ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ាន ជាមួយសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី៤ សីហា កម្ពុជា បានទទួលតួនាទី ជាប្រទេសសម្របសម្រួល របស់អាស៊ាន សម្រាប់ទំនាក់ទំនង សន្ទនាអាស៊ាន-រុស្ស៊ី បន្តពីឥណ្ឌូនេស៊ី សម្រាប់ឆ្នាំ២០២១-២០២៤ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង ការបរទេស នៅថ្ងៃទី៥ សីហានេះ បានឲ្យដឹងបន្តថា កិច្ចប្រជុំបានកត់សម្គាល់ នៃការបញ្ចប់កិច្ចចរចា លើផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជា ដៃគូយុទ្ធសាស្ត្រអាស៊ាន- រុស្ស៊ី (២០២១-២០២៥) និងបានសង្កត់ធ្ងន់ អំពីភាពចាំបាច់ក្នុងការ ធ្វើកិច្ចសហការបន្ថែមទៀត ស្តីពីការត្រៀមលក្ខណៈទុកជាមុន និងឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ក្រោយជំងឺរាតត្បាត។
អាស៊ាន និងរុស្ស៊ី បានកត់សម្គាល់ សំណើរបស់រុស្ស៊ី ក្នុងការរៀបចំកិច្ចប្រជុំកំពូល អាស៊ាន-រុស្ស៊ីលើកទី៤ នៅចុងឆ្នាំនេះ ដើម្បីរំលឹកខួប ២៥ឆ្នាំ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី និងបានស្វាគមន៍ការកំណត់ឆ្នាំ២០២២ ជា «ឆ្នាំសម្រាប់កិច្ចសហប្រតិបត្តិកា រវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឧស្សាហកម្មអាស៊ាន- រុស្ស៊ី»។ កិច្ចប្រជុំ ក៏បានពិភាក្សាផងដែរអំពីការ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ និងការគំរាមកំហែង ដោយគ្រឿងញៀន និងការជំរុញកំណើន តាមរយៈវិស័យទេសចរណ៍។
នៅក្នុងកិច្ចប្រជុំនេះ កម្ពុជាបានទទួលតួនាទីជា ប្រទេសសម្របសម្រួល របស់អាស៊ាន សម្រាប់ទំនាក់ទំនងសន្ទនា អាស៊ាន-រុស្ស៊ី បន្តពីប្រទេសឥណ្ឌូនេស៊ី សម្រាប់ឆ្នាំ២០២១-២០២៤ ។ កម្ពុជាបានអះអាងជាថ្មី អំពីការត្រៀម លក្ខណៈរួចរាល់ ក្នុងការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង អាស៊ាន-រុស្ស៊ី និងធ្វើកិច្ចសហប្រតិបត្តិការ នៅក្នុង វិស័យនានាដែលអាចអនុវត្តបាន និងបានលើកទឹកចិត្តឱ្យ មានការតភ្ជាប់សេដ្ឋកិច្ច បន្ថែមទៀត តាមរយៈកម្មវិធី កិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (ASEAN-EAEU) ឆ្នាំ២០២០-២០២៥ និងផែនការ សកម្មភាពគ្រប់ជ្រុងជ្រោយថ្មី ឆ្នាំ២០២១-២០២៥ ៕