ព័ត៌មានជាតិ

អភិបាលស្រុករំដួល ត្រូវមន្រ្តីក្រោមឱវាទ រិះគន់ថាគឹបកេង លុយ ឧបត្ថម្ភ ដល់កងកម្លាំង និងពលករ ធ្វើចត្តាឡីស័ក

ស្វាយរៀង ៖ យោងតាមសេចក្តីរាយការណ៍ពី មន្រ្តីមួយចំនួននៅស្រុករំដួលបានបង្ហើបឲ្យដឹងថា អភិបាលស្រុករំដួល លោក សុខា រាម បានប្រព្រឹត្តអំពើពុករលួយជាច្រើន ដែលធ្វើឲ្យមន្ត្រីក្រោមឪវាទ រិះគុណថាគិបកេង លុយ ឧបត្ថម្ភរបស់សម្តេចតេជោ ដែលផ្តល់សម្រាប់ការហូបចុកប្រចាំថ្ងៃ របស់កងកម្លាំងការពារមណ្ឌលចត្ដាឡីស័ក និងពលករដែលធ្វើចត្តាឡីស័ក ។

ប្រភពពីមន្ត្រីបានឲ្យដឹងទៀតថាលោក សុខា រ៉ាម អភិបាលស្រុករំដួល ដែលបានស៊ីដាច់លុយជំនួយដែលថ្នាក់លើឧបត្ថម្ភក្នុងស្ថានភាពកូវីដ និងប្រើលេសបញ្ហាកូវីដដើម្បីទារលុយពីអាជីវករអ្នករកស៊ីជាដើម។

ជាមួយគ្នានេះមន្ត្រីបានទម្លាយរឿងរ៉ាវពាក់ព័ន្ធអំពើពុករលួយរបស់លោក សុខា រ៉ាម អភិបាលស្រុករំដួល ចំនួន ១៣ចំណុច ដូចខាងក្រោម៖

*១-កាត់ប្រាក់រង្វាន់មន្ត្រី មិនដែលបានផ្ដល់ជូនមន្ត្រីដើម្បីលើកទឹកចិត្ដរយៈពេល ៣ឆ្នាំ គិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

*២-ឈប់បើកលុយប្រេងសាំងឲ្យមន្ត្រីដែលក្រសួងតម្រូវឲ្យមានរបបសាំង គឺទុកចែកតែបក្ខពួក។

*៣-បំបាត់លុយសម្រាប់ឲ្យមន្ត្រីទិញសម្ភារការិយាល័យផ្សេងៗ (សម្រេចលើលោកនាយករដ្ឋបាលអ្នកចំណាយ)

*៤-កាត់លុយមន្ដ្រីក្នុងមួយខែចំនួន ១០,០០០រៀល រៀងរាល់ខែ អស់រយៈពេល ៤ឆ្នាំមកហើយ

*៥-តែងតាំងមន្ត្រីតាមបក្ខពួក និងលុយ បើចង់បានតំណែងជាប្រធានការិយាល័យត្រូវបង់លុយ ២០០ដុល្លារ តំណែងអនុប្រធានការរិយាល័យ ត្រូវបង់ ១៥០ដុល្លារ ដោយមានលោកនាយករដ្ឋបាលជាអ្នកប្រមូលលុយ និងអះអាងថាលុយទាំងអស់យកទៅជួយបក្ស។

*៦-បញ្ជាឲ្យអនុប្រធានការិយាល័យសុរិយោដីស្រុក ម្នាក់ដើគាបសង្កត់មេឃុំគ្រប់ឃុំ មិនឲ្យបញ្ចាក់លើឯកសារលក់-ទិញដីធ្លីនោះទេ ទោះបីដីលក់បានតម្លៃថោកក៏ដោយ ទាល់តែមានលុយរត់ការដល់សាលាស្រុកទើបអាចលក់-ទិញបាន

*៧-បញ្ជានាយករដ្ឋបាលស្រុកគាបក្រុមអ្នករកសុីជីកដី និងដឹកអាចម៍ដីលក់អោយសុំច្បាប់ម្ដងត្រូវបង់សេវាចំនួន ៣៥០,០០០រៀល និងសុំបន្ថែម ៦០០ដុល្លារទៀត បើមិនបង់តាមការទាមទារនោះទេ គឺលោកអភិបាលស្រុកចុះចាប់រហូត ខុសនេះ ខុសនោះ មិនចេះចប់

*៨-ទាមទារប្រាក់ចំណេញគិតជាភាគរយពីក្រុមអ្នកម៉ៅការណាដែលដេញថ្លៃបានពីគម្រោងអភិវឌ្ឍក្នុងឃុំ និងស្រុក

*៩- គំរាមដកមន្ដ្រីពីដំណែងពិសេសលោកមេឃុំគ្រប់ឃុំ បើមិនធ្វើតាមខ្លួនបញ្ជា។

*១០-បំបាត់លុយរបស់សម្ដេចតេជោ ដែលឧបត្ថម្ភដល់ការហូបចុកប្រចាំថ្ងៃរបស់កងកម្លាំងការពារមណ្ឌលចត្ដាឡីស័ក និងពលករដែលធ្វើចត្តាឡីស័ក ដោយធ្វើរបាយការណ៍បំបោងលើសចំនួនពលករដែលកំពុងចត្តាឡីស័កជាក់ស្តែង ហើយឡើងទៅបើកលុយសម្តេចយកមកចែកគ្នាចាយ (ជាក់ស្តែងពលករកំពុងចត្តាឡីស័ក គឺមានតែ ០១នាក់ តែពេលធ្វើរបាយការណ៍ លោកអភិបាលស្រុកឲ្យដាក់ជាង ៣០នាក់)។

