាអារមរិក បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តយូរអង្វែង ចំពោះសុខភាពសារធារណៈនៅកម្ពុជា។ លោកថា ការប្ដេជ្ញាចិត្តនេះ កាន់តែមានភាពច្បាស់លាស់ ក្នុងអំឡុងពេលមានជំងឺរាតត្បាត ទូទាំងពិភពលោកនេះ។

លោកមានប្រសាសន៍ថា «ខ្ញុំសូមធ្វើការបញ្ជាក់ថា យើងមិនចែករំលែកដូសទាំងនេះ ដើម្បីទទួលបានការអនុគ្រោះស្វែងរកសម្បទានទេ។ វ៉ាក់សាំងរបស់យើង មិនមានភ្ជាប់ជាមួយលក្ខខណ្ឌណាមួយឡើយ ។ យើងចែករំលែកវ៉ាក់សាំងទាំងនេះ ដើម្បីជួយសង្គ្រោះជីវិត និងដឹកនាំកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីបញ្ចប់ការរីករាលនៃជំងឺរាតត្បាត»។

លោកបន្ដថា សហរដ្ឋអាមេរិក បានប្ដេជ្ញាចិត្តនូវថវិកាចំនួន៤ពាន់លានដុល្លារ ដល់យន្ដការកូវ៉ាក់ដើម្បី ក្លាយជាប្រទេសចូលរួមធំជាងគេតែមួយគត់ ក្នុងការឆ្លើយតបជាអន្ដរជាតិ ទៅនឹងកូវីដ-១៩។ អាមេរិក បានផ្ដល់ថវិកាជាង១១លានដុល្លារ ជាជំនួយដល់ការពារកូវីដ-១៩ ចាប់តាំងពីការរាតត្បាតដំបូង បានផ្ទុះឡើងនៅកម្ពុជា។

ឆ្លៀតឱកាសនោះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្ដល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៧,១៣១,១៨៤នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន៧១.៣១% ហើយ ៕
