ព័ត៌មានជាតិ

អបអរសាទរ ! សុនខក្រុមទី១ ចំនួន៣ក្បាល អាចហិតរកឃើញក្លិន សំណាកកូវីដ១៩ ប្រកបដោយជោគជ័យ (Video)

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា សុនខក្រុមទី១ចំនួន ៣ក្បាល ដែលបានហិតរកឃើញ ក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺន ស្រាវជ្រាវបឋម ។

ក្នុងឱកាសចុះទៅពិនិត្យ និងវាយតំលៃការងារសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកទេសសុនខ ហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោក ហេង រតនា បានឲ្យដឹងថា ក្រោយទទួលសំណាកក្លិន (VOC) ពីអ្នកជំងឺកូវីដ១៩ ចំនួន ៤៨សំណាក ពីក្រុមការងារបច្ចេកទេសនៃ សាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ដែលសំណាកទាំង៤៨ បានឆ្លងកាត់ ត្រួតពិនិត្យ PCR និងការបណ្តុះមេរោគ(cell culture) ដើម្បីធានាសុវត្ថិភាពសំណាក ក្នុងការបំរើការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខស៊ីម៉ាក់ បានដំណើរការហ្វឹកហ្វឺនសុនខ ហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ នេះតាមផែនការ ។

លោក ហេង រតនា បញ្ជាក់ថា «សូមអបអរសាទរចំពោះសុនខក្រុមទី១ចំនួន ៣ក្បាលដែលបានហិត រកឃើញ ក្លិនសំណាកនៃអ្នកជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺន ស្រាវជ្រាវបឋមនេះ ។ រីឯសុនខក្រុមទី២ ចំនួន ៧ក្បាលទៀត កំពុងមានវឌ្ឍនភាព គួរឲ្យកត់សំគាល់។ ជាលក្ខណៈបច្ចេកទេសសុនខ អាចហិតរកឃើញ ក្លិនសំណាកក្នុងរយៈពេលប្រមាណតែ ១០-១៥វិនាទី» ។

លោកបន្ថែមថា ការប្រើប្រាស់សុនខហិត អ្នកផ្ទុកវីរុសកូវីដ១៩ មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្ស ប្រមូលផ្តុំច្រើនដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម ។

លោកបានរំលឹកជូនថា ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ ជាគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ក្នុងការរិះរកគ្រប់មធ្យោបាយ និងលទ្ធភាព ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ។ លោកថា ជាមួយនេះដែរ បើផ្អែកតាមអ្នកជំនាញ មិនទាន់មានភស្តុតាង ផ្លូវការណាមួយ បញ្ជាក់ថា មានការឆ្លងវីរុសកូវីដ១៩ ពីមនុស្សទៅសុនខឡើយ។

លោក ហេង រតនា គូសបញ្ជាក់ថា សុនខទាំងនេះកើតនៅកម្ពុជា និងបានបង្វឹក ដោយគ្រូជំនាញសុនខកម្ពុជា ៕

To Top