*១១-យកលុយរបស់សម្តេចតេជោ ឧបត្ថម្ភថ្លៃអាហារ ជូនកងកម្លាំងការពារមណ្ឌលចត្តាឡីស័ករហូតមក គឺលោកអភិបាលស្រុក មិនដែលបានទូទាត់ជូនកងកម្លាំងនោះទេ ហើយលុយថ្លៃអាហាររបស់បងប្អូនពលករធ្វើចត្តាឡីស័ក បើកឲ្យមិនគ្រប់ចំនួនថែមទៀត និងជាពិសេសគឺនៅឃុំមុឺនជ័យ និងឃុំស្វាយចេក គឺមានលោកនាយករដ្ឋបាលសាលាស្រុកជាអ្នកកាន់កាន់លុយ តាមបញ្ជារបស់លោកអភិបាលស្រុក។

*១២- ស៊ីលុយឈ្នួល រថយន្ដដឹកកម្មករមកពីថៃទៅតាមឃុំភាគច្រីនឲ្យខាងលោកមេឃុំចេញពាក់កណ្ដាល ខាងសាលាស្រុកមិនមានលុយចេញទេ ហើយសមត្ថកិច្ចដែលមកយាមពលករមកពីប្រទេសថៃតាមឃុំនាយករដ្ឋបាលមិនដែលទូទាត់ប្រាក់ឧបត្ថម្ភឲ្យទេ។

*១៣-លុយ និងសម្ភារផ្សេងៗដែលសប្បុរសជនឧបត្ថម្ភទៅរដ្ឋបាលស្រុកដើម្បីចូលរួមការងារទប់ស្កាត់ជំងឺកូវីដ គឺលោកអភិបាលស្រុក និងលោកនាយករដ្ឋបាល សាលាស្រុក ស៊ីដាច់រហូត ចំណែកគ្រឿងសម្ភារដោះស្រាយការហូបចុកដែលសប្បុរសជនឧបត្ថម្ភមកគឺយកទុកក្នុងឃ្លាំង មិនព្រមយកទៅដោះស្រាយការហូបចុកជូនកងកម្លាំងដែលពាក់ព័ន្ធនោះទេ សូម្បីជំនួយឧបត្ថម្ភរបស់លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ដែលឧបត្ថម្ភសម្រាប់ការងារទប់ស្កាត់ជំងឺកូវីដ ក៏លោកអភិបាលស្រុកមិនដែលយកទៅដោះស្រាយការហូបចុកជូនកងកម្លាំង និងមន្ត្រីកំពុងបំពេញបេសកកម្ម ដែលពួកគាត់ដេកយាមហាលក្តៅ ហាលភ្លៀងដែរ។

ពាក់ព័ន្ឋទៅនឹងការចោទប្រកាន់ខាងលើ លោក សុខា រ៉ាម អភិបាលស្រុករំដួល បានប្រាប់អ្នកសារព័ត៍មានឲ្យដឹងនៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២១ថាលោកមិនបានប្រព្រឹត្ដទង្វើទាំងអស់នោះឡើយហើយរឿងនេះជារឿងមិនពិតនោះទេ។សព្វថ្ងៃលោកមានតែចំណាយលុយផ្ទាល់ខ្លួន សម្ភារ សម្រាប់ផ្គត់ផ្គង់ជូនកងកម្លាំងថែមទៀតផង។

ចំពោះថវិកាសម្រាប់កម្លាំងការពារមណ្ឌលចត្តាឡីស័កនេះ បើតាមសមត្ថកិច្ចម្នាក់បានឲ្យដឹងថាពុំដែលទទួលថវិកាពីរដ្ឋបាលស្រុករំដួលទេគឺពួកគាត់បានខិតខំយាមទាំងយប់ទាំងថ្ងៃសូម្បីការស្នើអង្ករនិងគ្រឿងហូបចុកពីអភិបាលស្រុកក៏មិនដែលបាននោះដែរគឺលោកអភិបាលស្រុកបានឲ្យទៅសុំពីលោកអធិការនគរបាលស្រុករំដួលទៅវិញ ចុះគ្រឿងឧបភោគបរិភោគដែលមានការជួយឧបត្ថម្ភពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងយកទៅណាម្ដេចមិនឲ្យកងកម្លាំងហូបផង?

ទោះបីយ៉ាងណាមន្ត្រីមួយចំនួននៅស្រុករំដួលព្រមទាំងអាជីវកររកស៊ីបានស្នើដល់សម្ដេចក្រឡាហោមស ខេងក៏ដូចជាអភិបាលខេត្តស្វាយរៀងមេត្តាពិនិត្យមើលទង្វើនៃការដឹកនាំរបស់លោកអភិបាលស្រុករំដួលរូបនេះផងព្រោះធ្វើឲ្យមន្ត្រីមួយចំនួនថ្នាំងថ្នាក់ខ្លាំងណាស់គួរតែចុះស្រាវជ្រាវ។

To Top