ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវ ឲ្យពលរដ្ឋបើកបរ គោរពច្បាប់ខណៈក្នុងខែកក្កដា មនុស្សជាង១០០នាក់ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋបើកបរ គោរពច្បាប់ចរាចរណ៍ ខណៈក្នុងខែកក្កដា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ២០៨លើក បណ្តាឲ្យមនុស្សស្លាប់ ១០៧នាក់ និងរងរបួសធ្ងន់ ស្រាល ២៨២នាក់ផងដែរ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា ខែកក្កដា ឆ្នាំ២០២១ អត្រាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ និងរងរបួសមានការថយចុះ បើប្រៀបធៀប នឹងខែកក្កដា ដូចគ្នាឆ្នាំ២០២០ ប៉ុន្តែវាជាការគួរឲ្យព្រួយបារម្ភ ចំពោះ អត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការកើនឡើង បើប្រៀបធៀប នឹងខែមិថុនា ឆ្នាំ២០២១កន្លងទៅ ។

សម្ដេច មានប្រសាសន៍ថា «របាយការណ៍របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបង្ហាញថា ក្នុងខែកក្កដាឆ្នាំ២០២១នេះ គ្រោះថ្នាក់ ចរាចរណ៍ បានកើតឡើង២០៨លើក ក្នុងនោះគ្រោះថ្នាក់ កើតមានឡើង នៅពេលយប់មាន៥៨ភាគរយ ដែលបណ្តាឲ្យមនុស្ស ស្លាប់ចំនួន១០៧នាក់ និងរងរបួសធ្ងន់ស្រាល មានចំនួន២៨២នាក់ ។ ទិន្នន័យនេះបើប្រៀបធៀប នឹងខែកក្កដាឆ្នាំ២០២០ គឺចំនួនអ្នកស្លាប់មានការថយចុះ ៤០នាក់ស្មើនឹង២៧ភាគរយ រីឯអ្នករងរបួសគឺថយចុះ៧០នាក់ស្មើ នឹង២០ភាគរយ»។

សម្ដេច បន្ដថា ប៉ុន្តែបើធ្វើការព្រៀបធៀប គ្រោះថ្នាក់ចរាចរណ៍ ក្នុងខែមិថុនា ឆ្នាំ២០២១នេះ វិញ គឺចំនួនអ្នកស្លាប់បានកើនឡើង ១៤នាក់ស្មើនឹង១៥ភាគរយ និងចំនួនអ្នករងរបួស៣៩នាក់ស្មើនឹង១៦ភាគរយ ។

សម្ដេចរៀបរាប់ថា មូលហេតុដែលបង្ក ឲ្យមានគ្រោះថ្នាក់ទាំងនេះ គឺបណ្តាលមកពីការបើកបរ ដោយល្បឿនលឿន មាន៣៧ភាគរយ ការមិនគោរពសិទ្ធិ មាន២២ភាគរយ ការមិនប្រកាន់ស្តាំ១៧ភាគរយ ការវ៉ាជែងមាន១០ភាគរយ បើកបរដោយស្ថាន ភាពស្រវឹងមាន៥ភាគរយ និងកត្តាយានយន្តមាន១ភាគរយ ។

ចំណែកឯភូមិសាស្រ្ត ដែលមានគ្រោះថ្នាក់ច្រើន គឺនៅរាជធានីភ្នំពេញ មានចំនួន៦៦លើក នៅខេត្តកណ្តាល១៦លើក និងនៅខេត្តស្វាយរៀង១៥លើក។

សម្ដេច បញ្ជាក់ទៀតថា «ខ្ញុំសូមអំពាវនាវដល់បង ប្អូនជនរួមជាតិ ជាពិសេសអ្នកបញ្ជាយាន យន្តទាំងអស់ សូមមេត្តាប្រកាន់ខ្ជាប់នូវស្មារតី បើកបរដោយការគោរពច្បាប់ ចរាចរណ៍ និងប្រុងប្រយ័ត្ន គ្រប់ពេលវេលា ដើម្បីចៀសផុតគ្រោះថ្នាក់ដល់ខ្លួនយើង គ្រួសារយើង អ្នករួមដំណើរជាមួយយើង និងសង្គមជាតិយើង» ៕

To Top