ព័ត៌មានជាតិ

ស្នងការដ្ឋាន​ នគរបាលខេត្តបន្ទាយមានជ័យ ដុតកម្ទេចកាំភ្លើងកែច្នៃ ១៤០ដើម ដែលដកហូតពីពលរដ្ឋ ប្រព្រឹត្តបទល្មើសកន្លងមក

ខេត្តបន្ទាយមានជ័យ ៖ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីធ្វើការដុត កម្ទេចកាំភ្លើងកែឆ្នៃជាង១៤០ ដើម ដែលកាំភ្លើងទាំងនេះ គឺដកហូតបានជាបន្តបន្ទាប់ ពីអ្នកល្មើសច្បាប់ កាលពីព្រឹកព្រឹកថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២១។

លោកឧត្តមសេនីត្រី ប៊ុន ផេង ស្នងការរង ទទួលការងារអាវុធជាតិផ្ទុះនិងអគ្គីភ័យបានថ្លែងថា កាំភ្លើងដែលបានដុតចោលថ្ងៃនេះ គឺជាកាំភ្លើងកែច្នៃពីឈើ មានដូចជាបាញ់គ្រាប់កិប ខ្លះប្រើខ្យល់បាញ់គ្រាប់កង់ និងកាំភ្លើងស្នាកេះ មានចំនួនសរុប១៤០ ដើម ។ កំភ្លើងទាំងនេះ គឺបានប្រមូលពីប្រជាពលរដ្ឋទាំង 9 ស្រុក/ក្រុងក្នុងខេត្ត ដែលប្រព្រឹត្តបទល្មើស និងអ្នករក្សាទុកដើម្បីបាញ់កណ្ដុរសត្វផ្សេងៗ តាំងពីឆ្នាំ២០១៧ ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

ផ្ទាំងពាណិជ្ជកម្ម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការដុតកម្ទេចកាំភ្លើងកែឆ្នៃថ្ងៃនេះ គឺជាការរួមចំណែក ធ្វើយ៉ាងណាឱ្យភូមិឃុំ តាមមូលដ្ឋានមានសុវត្ថិភាព គ្មានបទល្មើស លួចឆក់ ប្លន់ និងអំពើល្មើសច្បាប់ផ្សេងៗ នៅក្នុងមូលដ្ឋានជូនពលរដ្ឋនិងសង្គម។

លោកស្នងការ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងឡាយ បើមានការច្នៃផលិត ឬរក្សាទុកកាំភ្លើងកែឆ្នៃ ឬគ្រាប់យុទ្ធភណ្ឌផ្សេងៗ ត្រូវសហការ និងប្រគល់ជូនសមត្ថកិច្ច ក្នុងករណីរកឃើញថា មានបទល្មើសនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ ៕

To Top