ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ណែនាំមិនឲ្យគិតថ្លៃ ធ្វើតេស្ដរហ័ស ជូនពលរដ្ឋ តាមមូលដ្ឋាន សុខាភិបាល សាធារណៈ (Video)

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំអភិបាលរាជធានី-ខេត្ត និង នាយកមន្ទីពេទ្យជាតិ និងប្រធាន មជ្ឈមណ្ឌលជាតិ មិនគិតថ្លៃធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ ១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

ការណែនាំនេះធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនឲ្យគិតថ្លៃធ្វើតេស្ដរហ័ស រកមេរោគកូវីដ-១៩ ពី ប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវា នៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈ ។

យោងតាមលិខិត របស់ក្រសួងសុខាភិបាល នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា «ក្រសួងសុខាភិបាល ស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី ធ្វើការណែនាំបន្ថែម ដល់បណ្តាអង្គភាព និងបុគ្គលិក សុខាភិបាលក្រោមឱវាទ ស្ដីពីការមិនគិតថ្លៃសេវាធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ ពីប្រជាពលរដ្ឋ មកទទួល សេវានៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈឡើយ»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៩,៦៣៤នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន ៧២,៨០៣នាក់ និងអ្នកស្លាប់ចំនួន ១,៤៨៨នាក់ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top