ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះប្រទេសចិន ក្នុងជួយផ្ដល់ជាជំនួយសុខាភិបាល និងវ៉ាក់សាំង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា ទាំងដែលប្រទេសចិន មិនទាន់បានបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន។
នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ សីហានេះ សម្ដេច ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «សូមកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះមិត្តចិន ដែលបាននិងកំពុងជួយកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈជំនួយសុខាភិបាលនានា ជាពិសេស ការផ្គត់ផ្គង់វ៉ាក់សាំងបានគ្រប់គ្រាន់ និងទាន់ពេលវេលា ទោះបីជា មិត្តចិនមិនទាន់បានបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាជន របស់ខ្លួនក៏ដោយ»។
សូមរំលឹកថា ថ្មីៗនេះ ស្ថានទូតចិនប្រចាំកម្ពុជា ក៏បានឱ្យដឹងថា ដរាបណាជំងឺវីរុសកូវីដ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយ របស់ចិនមកកម្ពុជាក៏មិន អាចបញ្ឈប់បានឡើយ
ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជា បានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូ សម្រាប់កិច្ចសហប្រតិបត្តិការ ទប់ស្កាត់ជំងឺវីរុស ក្នុងសហគមន៍អន្តរជាតិ។ ចាប់តាំងពីដើម ឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដ ដល់កម្ពុជាសរុប១៨.៧លានដូស ក្នុងនោះ៣.២លានដូស ជាជំនួយឥតសំណង និង១៥.៥លានដូស ជាការបញ្ជាទិញ របស់ភាគីកម្ពុជា។
ក្នុងពេលឆាប់ៗនេះ ភាគីចិននឹងផ្តល់ជំនួយ ជាសម្ភារៈបន្ទាន់ជូនភាគីកម្ពុជា សម្រាប់កិច្ចទប់ស្កាត់ ជំងឺវីរុស ដែលមានតម្លៃ សរុបជាង២០លានយ័ន ក្នុងនោះរួមមានម៉ាស៊ីន អុកស៊ីសែន សម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំង នឹងជំងឺវីរុស៕
