ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់ និងញែកសំរាមតាមប្រភេទ ជៀសវាងបោះសំរាម ចោលផ្តេសផ្តាសដែលឈានទៅធ្វើឲ្យប៉ះពាល់សោភណ្ឌភាព និងផាសុកភាពសង្គម ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានឲ្យដឹងថា ដើម្បីពង្រឹងសមត្ថភាពមន្ត្រី មូលដ្ឋាន ក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួង បន្តគាំទ្ររដ្ឋបាលមូលដ្ឋាន តាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែម ដើម្បីឈានឆ្ពោះទៅរកការគ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ក្រសួងបញ្ជាក់ថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ជៀសវាងការបោះសំរាមចោលផ្តេសផ្តាស ដែលធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាព និងផាសុកភាពសង្គម»។
ជាងនេះទៅទៀត ក្រសួងបរិស្ថាន ក៏បានបំពាក់ឡដុតសំរាមសំណល់រឹង ចំនួន៥០គ្រឿង ទៅដល់២១រាជធានី-ខេត្ត ស្មើនឹង ៤៩ស្រុក បានការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណ ល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។
ក្រោយមានកិច្ចអន្តរាគមន៍ពី ក្រសួងបរិស្ថាន កន្លងមក ក្រសួងសង្កេតឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិ មួយចំនួន កំពុងអនុវត្តគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន បានយ៉ាងល្អប្រសើរ រួមមាន៖ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ,ក្រុងព្រៃវែង និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ,ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ទន្ទឹមនឹងនេះដែរមាន ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ,ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ,ស្រុកស្នួល ខេត្តក្រចេះ ,ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី កំពុងឈានឆ្ពោះទៅរកការ គ្រប់គ្រងសំរាមសំណល់រឹង ប្រកបដោយប្រសិទ្ធភាព ក្នុងពេលអនាគតខាងមុខ៕