ភ្នំពេញ ៖ ក្នុងនាមជាអតីតមន្រ្តី សំខាន់មួយរូប របស់អតីតគណបក្សសង្រ្គោះជាតិ (CNRP)ប្រចាំអាមេរិក និងធ្លាប់ជានិពន្ធ នាយកវិទ្យុអាស៊ីសេរី ជាខេមរភាសាលោក ពីន សំខុន បានប្រកាសចូលរួមក្នុងជីវភាព នយោបាយ ជាមួយគណបក្សកែទម្រង់កម្ពុជា ដែលមានលោក អ៊ូ ច័ន្ទរ័ត្នជាស្ថាបនិក និងលោក ប៉ុល ហំម ជាប្រធាន ។
លោក ពីន សំខុន ក្រៅពីធ្លាប់កាន់តួនាទីដូចខាងលើនេះ លោកក៏ជាអ្នកសារព័ត៌មាន ហើយបានធ្វើជាប្រធាន សមាគមអ្នកកាសែតខ្មែរ កាលពីជាង៣០ឆ្នាំមុន ។ បច្ចុប្បន្នលោក ក៏បានបោះពុម្ភកាសែត ជាភាសាខ្មែរនៅអាមេរិកផងដែរ ។ នេះបើតាមលោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៤ សីហា ។
យោងតាមលិខិតរបស់លោក ពីន សំខុន នាថ្ងៃ៣ សីហា បានឲ្យដឹងថា “ខ្ញុំបានសម្រេចចិត្ត ដោយមិនរារែក ជ្រើសយកការគាំទ្រគណបក្សថ្មីមួយ ដែលមានឈ្មោះថា គណបកែទម្រង់កម្ពុជា ដែលមានរូបសញ្ញាក្បាលដំរី កាន់ផ្កាឈូក ដែលជាសញ្ញាខ្ញុំធ្លាប់ប្រកាន់យក តាំងពីឆ្នាំ១៩៩៣មក” ។
លោកថា កម្ពុជានឹងក្លាយជាប្រទេសប្រជាធិបតេយ្យ សេរី មានគណបក្សច្រើន តំណាងដោយអ្នកមាន កេរ្តិ៍ឈ្មោះឆ្នើម និងគួរឲ្យគោរពចេញ មកប្រឡូកចង់ឈ្នះ ក្នុងថ្នាលនយោបាយថ្មី នៅអាណត្តិឆ្នាំ២០២២-២០២៣ខាងមុខ ៕