ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅកងទ័ព ឱ្យបញ្ចេញរថយន្ត ចំនួន២០០គ្រឿង សម្រាប់ដឹកជញ្ជូនពលករខ្មែរដែលបាន ធ្វើចត្តាឡីស័ក រយៈពេល ១សប្ដាហ៍រួចមកហើយនៅតាមបណ្ដាខេត្តជាប់ព្រំដែន ឱ្យមកបន្តធ្វើចត្តាឡីស័កបន្ថែមទៀតនៅតាមបណ្ដាខេត្តជាស្រុកកំណើតរបស់ពួកគេ។
តាមរយៈសារជាសំឡេងនារសៀលថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កិច្ចការទីពីរ គឺសុំឱ្យកងអង្គភាពដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ ហើយត្រូវបញ្ជូនរថយន្តបន្ថែមទៅពីខាងក្រោយដែលត្រៀមរៀបចំប្រមាណជា២០០គ្រឿង ដឹកជញ្ជូនបងប្អូនដែលបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលតាមព្រំដែនកម្ពុជា-ថៃ ចំនួន៧ថ្ងៃ រួចមកហើយនោះ ត្រូវដឹកជញ្ជូនបងប្អូនទាំងនេះ ចូលមកកាន់ខេត្តខាងក្រោយប្រគល់ឱ្យខេត្ត និងរាជធានីខាងក្រោយដើម្បីឱ្យបន្តធ្វើចត្តាឡីស័កនៅខាងក្នុង»។
សម្ដេចតេជោ បញ្ជាក់ថាការសម្រេចបែបនេះ គឺដើម្បីផ្ដល់ទីកន្លែងចត្តាឡីស័កទៅដល់ពលករខ្មែរថ្មីទៀត ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ឆ្លងដែនមកដល់ប្រទេសកំណើតវិញ។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានចេញបញ្ជាបែបនេះ បន្ទាប់ពីបានទទួលដំណឹងថា ពលរដ្ឋខ្មែរកាន់តែច្រើន បានសម្រុកវិលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកំណើតវិញនាពេលថ្មីៗ ក្រោយបាត់បង់ការងារធ្វើ បន្ទាប់ពីប្រទេសថៃ កំពុងឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ រឹតតែធ្ងន់ធ្ងរឡើងៗ៕