ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌអាស៊ាន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើងពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី៣០ កក្កដា បានបញ្ជាក់ថា កិច្ចប្រជុំទាំងនោះមានដូចជា៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៤, ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការ អន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស, កិច្ចប្រជុំគណៈកម្មការតំបន់ អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ, កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ នយោបាយអាស៊ាន លើកទី២៣, កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី២៩, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២២, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១, កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨ និងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាទាំង១០ របស់អាស៊ាន។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិនិត្យមើលវឌ្ឍនភាព ដែលប្រទេសព្រុយណេក្នុង នាមប្រធានអាស៊ានសម្រេចបាន និងការអនុវត្តធម្មនុញ្ញអាស៊ាន ផ្តោតការយកចិត្តទុកដាក់ទៅលើ វិធីនិងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍ អាស៊ាន ជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ-១៩ និងលើកកម្ពស់ ទំនាក់ទំនងខាងក្រៅ សំដៅពង្រឹងបន្ថែមទៀតនូវឯកភាព និងសាមគ្គីភាពរបស់អាស៊ាន។ កិច្ចប្រជុំ ក៏នឹងពិភាក្សាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការបារម្ភរួមគ្នា ៕

To Top